ប្រធានាធិបតី​អាមេរិក​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ី

  • Luis Ramirez

Your browser doesn’t support HTML5

ប្រធានាធិបតី​អាមេរិក​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ី

លោក​ប្រធានាធិបតី​ Barack Obama​ នឹង​ចាប់​ផ្តើម​ទស្សនកិច្ចមួយ​សប្តាហ៍​ទៅ​ទ្វីប​អាស៊ី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ធានា​ជា​ថ្មី​ដល់​សម្ព័ន្ធមិត្តរបស់​អាមេរិក​នៅ​ក្នុង​តំបន់។​ លោក​ អូបាម៉ា​ នឹង​អញ្ជើញ​ទៅ​ប្រទេស​ ជប៉ុន កូរ៉េ​ខាង​ត្បូង​ ម៉ាឡេស៊ី​ និង​ ហ្វ៊ីលីពីន។​

ប្រទេស​ចិន​មិន​មាន​នៅ​ក្នុងដំណើរទស្សកិច្ច​ទេ​ តែ​ដោយ​ចិន​កំពុង​ខំ​កាន់កាប់ភាគ​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​កើត​និង​ខាង​ត្បូង ក្រុងប៉េកាំង​មាន​ជាប់​ក្នុង​គំនិត​របស់​លោក​ អូបាម៉ា​ និង​សម្ព័ន្ធមិត្ត ដែល​លោក​ទៅ​ទស្សនា។​

ការ​កាត់​បន្ថយ​យោធា​របស់​អាមេរិកកំពុង​ធ្វើ​ឲ្យ​ដៃគូ​ក្នុង​តំបន់​ព្រួយ​បារម្ភ​អំពី​ការ​ប្តេជ្ញារបស់​ក្រុងវ៉ាស៊ីនតោនក្នុង​ការ​ពារ​ពួក​គេ។​

អ្នក​វិភាគ​ Bruce Klingner​ ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​លោកប្រធានាធិបតី អូបាម៉ា​ នឹង​ធានា​យ៉ាង​ច្បាស់លាស់​ដល់​សម្ព័ន្ធមិត្ត​ថា​ យើង​នៅ​អាច​រត់​លឿន​ និង​អាច​លោត​ខ្ពស់​បាន​ដូច​មុន​ តែ​គេ​ជឿ​ឬ​មិន​ជឿជា​រឿង​មួយទៀត។​ សម្ព័ន្ធ​មិត្ត​និង​សត្រូវ​យើង​អាច​មើល​ឃើញចំនួន​ថវិការបស់​យើងបាន​ដូច​យើង​ដែរ»៕​

លោក​ប្រធានាធិបតី​នឹង​ឈប់​នៅ​ប្រទេស​ ជប៉ុន​ ម៉ាឡស៊ី​ និង​ ហ្វ៊ីលីពីន​ ដែល​មាន​ជម្លោះ​ដែន​ទឹក​ជា​មួយ​ចិន។​

​ក្រោយ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ថ្មីៗ​នេះ​ លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ Chuck Hagel​ ថ្លែងថា​ សរអា​មិន​ទុក​ចិន​ជាសត្រូវ​ទេ​ តែ​រដ្ឋបាល​មើល​ឃើញ​ប្រទេស​ចិន​ ដែល​កំពុង​ពង្រីក​កង​យោធា​ថាអាច​ជា​ការ​គំរាម​មួយ។

សេចក្តី​សម្រេច​របស់​ក្រុងវ៉ាស៊ីនតោន​ មិន​វាយ​ប្រហារ​កង​កម្លាំង​ស៊ីរី​ ឬ​ផ្តល់​ជំនួយ​យោធា​ច្រើន​ទៅ​ឲ្យ​ Ukraine​ បាន​ចោទ​សំណួរ​ថា​តើ​សរអា​នឹង​ចេញ​ទៅ​ការពារ​សម្ព័ន្ធមិត្ត​អាស៊ីដែរ​ឬ​ទេ។​

Ely Ratner​ ជា​អ្នកវិភាគ​រឿង​អាស៊ី​នៃ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិកាំងថ្មី៖ «ពិត​ជា​មាន​ការ​ពិភាក្សា​និង​សំណួរ​ជាច្រើន​អំពី​ឥទ្ធិពល​របស់​សរអា​ទាក់​ទង​នឹង​សកម្មភាព​នៅស៊ីរី និង​អ៊ុយក្រែន។​ ទស្សនកិច្ចនេះ​គឺ​ពិត​ជា​មាន​ន័យ​ចង់​បញ្ជូន​សារ​ថា​ អាមេរិកនៅ​មាន​សេចក្តី​សន្យា​និង​មាន​កម្លាំង​នៅ​អាស៊ី»។​

សារ​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​ចំពោះ​ប្រទេសជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្តចម្បង​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ និង​ជា​កន្លែង​ឈប់​ទី​មួយ​របស់​លោក​ប្រធានាធិបតី។​ លោក​អូបាម៉ានឹង​ធ្វើការដើម្បី​ពន្លឿន​ការ​ចរចាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តំបន់មហាសមុទ្រប៉ាស៊ីហ្វ៊ីក TPP។

ពាណិជ្ជកម្ម​ក៏​ជារបៀបវារៈនៅកន្លែង​ឈប់​ទី​ ២​ នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​ដែរ។​ លោក​នឹង​ចរចា​អំពីកូរ៉េ​ខាង​ជើង នឹង​ជួយ​បន្ថយ​ភាព​តាន​តឹង​រវាង​ក្រុងសេអ៊ូលនិង​តូក្យូ​ ​ដែលចុះ​ដុន​ដាប​ដោយសារ​អនុស្សាវរីយ៍​អំពើ​ឃោរឃៅ​របស់​ជប៉ុន​នៅ​ដើម​សតវត្សរ៍​ទី២០។​

លោក​ អូបាម៉ា​ ជា​ប្រធានាធិបតី​ទី​មួយ​ដែលនឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រទេស​ ម៉ាឡេស៊ី​ តាំង​ពី​ឆ្នាំ​១៩៦៦។​

កន្លែង​ឈប់​ចុង​ក្រោយ​គឺ​ប្រទេស​ហ្វ៊ីលីពីន​ កន្លែង​ដែល​អាមេរិក​បាន​បិទ​មូលដ្ឋានអចិន្ត្រៃយ៍​របស់​ខ្លួន​កាល​ពី​ច្រើន​ទសវត្សរ៍​មុន​ តែ​កំពុងចរចា​អំពី​ការ​ផ្លាស់វេណ​ទ័ព​ យន្តហោះ​ និង​នាវា​ចម្បាំងចូល​ប្រទេស​នេះ​វិញ៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត