អូបាម៉ា​ចាត់​ទុក​ប្រទេស​ទុយនីស៊ី​ជា​សម្ព័ន្ធ​មិត្ត​ក្រៅ​អង្គការ​អូតង់​ដ៏​សំខាន់​មួយ​របស់​ស.រ.អា

លោក​ប្រធានាធិបតី​ ប៉ារ៉ាក់ អូបាម៉ា ចាប់​ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ទុយនីស៊ី​ Beji Caid Essebsi កំឡុង​កិច្ច​ប្រជុំ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ចាត់​ទុក​ប្រទេស​ទុយនីស៊ី​ជា​សម្ព័ន្ធ​មិត្ត​នៅ​ក្រៅ​អង្គការ​អូតង់​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​បាន​សរសើរ​កំណែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​នេះ​បន្ទាប់​ពី​ការ​ងើប​បះ​បោរ​នៃ​បដិវត្តន៍​អារ៉ាប់​កាល​ពី​ឆ្នាំ​២០១១។

ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង​មួយ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ទី​១៦​ដែល​សហរដ្ឋ​អាមេរិក​បាន​ចង​សម្ព័ន្ធ​ជាមួយ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ខាង​យោ​ធា​និង​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ទាំង​២​ ខណៈ​ដែល​មិន​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ការពារ​ប្រទេស​រវាង​គ្នា​និង​គ្នា​នោះ។ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក ​សហរដ្ឋ​អាមេរិក ​បាន​បង្កើត​សម្ព័ន្ធ​ភាពជាមួយ​ប្រទេស​នៅ​ខាង​ក្រៅ​អង្គការ​សន្ធិសញ្ញា​មហាសមុទ្រ​អាតាឡង់ទិក​ខាង​ជើង​ដែល​មាន​ទី​តាំង​នៅ​អឺរ៉ុប។

លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​ជួប​ប្រធានាធិបតី Beji Caid Essebsi ​នៃ​ប្រទេស​ទុយនីស៊ី​នៅ​សេតវិមាន។ ​មេដឹកនាំ​អាមេរិកាំង​បាន​មាន​ប្រសាសន៍​ថា ​លោក​សប្បាយ​រីករាយដែល​បាន​ឮ​ពី​ការ​ផ្លាស់ប្តូរ​ខាង​នយោបាយ​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​របស់​ទុយនីស៊ី។ ​លោក​ Essebsi ​ជា​មេដឹកនាំជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​៦០​ឆ្នាំ​នៃ​ប្រទេស​ទុយនីស៊ី។

មេដឹកនាំ​អាមេរិកាំង​បាន​សន្យា​ផ្តល់​ជំនួយ​សម្រាប់​រយៈពេល​ខ្លីដល់​ប្រទេស​ទុយនីស៊ី​ដើម្បី​បញ្ចប់​កំណែទម្រង់​ខាង​សេដ្ឋកិច្ច​របស់​ខ្លួន​ហើយ​និង​ដោះស្រាយ​បញ្ហា​គ្មាន​ការងារ​ធ្វើ។

ប្រធានា​ធិបតី Essebsiបាន​ជម្រាប​លោក​ប្រធានាធិបតី​អូបាម៉ា​ថា ការ​ធ្វើ​កំណែ​ទម្រង់​របស់​ទុយនីស៊ី​បន្ត​រង​ការ​គំរាម​កំហែង​ពី​ក្រុម​ភេរវកម្ម៕