លោក​អូបាម៉ា​ទៅ​ដល់​ម៉ាឡេស៊ី​ ​ប្រទេស​ទី​៣​ក្នុង​ទស្សនកិច្ច​អាស៊ី

ប្រធានាធិបតី​អាមេរិក Barack Obama ត្រួត​ពល​នៅ​ក្នុង​ពិធី​ស្វាគមន៍​មួយ​នៅ​​ទីលាន​សភា​ជាតិ​ម៉ាឡេស៊ី​ក្នុង​ទី​ក្រុង​គូឡាឡាំពួរ​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៤។

លោក​ Barack Obama ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ហើយ ដែល​ជា​កន្លែង​ឈប់​ទី​៣​ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ប្រទេស​របស់​លោក​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី។

លោក​ប្រធានាធិបតី​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​បន្ធូរ​បន្ថយ​ក្តី​បារម្ភ​របស់​លោក Najib Razak នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពី​ការ​ចរចា​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក ( Trans-Pacific Partnership TPP)។ ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ហើយ​កន្លង​មក​បាន​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​អាមេរិក​មួយ​នេះ។

Your browser doesn’t support HTML5

លោក​អូបាម៉ា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោយពីមាន​ការ​រិះគន់​អំពី​ការ​បាត់​យន្តហោះ​MH370



​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​លោក​អូបាម៉ា ​បាន​ថ្លែង​ទៅ​កាន់​កងទ័ព​អាមេរិកាំង​ដែល​បាន​បោះ​ទីតាំង​ក្នុង​ទីក្រុង​សេអ៊ូល ដោយ​ប្រាប់​ពួកគេ​ថា ​សហរដ្ឋ​អាមេរិក​ ​«នឹង​មិន​ស្ទាក់​ស្ទើរ​ប្រើ​កម្លាំង​យោធា​ដើម្បី​ការពារ​សម្ព័ន្ធមិត្តនិង​គុណ​តម្លៃ​របស់​យើង​ទេ»។ ​អត្ថាធិប្បាយ​របស់​លោក​ប្រធានា​ធិបតី​កើត​មាន​ឡើង​នៅ​ពេលដែល​មាន​ការ​គំរាម​ពីកូរ៉េខាង​ជើង​ថា​នឹង​សាក​ល្បង​អាវុធ​នុយក្លែអ៊ែរ​លើក​ទី​៤។

ក្នុង​អំឡុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក​ស្រី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ Park Geun-hye ក្នុង​ក្រុង​សេអ៊ូលកាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ​លោក​អូបាម៉ា​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង​នឹង​មិន​បាន​ទទួល​អ្វីក្រៅ​ពី​ការ​ឯកោ​កាន់​តែ​ខ្លាំង​ឡើង ​ប្រសិន​បើ​ខ្លួន​បន្ត​ធ្វើ​ការ​សាកល្បង​បន្ត​ទៀត​នោះ៕

Your browser doesn’t support HTML5

ប្រធានាធិបតី​អាមេរិក​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ី