អូបាម៉ា​ការពារ​​វិធានការ​លើ​គុយបា​

លោកអូបាម៉ាឆ្លើយសំនួរនៅក្នុងសន្និសីទសារព័ត៌មាន ដំណាច់ឆ្នាំក្នុងសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។

លោកប្រធានាធិបតីស.រ.អា.​បារ៉ាក់ អូបាម៉ា(Barack Obama)បា​ន​ការពារ​សកម្មភាព​របស់​លោក​ក្នុង​ការចាត់​វិធានការ​ធ្វើឱ្យ​មាន​ទ្បើងវិញ​នូវ​ទំនាក់ទំនង​ខាង​ការ​ទូត​ជាមួយ​ប្រទេសគុយបា (Cuba) ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ការ​ណ៍នេះ​នឹង​ផ្តល់ឱ្យ​ស.រ.អា.​នូវ​ឱកាស​ធំជាង​មុន​ក្នុង​ការមាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កុម្មុយនិស្តមួយ​នោះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ដំណាច់ឆ្នាំ​ប្រចាំ​ឆ្នាំ​របស់​លោក​នៅ​ឯសេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ​ លោកអូបាម៉ា​បាន​ថ្លែង​ថា​លោក​មិន​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ភ្លាមៗ​ជាមួយ​ប្រទេស​ Cuba ទេ​ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ទំនង​ជា​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ខ្លះ​ទៀត​នៅ​មុន​ពេល​សភា​ស.រ.អា.​ចាប់ផ្តើម​ធ្វើការ​ជជែក​ដេញ​ដោល​គ្នា​អំពី​លទ្ធភាព​នៃការ​លុប​ចោល​ការ​រាំង​ខ្ទប់​ខាង​ពាណិជ្ជកម្ម​ប្រឆាំង​នឹងប្រទេស​ជាកោះនេះ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​អូបាម៉ា​បាន​និយាយ​ថា​ជា​ការ​ច្បាស់លាស់​ថា​ការ​ដាក់​ប្រទេស​ Cuba ឱ្យ​នៅ​ដាច់​ពី​គេ​មិន​បានការ​អ្វីទេ។​

លោកប្រធានា​ធិបតី​បាន​ឆ្លើយ​នឹង​សំណួរអំពី​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដោយ​មាន​រួម​បញ្ចូល​សកម្មភាព​ខាង​នីតិប្រតិបត្តិ​ចម្រូង​ចម្រាស​របស់​លោក​អំពីអន្តោប្រវេសន៍​និង​ទំនាក់ទំនង​ដ៏​តឹង​តែង​របស់​លោក​ជាមួយ​សភា។​

ស្តី​ពី​អន្តោប្រវេសន៍លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​លោក​បាន​បង្ហាញ​ការអត់ធ្មត់​និង​ភាព​ទោរទន់​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​រង់​ចាំឱ្យ​សភា​អនុម័តសេចក្តី​ព្រាង​ច្បាប់​មួយ​អំពីបញ្ហា​នេះ។ ​លោក​បាន​ការពារ​សកម្មភាព​របស់លោក​ក្នុង​ការ​ធ្វើ​សកម្មភាព​ខាង​នីតិ​ប្រតិបត្តិ​មួយ​ដើម្បី​ចាប់ផ្តើម​អនុញ្ញាត​ឱ្យជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ឋិត​នៅ​លើ​មាគ៌ា​ទៅ​កាន់​ការ​មាន​សញ្ជាតិ​អាមេរិកាំង។

​លោក​អូបាម៉ា​បានបន្ត​ថា​ជម្រើស​របស់​លោក​គឺធ្វើការ​ជាមួយ​សភា ក៏​ប៉ុន្តែ​លោកក៏​បាន​លើក​ឡើង​ថា​ប្រសិន​បើសមាជិក​សភា​មិនអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទេ​ លោក​នឹង​ចាត់​វិធានការ​ដោយ​ខ្លួន​លោក​ផ្ទាល់៕