លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា បានប្រកាសការផ្លាស់ប្តូរអាកាសធាតុថា ជាការគំរាមកំហែងពិតប្រាកដនៅសតវត្សរ៍នេះ នៅពេលដែលលោកប្រធានាធិបតី បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់រដ្ឋអាឡាស្កាដែលស្ថិតនៅភាគឦសាន្តប្រទេស។
ថ្លែងកាលពីថ្ងៃច័ន្ទនៅឯសន្និសីទកំពូលដែលរៀបចំឡើងដោយក្រសួងការបរទេសស្តីពីបញ្ហាបរិស្ថានមហាសមុទ្រទឹកកកអាកទិក លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា ពិភពលោកមិនបានចាត់វិធានការឲ្យបានលឿនល្មមគ្រប់គ្រាន់ដើម្បីដោះស្រាយការផ្លាស់ប្តូរអាកាសធាតុទេ។ លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា «បញ្ហាផ្លាស់ប្តូរអាកាសធាតុនេះពាក់ព័ន្ធនឹងបញ្ហាទាំងអស់ ហើយឥឡូវនេះមិនទាន់ហួសពេលទេ។ នៅពេលនេះ វាអាស្រ័យលើយើងទាំងអស់គ្នា»។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា «សកម្មភាពមនុស្សកំពុងបង្អាក់អាកាសធាតុ ហើយការផ្លាស់ប្តូរអាកាសធាតុនេះ មានភាពលឿនជាងអ្វីដែលយើង បានគិតកាលពីមុនទៅទៀត។ វិទ្យាសាស្រ្តមានភាពជាក់លាក់។ វាកំពុងកាន់តែស្រួចស្រាលឡើង។ វាបានបង្ហាញថា ការគំរាមកំហែងដែលស្ថិតនៅឆ្ងាយកាលពីពេលមុន បានខិតកាន់តែជិតឡើងនៅពេលបច្ចុប្បន្ននេះ»។
លោកប្រធានាធិបតីអូបាម៉ា ជាប្រធានាធិបតីកំពុងកាន់ដំណែងលើកដំបូងរបស់ស.រ.អា ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់មហាសមុទ្រទឹកកកអាកទិក បានសង្កត់ពីអ្វីដែលលោកប្រធានាធិបតីបាននិយាយថា ផលប៉ះពាល់ដ៏វិនាសនៃការផ្លាស់ប្តូរអាកាសធាតុកំពុងកើតមានឡើងនៅរដ្ឋអាឡាស្កា។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា «ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ រដ្ឋអាឡាស្កាមានកំដៅឡើងទ្វេដងលើសផ្នែកនានារបស់ស.រ.អា។ ឆ្នាំទៅជាឆ្នាំដែលមានកំដៅក្តៅបំផុតរបស់កោះអាឡាស្កា ដូចជាផ្នែកផ្សេងៗទៀតរបស់ពិភពលោក៕