លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា (Barack Obama) និងក្រុមមេដឹកនាំអឺរ៉ុបបានគំរាមកំហែងដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្សី បន្ទាប់ពីក្រុមឧទ្ទាមលម្អៀងទៅខាងរុស្សីបានធ្វើការវាយប្រហាររ៉ូកែតដ៏ប្រល័យមួយទៅលើក្រុងកំពង់ផែ Mariupol ប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យនៅក្នុងដំណើរទស្សនកិច្ចមួយក្នុងប្រទេសឥណ្ឌា លោកអូបាម៉ាបានមានប្រសាសន៍ថាលោកនឹង «បង្កើន» គំនាបសង្កត់លើរដ្ឋាភិបាលក្រុងម៉ូស្គូនៅក្រោយការវាយប្រហារមួយកាលពីមួយថ្ងៃមុននេះដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣០ស្លាប់និងជាង៨០នាក់ទៀតរងរបួសនៅពេលគ្រាប់រ៉ូកែតបានធ្លាក់ទៅក្នុងផ្សារមួយនិងអាគារផ្ទះ។
កាលពីពេលថ្មីៗនេះមានក្រុមមេដឹកនាំខ្លះក្នុងទ្វីបអឺរ៉ុបបាននិយាយអំពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូ។ក៏ប៉ុន្តែលោកDonald Tusk អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ូទ្បូញ ដែលនៅពេលនេះកាន់តំណែងជាប្រធាននៃការប្រជុំសន្និសីទកំពូលសហភាពអឺរ៉ុបបានផ្ញើសារតាម Tweeter ថា «ជាម្តងទៀត ការសម្រន់ចិត្តនឹងលើកទឹកចិត្តក្រុមឈ្លានពានឲ្យធ្វើសកម្មភាពហិង្សាខ្លាំងជាងមុន។ដល់ពេលវេលាហើយដែលយើងត្រូវបង្កើនគោលនយោបាយដោយផ្អែកលើការពិតជាក់ស្តែង មិនមែនលើការស្រមើស្រមៃទេ»។
លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានមានប្រសាសន៍ថាការស្ទាក់ការសន្ទនាគ្នាតាមវិទ្យុនិងទូរស័ព្ទដោយរដ្ឋាភិបាលក្រុង Kyiv បង្ហាញថាក្រុមទាមទារបំបែករដ្ឋគាំទ្រដោយរុស្សីជាអ្នកទទួលខុសត្រូវដល់ការវាយប្រហារលើក្រុង Mariupol។
នៅពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov បាននិយាយថាកងកម្លាំងរដ្ឋាភិបាលក្រុង Kyiv ជាអ្នកទទួលខុសត្រូវលើកំណើនការប្រយុទ្ធគ្នានៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។លោក Lavrov បាននិយាយប្រាប់លោកស្រី Federica Mogherini ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបនៅក្នុងការហៅតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថារដ្ឋាភិបាលក្រុងម៉ូស្គូចង់ឲ្យសហភាពអឺរុបដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យធ្វើការចរចាជាមួយពួកឧទ្ទាមដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយកាលពីខែកញ្ញាដែលបានត្រូវរំលោភជាញឹកញយ។
នៅក្រោយការវាយប្រហារលើក្រុង Mariupol លោកស្រី Mogherini បានមានប្រសាសន៍ថាលោកស្រីនឹងកោះប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាគ្នាអំពីអំពើហិង្សាថ្មីនៅក្នុងប្រទេសអ៊ុយក្រែន៕