លោក​អូបាម៉ា​និង​បណ្តា​ប្រទេស​តាម​ឈូង​សមុទ្រ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​មជ្ឈឹមបូព៌ា

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ ឬ GCC នៅ​ក្នុង​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​និង​ពួក​មេដឹកនាំ​រដ្ឋ​នៃ​តំបន់​ឈូង​សមុទ្រ ​បាន​ជួប​គ្នា​នៅ​ក្នុង​រាជធានី​រីយ៉ាដដើម្បី​ស្វែង​រក​មធ្យោបាយ​ដែល​ពួក​អស់​លោក​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នៅ​តំបន់​មជ្ឈឹមបូព៌ា​ ផ្តួល​ក្រុមរដ្ឋ​ឥស្លាម​និង​ក្រុម​អាល់កៃដា​ហើយ​និង​ដោះ​ស្រាយ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

លោក​ប្រធានា​ធិបតី​អូបាម៉ា​ ហើយ​និង​សមាជិក​៦​ប្រទេស​នៃ​មេដឹកនាំ​នៃ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ ឬ GCC បាន​បើក​សន្និសីទ​កំពូល​ដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ផ្តោត​លើ​ភាព​ចលាចល​ខាង​នយោបាយ​ហើយ​និង​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី យេម៉ែន អ៊ីរ៉ាក់​ និង​ប្រទេស​លីប៊ី។

សហរដ្ឋ​អាមេរិក​កំពុង​ដាក់​គំនាប​ឲ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ដំណោះ​ស្រាយ​ខាង​នយោបាយ​ហើយ​និងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ទៅលើ​ការ​ប្រយុទ្ធ​ខាង​សាសនា។ ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ​ពួក​មេដឹកនាំ​ទាំង​នោះ ​នៅមាន​ការ​បែក​បាក់​គ្នា។

ក៏ប៉ុន្តែ ​រដ្ឋ​ខ្លះ​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ ដូចជា​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​ចាត់​ទុក​អំពើ​ហិង្សា​ខាង​សាសនា​ថា​ជាការ​គំរាម​កំហែង​ខាង​សន្តិសុខ​ដ៏​ខ្លាំង។ ក្រៅពី​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​សម្ព័ន្ធ​មិត្ត​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​រួម​មាន​ប្រទេស​គូវ៉ែត ​អាមីរ៉ាត​អារ៉ាប់​រួម​ កាតា ​បារ៉ែន​ និង​ប្រទេស​អូម៉ង់។

បន្ទាប់​ពីសន្និសីទ​កំពូល​ស្តី​ពី​ហិង្សា​ក្នុង​តំបន់ ​ក្រុម​មេដឹកនាំ ​បាន​ពិភាក្សា​ពី​មធ្យោ​បាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​អាល់កៃដា។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិចជា​ច្រើន​ទៀត ចាត់​ទុក​ក្រុម​ភេរវកម្ម​ថា​ជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​ដល់​សន្តិសុខ​សាកល​ហើយ​កំពុង​ជំរុញឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​ឡើង​ពី​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ភេរវកម្ម​នោះ។

សម័យ​ប្រជុំ​ចុងក្រោយ ​រួម​មាន​ការ​ចរចា​ស្តី​ពី​ប្រទេស​អ៊ីរ៉ង់​ហើយ​និង​ការ​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

រដ្ឋាភិបាល​អ៊ីរ៉ង់បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន ​ដែល​នៅ​ទី​នោះ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​បាន​ធ្វើ​យុទ្ធនាការ​ខាង​យោ​ធា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​ទីនោះ៕