នាយករដ្ឋ​មន្រ្តី​​អ៊ីរ៉ាក់​ពិភាក្សា​ជាមួយ​ Obama អំពី​ជំនួយ​ក្នុង​ការ​វាយ​ប្រហារ​

លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់ Haider Al-Abadi និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ងើប​ចេញ​ពី​កៅ​អី​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ការិយាល័យ​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​ Haider al-Abadi ​បាន​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ ​សុំ​ជំនួយ​ពី​ស.រ.អា​បន្ថែម​ទៀត​ដើម្បី​វាយ​ប្រហារ​ក្រុម​ជីវពល​រដ្ឋឥស្លាម​ឲ្យ​បរាជ័យ​ ខណៈ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា. ​បារ៉ាក់ អូបាម៉ា ​នៅ​ឯ​សេត​វិមាន។

មុន​ពេល​បំពេញ​ទស្សនកិច្ច​លោក ​អាបាឌី ​បាន​ទទួល​ការគាំទ្រ​ច្រើន​ពី​ស.រ.អា. តែ​លោក​ចង់​ឃើញ​ជំនួយ​គាំទ្រ​បន្ថែម​ទៀត​ នៅ​ពេល​ដែល​កងទ័ព​របស់​លោក​បាន​ដណ្តើម​កាន់​កាប់​ទីតាំង​ជាច្រើន​មក​វិញ​ ក្រោយ​ពេល​ដែល​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​កាល​ពី​ឆ្នាំ​ទៅ។​ ថ្លែង​មុន​ចាកចេញ​ពី​ក្រុង​បាដាដ​ (Baghdad)​ លោក​នាយក រដ្ឋមន្ត្រីបាន​ថ្លែង​ថា៖

«យើង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កំពុង​វាយ​ប្រហារ​ក្រុម​ភេវករ​ដោយ​ផ្ទាល់។​ ភេរវកម្ម​មិន​គ្រាន់​តែ​គំរាម​អ៊ីរ៉ាក់​ទេ​ វា​គំរាម​ដល់​តំបន់​និង​ពិភពលោក​ដូចគ្នា​ដែរ។ យើង​ត្រូវការ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ទប់​ស្កាត់​ភេរវកម្ម។​ ក្រុម​ឧទ្ទាម​ពេល នេះ​កំពុង​រត់​ពន្ធ​ប្រេង​ និង​វត្ថុ​បូរាណ​ដើម្បី​រក​ប្រាក់​ចំណូល។ ​ដូច្នេះ​យើង​ត្រូវការ កិច្ច​ប្រឹងប្រែង​ពី​អន្តរជាតិ​ដើម្បី​បញ្ឈប់​កិច្ច​ព្យាយាម​បទ​ឧក្រិដ្ឋ​ដោយ​ក្រុម​ភេវរករ​ ដែល​មាន​បំណង​បន្ត​ការ​សម្លាប់​បង្ហូរ​ឈាម​នេះ»។

ស.រ.អា.បាន​បញ្ជូន​កងទ័ព​ ៣០០០នាក់​ ដើម្បី​ជួយ​ផ្តល់​យោបល់​និង​ជា​ជំនួយការ ដល់​កង​ទ័ព​អ៊ីរ៉ាក់​ក្រៅ​ពី​ដឹកនាំ​ការវាយ​ប្រហារ​តាម​អាកាស​១៨៨០​លើក​លើ​ក្រុម​រដ្ឋ​ឥស្លាម៕