ភរិយា​របស់​លោក ​នួន ជា​ បាន​ស្លាប់​ក្នុង​វ័យ​៨៦​ឆ្នាំ

រូប​ឯកសារ៖ អ្នកស្រី លី គឹមសេង ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព លោក នួន ជា ជាស្វាមី នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA Khmer)

ភរិយា​របស់​លោក​នួន ជា​ មេ​មនោគមវិជ្ជា​របស់​ខ្មែរក្រហម​គឺ​អ្នកស្រី​លី គឹមសេង ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធគឺ​ជិត​២​ឆ្នាំ​បន្ទាប់​ពីប្តី​របស់​អ្នកស្រី​ដែល​ជា​ប្រធាន​រដ្ឋសភា​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៤​ខែ​សីហា​ ឆ្នាំ​២០១៩​នៅ​ពេល​លោក​កំពុង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ខ្មែរក្រហម​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ប្រល័យ​ពូជសាសន៍។​

អ្នកស្រី​លី គឹមសេង ​អាយុ​៨៦​ឆ្នាំបាន​ស្លាប់​ក្រោយ​ពី​បាន​មើល​ទូរទស្សន៍ហើយ​ក្រោក​ឈរ​រួច​ក៏ដួល​បោក​ក្បាល​ផ្នែក​ខាង​ក្រោយ​នៅ​ម៉ោង​ជាង​១​រសៀល​ហើយ​ក៏​បាន​ស្លាប់​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​នៅ​ថ្ងៃ​ពុធ​ ទី២៦ខែ​ឧសភា។

អ្នកស្រី ​លី គឹមសេង បាន​ស្លាប់​នៅ​ផ្ទះ​កូនស្រី​របស់​អ្នកស្រីនៅ​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយសព​របស់​អ្នកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​កូន​ស្រី​ច្បង​ឈ្មោះ​ លី ប៊ុនធឿន​នៅ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល។​នេះ​បើ​តាម​លោក​ ថេត សម្បត្តិ​សហផលិតករ​ខ្សែភាពយន្ត​រឿង​«សត្រូវ​ប្រជាជន»​ដែល​បាន​សម្ភាសន៍​លោក​នួន ជា​និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​បាន​សារភាព​អំពី​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម។​

អំឡុង​ពេល​ខ្មែរ​ក្រហម​កាន់​អំណាច​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​ទី​៧​ ខែ​មករា​ឆ្នាំ​១៩៧៩ អ្នកស្រី លី គឹមសេង ​ធ្វើ​មេ​ចុងភៅ​សម្រាប់​លោក ​ប៉ុល ពត​និង​លោក នួន ជា ដែល​ជា​មេដឹកនាំ​កំពូល​របស់​ខ្មែរ​ក្រហម។​

អាពាហ៍ពិពាហ៍របស់​អ្នកស្រី​ជាមួយ​លោក​នួន ជា​ នៅ​ឆ្នាំ​១៩៥៧មិន​មាន​ការ​ចូល​រួម​របស់​ឪពុក​ម្តាយ​របស់​លោក​នួន ជាទេ​ ដោយសារ​ពេល​នោះ​លោក​ នួន ជា​ ដែល​ធ្វើ​ការងារ​សម្ងាត់​របស់​បក្ស​កុម្មុយនីស្ត​ប្រឆាំង​នឹង​របប​សង្គមរាស្ត្រ​និយម​អំឡុង​ទសវត្សរ៍​១៩៥០​មិន​បាន​អនុញ្ញាត។​

អាពាហ៍ពិពាហ៍​របស់​លោក នួន ជា​និង​អ្នកស្រី​ លី គឹមសេង​ គឺ​ធ្វើ​ឡើង​តាម​រយៈ​បក្ស​កុម្មុយនីស្ត​ដែល​អនុញ្ញាត​ឲ្យ​តែ​មនុស្ស​ក្នុង​បក្ស​ប៉ុណ្ណោះ​រៀបការ​នឹង​គ្នា។​ ឪពុក​របស់​អ្នកស្រី​លី គឹមសេង​គឺ​ជា​សមាជិក​ថ្នាក់​កណ្តាលខណៈ​លោក​នួន​ជា​កាល​នោះ​ ជា​មេ​ដឹកនាំ​ចលនា​តស៊ូ​សម្ងាត់​នោះ។

អាពាហ៍ពិពាហ៍របស់​អ្នកស្រី​ជាមួយ​លោក​ នួន ជា​ គឺ​ដូច​ការ​រៀបការ​ក្នុង​សម័យ​ខ្មែរក្រហម​ដែរ គឺ​រៀបចំ​ឡើង​ដោយ​គ្មាន​ភ្លេង​ការ​គ្មាន​ព្រះ​សង្ឃ​និង​គ្មាន​ពិធី​នានា​ដូច​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ​នោះ​ទេ៕