អូបាម៉ា​ទទួល​បាន​ជ័យ​ជម្នះ​លើ​រឿង​ក្តី​កម្មវិធី​ថែទាំ​សុខភាព

ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដែល​អម​ដោយ​អនុ​ប្រធានាធិបតី​ Joe Biden ថ្លែង​នៅ​ឧទ្យាន Rose Garden នៅ​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​កំពូល​របស់​អាមេរិក។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​កាត់​សេចក្តី​ឲ្យ​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​នូវ​ជ័យជម្នះ​ដ៏​សំខាន់​មួយ​លើ​គូ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ច្រានចោល​ការ​ជំទាស់​ប្រឆាំង​ខាង​ផ្លូវ​ច្បាប់​ទៅ​លើ​ច្បាប់​ថែទាំ​សុខភាព​ថ្មី។ ក្រុម​អ្នក​រិះគន់​ប្រធានាធិបតី​អូបាម៉ា​បាន​រិះគន់​ច្បាប់​នោះ​ថា ​ជា​គោល​នយោបាយ​សង្គម​និយម។

តុលាការ​បាន​បោះឆ្នោត​៦​សំឡេង​ទល់​នឹង​៣​សំឡេង​ដើម្បី​បញ្ជាក់​ថា ​ច្បាប់​ថែទាំ​សុខភាព ​ដែល​គេ​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ក្នុងអាមេរិក​ថា «Obamacare‍‍» ​បាន​បន្ត​អត្ថប្រយោជន៍​ខាង​ការ​ធានា​រ៉ាប់រង​សុខភាព​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន។ ​កាល​ពី​ពេល​មុន មិន​អាច​មាន​ការ​ការពារ​នូវ​ការធា​នាបែប​នេះ​ក្នុង​តម្លៃ​សមរម្យ។

ក្រុម​អ្នក​ប្រឆាំង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​ថែទាំ​សុខភាព​បាន​ជំទាស់​ប្រឆាំង​ការ​បកស្រាយ​ច្បាប់​ដែល​ផ្តល់ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាលសហព័ន្ធ​ដល់​រដ្ឋ​នានា​ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​ទិញ​ការ​ធានា​រ៉ាប់រង​ខាង​សុខភាព។

ក្រុម​អ្នក​សង្កេតការណ៍​នៅ​ខាង​ក្រៅ​អាគារ​តុលាការ​កំពូល​បាន​ផ្ទុះ​ឡើង​នូវ​ការ​សើច​សប្បាយ​រីករាយ​នៅពេល​ដែល​ពួកគេ​បាន​ដឹង​ពី​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ។​ លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា ​បាន​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​ម៉ាស៊ីន​ថត​ទូរទស្សន៍​នៅ​ឯសេតវិមាន​ ៣​ទៅ​៤​នាទី​ក្រោយ​មក ​ដោយ​បាន​ហៅ​សេចក្តី​សម្រេច​ខាង​ផ្លូវ​ច្បាប់​នេះ​ថា ​ជា​ជ័យជម្នះ​របស់​ពលរដ្ឋ​អាមេរិកាំង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការ​បន្ត​ឈ្លោះ​ប្រកែក​លើ​បញ្ហា​ច្បាប់​ថែទាំ​សុខភាព​អាច​ក្លាយ​ទៅ​ជា​កត្តា​មួយ​នៅ​ក្នុង​យុទ្ធនាការ​នយោបាយនៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦។ បេក្ខជន​៣នាក់​ដើម្បី​ឲ្យ​បាន​ទទួល​ការ​តែង​តាំង​ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​ប្រកាស​ភ្លាមៗ​ កាល​ពី​ថ្ងៃ​សុក្រ​ថា ​ពួកគេ​មាន​បំណង​យក​ការ​ថែទាំ​សុខភាពនេះ​ធ្វើ​ជា​បញ្ហា​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​សំខាន់​មួយ ថ្វីបើ ​មាន​ការ​សម្រេច​របស់​តុលាការ​កំពូល​ក៏ដោយ៕