នេះជាលើកដំបូងហើយដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានថ្លែងកោតសរសើរចំពោះសកម្មជននៅកម្ពុជាចំនួនពីររូប ដែលការពារបរិស្ថាន សិទ្ធិមនុស្ស គឺលោកឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ និងលោកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជា ដោយលោកបានថ្លែងកោតសរសើរដល់បុរសស្រ្តីក្លាហានក្នុងពិភពលោកដែលហ៊ានឡើងនិយាយ ហើយត្រូវរងការយារយីនិងការវាយប្រហារ ដែលមានពេលខ្លះរហូតដល់សលោកប្រធានាធិបតីថ្លៃងក្នុងពិធីគំនិតផ្តួចផ្តើមជាសកលរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃពុធក្នុងប្រទេសកម្ពុជាម្លាប់ថែមទៀត។
លោកបាននិយាយតាមសម្តីដើមថា៖ «ថ្ងៃនេះយើងសូមគោរពដល់អ្នកដែលបានពលីជីវិត។ នៅក្នុងចំណោមនោះរួមមានលោក Eric Lembembe ក្នុងប្រទេសកាមេរូន (Cameroon) លោក Salwa Bugaighis ក្នុងប្រទេសលីប៊ី និងលោកឈុត វុទ្ធី ក្នុងប្រទេសកម្ពុជា»។
លោកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា «យើងគាំទ្រសកម្មជនដូចជាលោកស្រីចក់ សុភាពក្នុងប្រទេសកម្ពុជា។ លោកស្រីចក់ សុភាពបានឃើញអ្នកធ្វើការគាំទ្រសិទ្ធិមនុស្សដូចគ្នាត្រូវបាននគរបាលចាប់យកទៅ។ ពេលនោះលោកស្រីអាចគេចខ្លួនបាន តែលោកស្រីនិយាយថា លោកស្រីនឹងមិនចាកចេញពីប្រទេសកម្ពុជាមួយនាទីណាឡើយ។
ដូច្នេះអ្នកស្រីបានដើរកៀងគរអ្នកតវ៉ា និងបំផុសយុវជនឲ្យទាមទារយុត្តិធម៌។ កាលណោះ លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានការស្រម៉ៃចង់បានថា ពលរដ្ឋខ្មែរមានសេរីភាពដែលត្រូវគេមាន»។
លោកអូបាម៉ាមានប្រសាសន៍ថា៖ «យើងមានមោទនភាពចំពោះលោកស្រីហើយយើងគាំទ្រលោកស្រីចក់ សុភាព»។
លោកស្រីចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកំពុងជាប់បំពេញបេសកម្មនៅសហរដ្ឋអាមេរិក។
លោកស្រីមានប្រសាសន៍ថា៖ «ចា៎ នេះជាកិត្តិយសមួយសម្រាប់រូបខ្ញុំ ហើយក៏ជាកិត្តិយសម្រាប់លោកឈុត វុទ្ធីផងដែរ ដែលលោកប្រធានាធិបតីអូបាម៉ាបានលើកឈ្មោះរបស់យើងមកថ្លែងក្នុងសុន្ទរកថារបស់លោក។ ហើយនេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើង ហើយនឹងសកម្មជនទាំងអស់ដែលគាត់បានលើកឡើងនូវតួនាទីសំខាន់របស់តួអង្គសង្គមស៊ីវិល ជាពិសេសគឺពលរដ្ឋទាំងមូលចា៎»។
បទសម្ភាសន៍វីអូអេជាមួយលោកស្រី ចក់ សុភាព
Your browser doesn’t support HTML5
លោកឈុត វុទ្ធី ប្រធានអង្គការអភិរក្សធនធានធម្មជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ២០១២ នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈពេលដែលលោកនាំអ្នកយកព័ត៌មានចំនួន២រូបចុះអង្កេតសកម្មភាពកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ឃាតកម្មទៅលើលោកឈុត វុទ្ធីត្រូវបានរដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេត និងបានសន្និដ្ឋានថា លោកឈុត វុទ្ធីបានស្លាប់ដោយសាររាលកៃគ្រាប់កាំភ្លើងពីមន្ត្រីកងរាជអាវុធហត្ថម្នាក់ផ្សេងទៀត។
លោកឆើយ ឧត្តមរស្មី អាយុ២១ឆ្នាំ កូនប្រុសលោកឈុត វុទ្ធី មានប្រសាសន៍ថា នេះជាមោនភាពណាស់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានកោតសរសើរដល់សពឪពុករបស់លោក។ តែលោកបានស្នើសុំឲ្យសហរដ្ឋអាមេរិកជួយឃ្លាំមើលដំណើរការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបេតយ្យ និងការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាផង។
លោកនិយាយថា៖ «ថ្នាក់ដឹកនាំអាមេរិកមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេបានកោតសរសើរលើឪពុកខ្ញុំ។ ខ្ញុំមានការសប្បាយចិត្តមែនទែន។ ខ្ញុំគិតថា អញ្ចឹងមានន័យថា អាមេរិកនៅមើលឃើញឪពុករបស់ខ្ញុំថា ជាមនុស្សម្នាក់ដែលធ្វើអ្វីដើម្បីបរិស្ថាន និងពិភពលោក គឺល្អមែនទែន ខុសប្លែកពីមេដឹកនាំក្នុងប្រទេសកម្ពុជាយើង»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ការវាយតម្លៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រាន់តែជាការវាយតម្លៃមួយដាច់ដោយឡែករបស់បរទេសតែប៉ុណ្ណោះ។ ក៏ប៉ុន្តែកម្ពុជាក៏បានវាយតម្លៃសម្រាប់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដូចគ្នានេះដែរ។
លោកនិយាយថា៖ «រឿងការស្លាប់របស់គាត់គឺដាច់ដោយឡែកពីបេសកកម្មរបស់គាត់ ជារឿងមួយវាខុសពេល ហើយនិងខុសកន្លែង ដែលយើងខំធ្វើការស្រាវជ្រាវ ការពិនិត្យមើល ហើយករណីហ្នឹងបានបិទរួចស្រេចទៅហើយ»។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការកោតសរសើររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកជាការលើកទឹកចិត្តមួយដល់សកម្មជនការពារសិទ្ធិមនុស្សដទៃផ្សេងទៀត ឲ្យខិតខំតស៊ូដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងក៏ជាការពញាក់អារម្មណ៍ដល់មេដឹកនាំកម្ពុជាផងដែរ ដែលមានមេដឹកនាំពិភពលោកមួយមកចាប់អារម្មណ៍លើសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន៕