មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយរូបបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកទល់ពេលនេះមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៤០នាក់ហើយត្រូវបានកោះហៅដោយតុលាការនិងដោយប៉ូលិស។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ឲ្យ VOA ដឹងថា ក្នុងចំណោមសកម្មជននយោបាយទាំងនោះ តុលាការខេត្តបាត់ដំបងកោះហៅ៣៥នាក់ នគរបាលខេត្តកំពង់ធំកោះហៅ៣៥នាក់ នគរបាលខេត្តកណ្តាលកោះហៅ៣៦នាក់ តុលាការកំពង់ស្ពឺកោះហៅ៦នាក់ នគរបាលខេត្តបន្ទាយមានជ័យកោះហៅ៨នាក់ នគរបាលកំពង់ឆ្នាំងចាប់ខ្លួនម្នាក់ និងកោះហៅម្នាក់ តុលាការខេត្តកំពតកោះហៅម្នាក់ និងនគរបាលកោះហៅ៣នាក់ និងនគរបាលខេត្តត្បូងឃ្មុំកោះហៅពីរនាក់។
លោកអំ សំអាតបានបញ្ជាក់តាមទូរស័ព្ទថា ការកោះហៅអតីតមន្ត្រីនិងសមាជិកបក្សប្រឆាំងនឹងបន្តទៅទៀត ប្រសិនបើគ្មានដំណោះស្រាយខាងនយោបាយ។
«តាំងពីបោះឆ្នោតឆ្នាំ១៩៩៣មកគឺអ៊ីចឹង នៅពេលដែលនយោបាយមានភាពតានតឹងគឺការធ្វើទុក្ខបុកម្នេញ ឬការរំខានតែងតែមាន ប៉ុន្តែនៅពេលដែលមានការត្រូវរ៉ូវគ្នាផ្នែកនយោបាយ បញ្ហាទាំងអស់ហ្នឹងក៏ត្រូវចប់ដែរបាទ»។
ការកោះហៅជាសេរីនេះធ្វើឡើងក្រោយពីតុលាការខេត្តបាត់ដំបងកោះហៅអតីតសមាជិក និងសកម្មជននយោបាយអតីតគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺក្រោមបទសង្ស័យថា ពួកគេបានរំលោភសាលដីកាតុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ផ្អែកតាមមន្ត្រីសិទ្ធិមនុស្សដដែល ក្នុងចំណោមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១៤០នាក់នោះមាន អតីតមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ត និងសមាជិកប្រតិបត្តិស្រុកខេត្ត និងសកម្មជនមូលដ្ឋាន។
កាលពីសប្តាហ៍មុន អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចាប់និងឃុំខ្លួនអតីតហេរញ្ញឹកប្រចាំខេត្តនេះរបស់អតីតគណបក្សសង្គ្រោះជាតិ ដោយអះអាងថា រូបគាត់ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសក្នុងវិជ្ជាជីវៈសុខាភិបាល។
ភរិយាលោក ប៉ុល ទិត្យធានី គឺអ្នកស្រី ហៃ ធារី បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនប្តីអ្នកស្រីបានបំពានសិទ្ធិខាងច្បាប់ដោយសារការចាប់ខ្លួននេះធ្វើឡើងមុនពេលប្តីអ្នកស្រីត្រូវតុលាការតម្រូវឲ្យចូលខ្លួននៅខែមិថុនា។
«ការទៅចាប់គាត់ហ្នឹង វាខុសច្បាប់។ វារំលោភបំពាននឹងច្បាប់ហ្មង ព្រោះខ្ញុំអត់បានឃើញដីកាតាំងពីការ តាំងពីថ្ងៃចាប់គាត់មកដល់ឥឡូវ ខ្ញុំអត់ទាន់ អត់ទាន់បានឃើញដីកាទេ»។
រហូតមកទល់ពេលនេះមានអតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយរូបស្លាប់ក្នុងបន្ទប់ឃុំឃាំងនៅខេត្តកំពង់ចាមនិងម្នាក់ទៀតត្រូវចាប់ឃុំខ្លួនក្រោយពីបានបង្ហោះសាររិះគន់ការយកពន្ធអង្ករកម្ពុជានាំចូលសហភាពអឺរ៉ុប។
ក្រសួងការបរទេសស.រ.អា.អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា«បញ្ឈប់ការរឹតបន្តឹងខាងនយោបាយ និងដោះលែងអ្នកដែលត្រូវចាប់ខ្លួនតាមអំពើចិត្តដោយខុសច្បាប់» រួមមានលោក កឹម សុខា និងសកម្មជនជាច្រើនទៀត រួមទាំងអ្នកដែលត្រូវចាប់ខ្លួនថ្មីៗនេះ។ សហរដ្ឋអាមេរិកក៏បានស្នើឲ្យប្រទេសកម្ពុជាស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ព្រមទាំងគោរពច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារ ចំពោះការកោះហៅនិងការឃុំខ្លួនសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងរីករាលដាល។
កាលពីពេលថ្មីៗនេះដែរ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើច្បាប់ថ្មីមួយហៅកាត់ថា CARI Act ដែលទាមទារឱ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាន និងខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ការកោះហៅអតីតសកម្មជននិងមន្ត្រីនយោបាយអតីតគណបក្សសង្គ្រោះជាតិគឺផ្អែកលើហេតុផលសន្តិសុខជាតិ។
«សកម្មភាពមួយចំនួននោះ គេអាចសង្ស័យថា វាប៉ះពាល់ដល់សន្តិសុខជាតិ។ អាហ្នឹងជារឿងមួយ ដែលគ្មានអ្នកណាមួយអាចបង្កឧបសគ្គប្រឆាំងនឹងបទសង្ស័យនៃកាតព្វកិច្ចរបស់តុលាការនោះទេ បាទ»។
ដោយឡែកទាក់ទងនឹងសេចក្តីអំពាវនាវរបស់ក្រសួងការបរទេសអាមេរិកនិងការស្នើច្បាប់ថ្មីរបស់ព្រឹទ្ធសភាអាមេរិកដើម្បីឲ្យមានការដោះលែងសកម្មជនអតីតគណបក្សប្រឆាំងនិងដោះលែងលោកកឹម សុខានោះ លោកផៃ ស៊ីផានមានប្រសាសន៍ថា រដ្ឋាភិបាលអាមេរិកមិនអាចធ្វើតាមក្រុមអ្នកច្បាប់ទាំងនោះបានគ្រប់ពេលនោះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមិនអាចជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជានោះដែរ៕