អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ជួប​លោក​ប្រធានាធិបតី

លោក​ Nguyen Phu Trong ​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។

លោក​ បារ៉ាក់ ​អូបាម៉ា ប្រធានាធិបតី​ស.រ.អា.​ទទួល​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​សេតវិមាននៅ​ថ្ងៃអង្គារ​នេះ ដែល​ជា​កិច្ច​ប្រឹងប្រែង​ចុង​ក្រោយ​បង្អស់​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ ដែល​ជា​អតីត​សត្រូវ​នឹង​គ្នា។

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Nguyen Phu Trong ​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយពី​ខួប​៤០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​វៀតណាម។ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ទំនាក់ទំនង​ជាធម្មតា​ឡើង​វិញ​កាលពី​២០​ឆ្នាំមុន ហើយកាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា នៅ​ពេល​មាន​សភាព​ការណ៍​តាន​តឹង​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​ការ​បង្កើន​សកម្ម​ភាព​របស់​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្តី​ថ្លែងការណ៍​របស់​សេត​វិមាន​និយាយ​ថា​ លោក​ប្រធានាធិបតី​អូបាម៉ា​ទន្ទឹង​រង់ចាំ​ការ​ពិភាក្សា​រក​វិធី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ។​ លោក​ប្រធានាធិបតី​ក៏​ស្វាគមន៍​ឱកាស​ពិភាក្សាបញ្ហា​មួយ​ចំនួន​ទៀត​ ដូចជា​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ Trans-Pacific Partnership បញ្ហា​សិទ្ធិ​មនុស្ស ​និង​កិច្ច​សហ​ប្រតិបត្តិការការពារ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ។​

លោក​ Trong គឺ​ជា​មេ​ដឹកនាំ​កំពូលរបស់​វៀតណាម ​ ប៉ុន្តែ​លោក​មិន​បាន​កាន់​តំណែង​ដោយ​ការ​បោះឆ្នោត​ទេ ហើយ​លោក​មិន​មាន​តួនាទី​ផ្លូវការ​ក្នុង​រដ្ឋាភិបាល​ទេ ​ដែល​ធ្វើ​ឲ្យ​ជំនួប​រវាង​លោក ​និង​លោក​ប្រធានាធិបតី​ជា​ជំនួប​ខុស​ប្រក្រតី។ ក្រុម​សិទ្ធិ​មនុស្ស ​និង​អ្នក​តាក់តែង​ច្បាប់​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​បន្ត​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​វៀតណាម​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ហើយ​ថា ​សេតវិមាន​មិន​គួរ​ទទួល​ជួប​លោក​ Trong ​ទេ៕