លោក អូបាម៉ា នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ

លោក អូបាម៉ា កំពុងនិយាយទៅកាន់សមាជិកសារព័ត៌មាននៅក្នុងសេតវិមាន

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ពេញ ទៅ​កាន់​ប្រទេស​នៅ​អាស៊ី​ចំនួន​ពីរ ព្រម​ទាំង​ចុះចត​ទៅ​ទីក្រុង ហីុរ៉ូសីុម៉ា (Hiroshima) ប្រទេស​ជប៉ុន ដែល​ជា​កន្លែង​រង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ដំបូង​បំផុត​នៅ​ក្នុង​ពិភពលោក។​

លោក អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី២៨ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១០​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី។ ​

នៅ​ក្នុង​លិខិត​មួយ​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការប្តេជ្ញា​របស់​លោក​ប្រធានាធិបតី អូបាម៉ា ក្នុង​ការធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​តុល្យភាព​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ឡើង​វិញ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច និង​សន្តិសុខ​រវាង​សហរដ្ឋអាមេរិក​ជាមួយ​នឹង​បណ្តា​ប្រទេស​និង​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ។​

នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២១​ខែ​ឧសភា លោក អូបាម៉ា នឹង​ចាកចេញ​ពី​រដ្ឋធានី វ៉ាសីុនតោន ដើម្បី​ចាប់​ផ្តើមដំណើរ​ទស្សនកិច្ច​របស់​លោក។

នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣ លោក​នឹង​ទៅ​ដល់​ទីក្រុង ហាណូយ​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​វៀតណាម។ គេ​រំពឹង​ថា បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​នឹង​ក្លាយ​ជា​របៀបវារៈ​កំពូល​នៃ​កិច្ចប្រជុំ​នេះ។ នៅ​ក្នុង​ទីក្រុង ហាណូយ លោក អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​អំពី​ចំណង​ទាក់ទង​រវាង​សហរដ្ឋអាមេរិក​និង​វៀតណាម។

ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​និង​កម្មវិធី​នានា​ក្នុង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូជីមិញ លោក​ប្រធានាធិបតី​នឹង​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ឆ្នាំ​នេះ។

នៅ​ថ្ងៃ​ទី​២៥ លោក អូបាម៉ា នឹង​ចាកចេញ​ពី​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​ជប៉ុន។
នៅ​ថ្ងៃ​ទី​២៦​និង​២៧ លោក អូបាម៉ា នឹង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូលG-7 នៅ​ជ្រោយ Ise-Shima នៃ​ប្រទេស​ជប៉ុន ដែល​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយ​បំផុត​របស់​លោក​សម្រាប់​អាណត្តិ​ជា​ប្រធានាធិបតី។

នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា លោក អូបាម៉ា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​ទៅ​កាន់​ទីក្រុង Hiroshima ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe៕