លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានពន្យល់អំពីមូលហេតុនៃការលើកលែងទោសដ៏ភ្ញាក់ផ្អើលដល់ការកាត់ទោសឲ្យជាប់ពន្ធនាគារដល់អ្នកវិភាគស៊ើបការណ៍សម្ងាត់យោធាម្នាក់ដែលបានធ្វើឲ្យបែកធ្លាយឯកសាររបស់យោធា។
លោក អូបាម៉ា ដែលបានបើកសន្និសីទកាសែតក្នុងនាមជាប្រធានាធិបតីរបស់លោកកាលពីថ្ងៃពុធ បានមានប្រសាសន៍ថា នាង Chelsea Manning ជាប់ទោសយូរជាងអ្នកផ្សេងដែលធ្វើឧក្រិដ្ឋកម្មស្រដៀងគ្នានេះ ហើយថា នាង Manning បានទទួលខុសត្រូវចំពោះបទឧក្រិដ្ឋរបស់នាងហើយ។
លោក អូបាម៉ា បាននិយាយនៅឯសេតវិមានថា «ពិចារណាទៅលើគ្រប់កាលៈទេសៈទាំងអស់ ការលើកលែងទោសដល់នាងគឺជារឿងមួយដ៏សក្តិសម»។
លោក អូបាម៉ា បានជូនពរដល់អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush និងភរិយារបស់លោក គឺលោកស្រី Barbara ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Houston រដ្ឋ Texas។
លោក អូបាម៉ា ក៏បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយចំពោះការបំពេញការងាររបស់ខ្លួនផងដែរ។ ខណៈដែលលោកមិនសប្បាយចិត្តនឹងព័ត៌មានគ្រប់រឿងដែលសរសេរពីរូបលោក ប្រធានាធិបតីនឹងត្រូវចប់អាណត្តិរូបនេះបាននិយាយថា លោកមានអារម្មណ៍ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបំពេញការងារដោយត្រឹមត្រូវនិងមានតុល្យភាព។ លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងលទ្ធិប្រជាធិបតេយ្យអាមេរិក។
លោក អូបាម៉ា ខាងគណបក្សប្រជាធិបតេយ្យ ប្រឆាំងយ៉ាងខ្លាំងនឹងយុទ្ធនាការរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ ដោយហៅលោកមហាសេដ្ឋីចលនទ្រព្យដែលនឹងក្លាយជាអ្នកនយោបាយថាមានលក្ខណៈឆេវឆាវដែលមិនសមនឹងធ្វើជាមេដឹកនាំកំពូលរបស់អាមេរិកនោះទេ។ ប៉ុន្តែចាប់តាំងពីបោះឆ្នោតរួចមក លោក អូបាម៉ា បានជួបជាមួយនឹងលោក ត្រាំ និងបាននិយាយជាមួយលោកក្នុងកម្មវិធីមួយចំនួន ខណៈដែលពួកគេសហការគ្នាដើម្បីធ្វើការផ្ទេរតំណែងដោយសន្តិវិធី៕