លោក​អូបាម៉ា​បង្ហាញ​ការបារម្ភ​ប៉ុន្តែ​មិន​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការបង្ហោះ​កាំជ្រួច​មីស៊ីល​កូរ៉េ​ខាង​ជើង​

រូប​ឯកសារ៖ លោក​បារ៉ាក់ អូបាម៉ា​ផ្តល់​បទ​សម្ភាសន៍​នៅ​ឯ​សេតវិមាន​ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នា​២០១៦។​

លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​ខ្វាយ​ខ្វល់​ក៏​ប៉ុន្តែ​មិន​ភ្ញាក់​ផ្អើល​ទេ​ អំពី​ការ​បង្ហោះ​រ៉ុក្កែត​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃអាទិត្យ។​

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CBS ដែល​ត្រូវ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​យល់​ថា​យើង​បាន​ខ្វាយ​ខ្វល់​អំពី​អាកប្ប​កិរិយា​របស់​កូរ៉េ​ខាង​ជើង​ក្នុង​មួយ​រយៈពេល​មក​ហើយ។ ​នេះ​ជា​របប​គ្រប់គ្រង​ផ្តាច់ការ។​ វា​បង្ករឿង។​ របប​គ្រប់គ្រង​នេះ​បាន​រំលោភ​ច្រើន​ដង​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​អ.ស.ប. បាន​ធ្វើការ​ពិសោធន៍​និង​ផលិត​អាវុធបរមាណូ​ ហើយ​នៅ​ពេល​នេះ​ពួក​កូរ៉េ​ខាង​ជើង​កំពុង​ខិតខំ​ព្យាយាម​បង្កើន​គុណភាព​ប្រព័ន្ធ​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​ពួក​គេ​ថែម​ទៀត​ផង។»

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​មាន​ប្រសាសន៍​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ Xi Jinping កាល​ពី​ថ្ងៃ​សុក្រ​នៅ​មុន​ការបង្ហោះ​នោះ​ «អំពី​សេចក្តី​ត្រូវការ​ដាក់​គំនាប​សង្កត់​ថែម​ទៀត​លើ​កូរ៉េ​ខាងជើង»។​\

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.ក៏​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ «ជា​លើក​ដំបូង​អំពី​សមត្ថភាព​ការពារ​ប្រឆាំង​នឹង​កាំជ្រួច​មីស៊ីល​ថែម​ទៀត ​ដើ​ម្បីបញ្ចៀស​កុំ​ឱ្យ​កូរ៉េ​ខាង​ជើង​អាច​ធ្វើការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​អគារ​និង​ប្រជាជន​ស.រ.អា.»។

លោក​មេដឹកនាំ​ស.រ.អា.​រូប​នេះ​បាន​និយាយ​ថា​ ការបង្ហោះ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​ការ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មាន​ធ្វើ។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ «អាជ្ញាធរ​កូរ៉េ​ខាង​ជើង​មិន​ពូកែ​ទេ​ខាង​ការចិញ្ចឹម​ប្រជារាស្ត្រ​ពួក​គេ​ ក៏​ប៉ុន្តែ​ពួក​គេ​បាន​បណ្តាក់​ទុន​ច្រើន​ក្នុង​ប្រព័ន្ធ​អាវុធ»៕