អូបាម៉ា​៖​ លោក ​Netanyahu មិន​បាន​ផ្តល់​ជម្រើស​អ្វី​ថ្មី​ទេ

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និយាយ​នៅ​ឯ​សេតវិមាន​អំពី​បញ្ហា​ប្រទេស​អ៊ីរ៉ង់ ​និង​សុន្ទរកថា​របស់​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល​នៅ​មុខ​សភា​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិនា​ ឆ្នាំ​២០១៥។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​រិះគន់​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ Benjamin​ Netanyahu​ នៅ​មុខ​សភា​អាមេរិក​ ដោយ​ថ្លែង​ថា​ មេ​ដឹកនាំ​អ៊ីស្រាអែល​មិន​បាន​ផ្តល់​ជម្រើស​អ្វី​ថ្មី​ទេ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ និង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។​

លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ (Oval Office) លោក​មិន​បាន​មើល​សុន្ទរកថា​របស់​មេ​ដឹកនាំ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ​ទេ​ តែ​លោក​បាន​ឃើញ​អត្ថបទ​នោះ​ហើយ។​ នៅ​ពេល​លោក​ Netanyahu​ ថ្លែង​សុន្ទរកថា​ លោក​អូបាម៉ាបាន​ចូល​រួម​ក្នុង​សន្និសីទ​តាម​វីឌីអូ​ជា​មួយ​មេ​ដឹកនាំ​អឺរ៉ុប​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ប្រទេស​អ៊ុយក្រែន​ និង​បញ្ហា​ដទៃ​ទៀត។

លោក​អូបាម៉ា​ថ្លែង​ថា​ លោក​យល់​ស្រប​ជា​មួយ​លោក​ Netanyahu​ នៅ​ពេល​លោក​នាយករដ្ឋមន្រ្តី​ពណ៌នា​ថា​ទំនាក់​ទំនង​រវាង​អាមេរិក​និង​អ៊ីស្រាអែល​មិន​អាច​បំបែក​បាន​ទេ​ និង​នៅ​ពេល​ដែល​លោក​ហៅ​អ៊ីរ៉ង់​ថា​ ជា​ប្រទេស​មួយ​ដែល​មាន​របប​ដ៏​គ្រោះថ្នាក់​នោះ។​

តែ​លោកអូបាម៉ា​ថ្លែង​ថា​ «បញ្ហា​សំខាន់​គឺ​មធ្យោបាយ​ដែល​យើង​ការ​ពារ​មិន​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​ និង​អាច​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​ទំហំ​កាន់​តែ​ធំ​ឡើង​ ដែល​តម្រូវ​ឲ្យ​មាន​សកម្មភាព​កាន់​តែ​ច្រើន​ឡើង​ទៀត​នៅ​ក្នុង​តំបន់​នោះ។​ លោក​ប្រធានាធិបតី​អូបាម៉ា​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​ផ្តល់​ជម្រើស​អ្វី​ថ្មី​ដែល​អាច​ប្រើ​ការ​បាន​ទេ»។

លោក​ប្រធានាធិបតី​ អូបាម៉ា​ មិន​មាន​គំរោង​ជួប​ជា​មួយ​លោក​ Netanyahu​ ទេ​ នៅ​ក្នុង​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ៕