លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់សន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីពីស្ថានភាពសហព័ន្ធកាលពីថ្ងៃអង្គារ ដើម្បីជំរុញឲ្យសភាអនុម័តកងកម្លាំងថ្មីដើម្បីប្រឆាំងក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
ដោយបង្ហាញខ្លួននៅខាងមុខសភាទើបបង្កើតថ្មីដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋ លោកអូបាម៉ាបាននិយាយថា កងទ័ពចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីកំពុងបញ្ឈប់ក្រុមរដ្ឋអ៊ីស្លាមកុំឲ្យបន្តទៅមុខទៀត។ក៏ប៉ុន្តែលោកបានបន្តទៀតថា ការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនឹងត្រូវការការផ្តោតអារម្មណ៍និងចំណាយពេលវេលា។
ចំពោះបញ្ហាប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតីបានព្រមានថាលោក នឹងបោះឆ្នោតវ៉េតូប្រឆាំងសេចក្តីព្រាងច្បាប់នានាពីសភាដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី។ លោកអូបាម៉ានិយាយទៀតថា គ្មានការធានាអំពីការចរចារបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ហើយប្រទេសមហាអំណាច៥ផ្សេងទៀតរបស់ពិភពលោកនឹងបានទទួលជោគជ័យដើម្បីបង្កើតកិច្ចព្រមព្រៀងមួយស្តីពីកម្មវិធីនុយក្លែអ៊ែ ក៏ប៉ុន្តែនៅតែមាន«ឱកាស» ដើម្បីទទួលបានជោគជ័យ។ លោកប្រធានាធិបតីបានព្រមានថា ការអនុម័តការដាក់ទណ្ឌកម្មថ្មីមុនពេលការចរចាបានបញ្ចប់ នឹងធ្វើឲ្យការងារការទូតទទួលបរាជ័យ។
លោកបានបន្តទៀតថា ប្រជាពលរដ្ឋអាមេរិករំពឹងថារដ្ឋាភិបាលរបស់ខ្លួន «ការទៅធ្វើសង្គ្រាមគឺជាជម្រើសចុសក្រោយ» ហើយលោកមានគោលបំណងនឹងបន្តធ្វើវាឲ្យបាន។
សន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទី៧របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កើតមានឡើងនៅពេលដែលការស្ទង់មតិសាធារណៈបង្ហាញថា ប្រជាប្រិយភាពរបស់លោកកំពុងកើនឡើង។ នេះមកពីសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងរីកលូតលាស់ ដែលជាប្រធានបទមួយនៃសន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារ។ ក៏ប៉ុន្តែសំណើសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី រួមមានការយកពន្ធដារកាន់តែច្រើនលើជនអាមេរិកាំងមានទ្រព្យសម្បត្តិច្រើន ដើម្បីជួយពលរដ្ឋថ្នាក់កណ្តាល ហើយសំណើរនេះហាក់ដូចជាប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងសភាដែលទើបនឹងបង្កើតថ្មីដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋនោះ។
នៅក្នុងការឆ្លើយតបរបស់គណបក្សសាធារណរដ្ឋ លោកស្រី Joni Ernst សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមករដ្ឋ Iowa បានមានប្រសាសន៍ថា សភា ថ្មី ដែលត្រួតត្រាដោយគណបក្សរបស់លោកស្រីនឹងមានការផ្តោតការយកចិត្តទុកដាក់ជាថ្មី ដើម្បីដោះស្រាយការព្រួយកង្វល់របស់ប្រជាពលរដ្ឋអាមេរិក ដោយការផ្តួចផ្តើមផ្តោតលើការបង្កើតការងារនិងលុបចោលច្បាប់ថែទាំសុខភាពជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតីអូបាម៉ា។
ប្រទេសគុយបាជាប្រធានបទមួយទៀតដែលលោកប្រធានាធិបតីបានលើកឡើង។លោកបាននិយាយថា ការធ្វើឲ្យមានទំនាក់ទំនងខាងការទូតជាប្រក្រតីឡើងវិញជាមួយប្រទេសគុយបា ជាចំណាត់ការមួយដែលលោកបានប្រកាសកាលពីខែមុន ដែលកត់សម្គាល់ពីការបញ្ចប់នៃ«នយោបាយដែលហួសសម័យ«។ លោកបានអំពាវនាវដល់សភាឲ្យចាប់ផ្តើមធ្វើការនៅឆ្នាំនេះ ស្តីពីការបញ្ចប់ការដាក់ទ័ណ្ឌកម្មអស់រយៈពេល៥ទសវត្សរ៍របស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសកុម្មុយនិស្តមួយនេះ។
ក៏ប៉ុន្តែមិនមែនសមាជិកសភាទាំងអស់គាំទ្រការសម្រេចរបស់លោកប្រធានាធិបតីទេ រួមទាំងសមាជិកព្រឹទ្ធសភា Marco Rubio ខាងគណបក្សសាធារណរដ្ឋ ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតគុយបាមកពីរដ្ឋ Florida ដែលត្រូវបានគេឃើញថាមិនបានទះដៃនៅពេលដែលប្រធានាធិបតីអូបាម៉ា លើកឡើងពីប្រធានបទប្រទេសគុយបានោះ៕