លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីស្វះស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តដើម្បីប្រឆាំងពួកជនសកម្មប្រយុទ្ធ Islamic State បន្ទាប់ពីលោកប្រធានាធិបតីអូបាម៉ា បានសន្យាដេញកម្ទេចពួកជ្រុលនិយមនៅគ្រប់ទីកន្លែង រួមទាំងក្នុងប្រទេសស៊ីរីផង។
លោក Kerry បានអញ្ជើញទៅដល់ទីក្រុង Jeddah នៅថ្ងៃព្រហស្បតិ៍នេះ ដែលនៅទីនោះ លោករដ្ឋមន្រ្តីការបរទេស មានគម្រោងធ្វើការចរចាជាមួយពួកមន្រ្តីមកពីប្រទេសអារ៉ាប់សំខាន់ៗមួយចំនួនហើយនឹងប្រទេសតួកគីផង។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា លោករដ្ឋមន្រ្តីការបរទេស Kerry ចង់ឲ្យមានកិច្ចខំប្រឹងប្រែងប្រសើរឡើងដើម្បីបញ្ឈប់លំហូរប្រាក់ទៅឲ្យក្រុមជ្រុលនិយមនោះ។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍នៅក្នុងសន្ទរកថាកាលពីយប់ថ្ងៃពុធថា លោកនឹងមិនស្ទាក់ស្ទើរបញ្ជាការវាយប្រហារតាមអាកាសប្រឆាំងទិសដៅនានារបស់ក្រុម Islamic State ក្នុងប្រទេសស៊ីរីដែលជាផ្នែកមួយនៃការពង្រីកយុទ្ធនាការដើម្បីកម្ទេចក្រុមភេរវកម្មនោះទេ។
លោកប្រធានាធិបតីអូបាម៉ា សង្កត់ពីការរួមវិភាគទានរបស់ដៃគូនានាដែលកំពុងផ្តល់ការស៊ើបការណ៍សម្ងាត់ជំនួយមនុស្សធម៌និងយន្តហោះ។
«នេះមិនមែនជាការប្រយុទ្ធរបស់យើងតែម្នាក់ឯងទេ។ មហាអំណាចអាមេរិក អាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក៏ប៉ុន្តែយើងមិនអាចធ្វើជំនួសជនជាតិអ៊ីរ៉ាក់ទេចំពោះអ្វីដែលពួកគេគួរតែធ្វើដោយខ្លួនឯង ហើយយើងក៏មិនអាចជំនួសដៃគូអារ៉ាប់របស់យើងក្នុងការធានាសន្តិសុខក្នុងតំបន់របស់ពួកគេដែរ។ ដោយហេតុដូច្នេះហើយបានជាខ្ញុំ ទទូចថា សហរដ្ឋអាមេរិកអាចបន្តសកម្មភាពទៀតដោយអាស្រ័យលើការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់មួយ រួមបញ្ចូលគ្រប់ភាគីទាំងអស់ ដែលឥឡូវនេះ ពួកគេបានធ្វើកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ ដូច្នេះនៅយប់នេះ ដោយមានរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មីមួយ ហើយបន្ទាប់ពីការពិគ្រោះជាមួយសម្ព័ន្ធមិត្តនៅបរទេសនិងសភានៅក្នុងអាមេរិកខ្ញុំ អាចប្រកាសថា អាមេរិក នឹងដឹកនាំសម្ព័ន្ធមិត្តដ៏ធំមួយដើម្បីកាត់បន្ថយការគំរាមកំហែងភេរវកម្មនេះ។»
លោកប្រធានាធិបតី អូបាម៉ា បានលាតត្រដាងយុទ្ធសាស្រ្ត៤ផ្នែកដែលរួមបញ្ចូលហួសពីការវាយប្រហារតាមអាកាសកាលពីខែមុនដើម្បីការពារផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។
សហរដ្ឋអាមេរិកក៏នឹងបញ្ជូនទីប្រឹក្សាយោធា៤៧៥នាក់ទៅកាន់ប្រទេសអ៊ីរ៉ាក់ដែរដើម្បីជួយគាំទ្រនិងហ្វឹកហាត់កងទ័ពអ៊ីរ៉ាក់និង Kurds ក៏ប៉ុន្តែលោកអូបាម៉ាបាននិយាយរំឭកឡើងវិញថា លោកនឹងមិនបញ្ជូនកងទ័ពប្រយុទ្ធអាមេរិកាំងណាម្នាក់ទៅកាន់ទីនោះទេ៕