ការ​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ក្រុង New York ក្នុង​វិស័យ​ឯកជន​ចូល​ជាធរមាន

រូបឯកសារ៖ ឱសថស្ថានក្នុងទីក្រុង New York ផ្តល់វ៉ាក់សាំងសម្រាប់កូវីដ-១៩ គ្រុនផ្តាសាយ ជំងឺរើម និងជំងឺរលាកសួតនៅថ្ងៃច័ន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១។ (AP)

ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​ដ៏​ធំ​ទូលាយ​ដោយ​អាជ្ញាធរ​ទីក្រុង New York ដែល​ឱ្យ​អាជីវកម្ម​វិស័យ​ឯកជន​ស្ទើរតែ​ទាំងអស់​ហាម​ឃាត់​បុគ្គលិក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ចូល​កន្លែង​ធ្វើ ការ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទចំពេល​មាន​កំណើន​ការ​ឆ្លង​មេរោគ​កូរ៉ូណា។ បម្រាម​នេះ​បណ្តាល​ឱ្យ​និយោជក​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ដ៏​លំបាក។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

បុគ្គលិក​នៅ​អាជីវកម្ម​ប្រហែល១៨ម៉ឺន៤ពាន់​កន្លែង​ត្រូវបាន​តម្រូវ​ឱ្យ​បង្ហាញ​ភស្តុតាង​ចាក់​វ៉ាក់ សាំង​កូវីដ១៩​យ៉ាង​តិច​មួយ​ដូស​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ។ អាជីវកម្ម​ដែល​មិន​គោរព​តាម​អាច​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ចាប់ពី ១០០០ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​លោក Bill de Blasio អភិបាល​ក្រុង New York បាន​និយាយ​ថា​ការ​ដាក់​ទណ្ឌកម្ម​ជា​ជម្រើស​ចុង​ក្រោយ។

អភិបាល​ក្រុង​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​រូប​នេះ​បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការតម្រូវ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាក់​ថ្នាំ​បង្ការ។ លោក​និយាយ​ទៀត​ថា«យើង​ត្រូវតែ​ប្រឹង​ទ្វេដង ពីព្រោះ​យើង​ទាំងអស់​គ្នា​អាច​យល់​ស្របគ្នា​ថា ជំងឺ​កូវីដ​អាក្រក់​សម្រាប់​មនុស្ស។ វា​អាក្រក់​សម្រាប់​សុខភាព​របស់​យើង ប៉ុន្តែ​វា​ក៏​បង្កការ​លំបាក​សម្រាប់​អាជីវកម្ម​ផង​ដែរ។ ហើយ​ប្រសិន​បើ​យើង​ចង់​ចៀសវាង​ការ​បិទខ្ទប់ ខ្ញុំ​ជឿ​ថា យើង​ត្រូវតែ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​ឡើង​ចាក់​វ៉ាក់សាំង»។

លោ Christopher Taylor ដែល​ជា​សហ​ម្ចាស់​ក្រុមហ៊ុន Li-Lac Chocolates បាន​យល់ស្រប​ថា

ការចាក់​វ៉ាក់សាំង​គឺ​ជារឿង​សំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ប៉ុន្តែ​បាន​និយាយ​ថា ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​ធ្វើ​ឱ្យ​លោក​ប្រឈម​ការលំបាក។

ក្រុមហ៊ុន​របស់​លោក​មាន​បុគ្គលិក​ប្រហែល៧០នាក់​នៅ​ហាង​លក់​រាយ​ចំនួន៦​កន្លែង​និង​រោង​ចក្រ​សូកូឡា​នៅ​ទីក្រុង New York។ លោក​ប៉ាន់​ប្រមាណ​ថា បុគ្គលិក​របស់​លោក​មួយ​ភាគ​បួនដែល​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​ឡើយ​ទេ។

លោក Taylor បាន​និយាយ​ថា «យើង​បាន​លើក​ទឹក​ចិត្ត​ពួកគេ។ យើង​បាន​ជំរុញ​ពួក​គេ ​ប៉ុន្តែ​យើង​មិន​ចូល​ចិត្ត​បង្ខំ​ពួក​គេ​ទេ»។

ម្ចាស់​អាជីវកម្ម​និង​កម្មករ​មួយ​ចំនួន​កំពុង​រៀបចំ​ផែនការ​តវ៉ា​ខាង​ផ្លូវច្បាប់។

ច្បាប់ថ្មី​សម្រាប់​ផ្នែក​ឯកជន​ដែល​ការងារ​ត្រូវ​ធ្វើ​នៅ​ជាមួយ​កម្មករ​ផ្សេង​ទៀត​ឬ​ទាក់ទង​នឹង​សាធារណ​ជន។​ក្នុង​នោះ​រួមមាន​មិន​ត្រឹមតែ​ហាង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​កន្លែង​ធ្វើការ​រួម​និង​រថយន្ត​តាក់ស៊ី​ផងដែរ។ នេះ​បើ​យោង​បទបញ្ជា​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង។ គេ​នៅ​មិន​ច្បាស់​ទេ​ថា តើ​លោក Eric Adams អភិបាល​ក្រុង​ដែល​ជាប់​ឆ្នោត​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី១ ខែ​មករា​នឹង​រក្សា​ឬ​ការប្រែ​ការ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​ឬ​យ៉ាងណា។

អាជីវកម្ម​មិន​ត្រូវ​ដាក់​វិន័យ​ឬ​បណ្តេញ​កម្មករ​ដែល​មិន​អនុវត្តតាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​មក​កន្លែង​ធ្វើការ។ កម្មករ​ដែល​កំពុង​សុំ​មិន​ចាក់​វ៉ាក់សាំង​ដោយ​ហេតុផល​សាសនា​អាច​មក​ធ្វើការ​បាន​ខណៈ​សំណើ​របស់​ពួកគេ​កំពុង​រង់ចាំ​ការ​សម្រេច។

ការ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​បានចេញ​រួច​ហើយ​នៅក្នុង​ទីក្រុង​សម្រាប់​បុគ្គលិក​មន្ទីរពេទ្យ​និង​មណ្ឌល​ថែទាំ​សុខភាព​និង​បុគ្គលិក​ទីក្រុង រួមទាំង​គ្រូ​បង្រៀន មន្ត្រី​ប៉ូលិស​និង​អ្នក​ពន្លត់​អគ្គីភ័យ៕