តុលាការ​កាត់ទោស​ឱ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​គុក​មួយ​ជីវិត

តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បាន​​កាត់ទោស​​​អតីត​​មេដឹកនាំ​​ខ្មែរ​ក្រហម​ នួន ជា​ និង​​ខៀវ សំផន ​​ឲ្យ​​ជាប់គុក​​អស់​មួយ​​ជីវិត​​នៅ​​ថ្ងៃព្រហស្បតិ៍​ ទី០៧ ខែសីហា ឆ្នាំ២០១៤​​នេះ។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ និង ​ខៀវ សំផន ​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់មួយ​ជីវិត​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

លោកចៅ​ក្រម​និល ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បានប្រកាស​សាល​ក្រម​ផ្តន្ទាទោស​អតីត​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នួន ជា ​និង​ខៀវ សំផន​អតីត​ប្រមុខរដ្ឋ​នៃរបប​ខ្មែរក្រហម​នោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រោម​ការ​ទះដៃ​អបអរសាទរ​របស់ជន​រងគ្រោះ​ដែល​បាន​តាមដានការ​ប្រកាស​សាល​ក្រម​ដោយ​ផ្ទាល់​នៅ​សាលាក្តី​ខ្មែរក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។

​«អង្គជំនុំ​ជម្រះសម្រេច​ផ្តន្ទាទោស​ជនជាប់​ចោទ​នួន ជា ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អង្គ​ជំនុំ​ជម្រះសម្រេច​ផ្តន្ទាទោស​ជនជាប់​ចោទ​ខៀវ សំផន ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»។

Your browser doesn’t support HTML5

មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហមកាត់ទោស​មួយ​ជីវិត

​លោកចៅ​ក្រម​និល ណុន ​បញ្ជាក់​ថា​តុលាការ​បាន​រកឃើញ​ជនជាប់ចោទ​ទាំងពីរ​មាន​ទោស​ប្រឆាំង​នឹង​មនុស្ស​ជាតិដែល​ទាក់ទង​នឹង​ការធ្វើ​ទារុណកម្ម ​ការសម្លាប់​និង​ការធ្វើទុក្ខទោស​ផ្នែកនយោបាយ​ជាដើម​ប្រព្រឹត្ត​ឡើង​ចន្លោះ​ពីថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​ដល់​ ខែធ្នូ ​ឆ្នាំ​១៩៧៧។

លោក​ប្រកាស​ថា៖ «អង្គ​ជំនុំជម្រះ​សាលា​ដំបូង​រកឃើញថា​ជនជាប់​ចោទ​នួន ជា ​មាន​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ក្នុង​នោះ​មាន​ការសម្លាប់​រង្គាល​រួម​ទាំងការធ្វើ​មនុស្ស​ឃាត​ ការធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​មូល​ហេតុ​នយោបាយ ​និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​រួម​មាន​ការជម្លៀស​ដោយ​បង្ខំ​ ការធ្វើ​ឲ្យ​បាត់​ខ្លួន​ដោយ​បង្ខំ​និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។​ជនជាប់ចោទ​ខៀវ សំផន ​មាន​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ក្នុង​នោះ​មាន​ការសម្លាប់​រង្គាល​រួម​ទាំងការធ្វើ​មនុស្ស​ឃាត​ ការធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​មូល​ហេតុ​នយោបាយ ​និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​រួម​មាន​ការ​ជម្លៀស​ដោយ​បង្ខំ​ ការធ្វើ​ឲ្យ​បាត់​ខ្លួន​ដោយ​បង្ខំ​និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស»។

ការផ្តន្ទាទោស​ធ្វើ​ឡើង​៣៥​ឆ្នាំ​ក្រោយ​ពីរបប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។​របប​នេះ​បាន​បង្ក​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច​១,៧លាននាក់​ដោយ​ការសម្លាប់ ​ដោយ​អត់អាហារ ​ដោយ​ការធ្វើការហួស​កម្លាំង​និង​ដោយសារ​ទាសភាព។

​សហ​ព្រះរាជអាជ្ញា​ជាតិ​លោកស្រីជា លាង ​បានគាំទ្រ​ដល់​ការ​ដាក់​ទោស​នួន ជា ​និង​ខៀវ សំផន​នេះ។

លោក​ស្រី​បញ្ជាក់​ថា៖ «យើង​ជឿជាក់​ថា​អង្គជំនុំជម្រះ​នេះ​បាន​សម្រេច​យ៉ាង​ត្រឹមត្រូវ»។

ដោយឡែក​លោកសហព្រះរាជអាជ្ញា​អាមេរិកាំង​ Nicholas Koumjian ​លើក​ឡើង​ថាការ​ផ្តន្ទាទោស​លើជនជាប់ចោទ​នួន ជា ​និង​ខៀវ សំផន ​ប្រកប​ដោយ​«យុត្តិធម៌»​និង​សមាមាត្រ​ទៅ​នឹង«ភាព​ធ្ងន់ធ្ងរ​នៃ​ឧ​ក្រិដ្ឋកម្ម»​ដែល​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​ទាំងពីរ។

ក្រុមមេធាវី​តំណាង​ដើមបណ្តឹង​រដ្ឋវប្បវេណី​ដែល​ជា​ភាគី​តំណាង​ឲ្យ​ជនរងគ្រោះក៏​បានស្វាគមន៍​ការសម្រេច​ទោស​នេះ​ដែរ។

ផ្ទុយទៅវិញ​ទាំង​សហមេធាវី​ការពារក្តី​របស់​នួន ជា ​ទាំង​សហមេធាវី​របស់​ខៀវ សំផន ​ប្រកាស​ដូចគ្នា​ថា​សាលក្រម​ដែល​ដាក់​ទោស​ឲ្យ​កូន​ក្តី​ផង​ខ្លួន​ជាប់គុក​អស់​មួយ​ជីវិត​នេះ​ជារឿង​«អយុត្តិធម៌»​ហើយ​ក្រុមមេធាវី​ការពារ​ចុងចោទ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត។ដោយ​ឡែក​ក្រុម​មេធាវី​ការពារក្តី​របស់​នួន ជា ​ទាមទារ​ឲ្យ​ផ្លាស់ប្តូរ​ក្រុមចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ទាំងប្រាំរូប​ចេញ។

​អង្គជំនុំជម្រះ​សាលាដំបូង​ក៏​បាន​សម្រេច​ផ្តល់​សំណង​ជា​សមូហភាព​និង​ផ្លូវចិត្ត​មួយ​ចំនួន​សម្រាប់​ជន​រងគ្រោះ​ប៉ុន្តែ​ក្នុង​ចំណោម​គោលការណ៍​ផ្តល់សំណង​ចំនួន​១៣​មាន​សំណង​ចំនួន​ពីរ​មិន​ត្រូវ​បាន​អនុម័ត​ទេ​ដោយសារ​មិនទាន់មាន​ការគាំទ្រ​ផ្នែក​មូលនិធិ។

ភ្លាម​ៗ​ក្រោយ​ពី​ការប្រកាស​សាលក្រម​ ស្ថានទូត​អាមេរិកបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្វាគមន៍​ដោយរំពឹង​ថា«សាល​ក្រម​នេះ​នឹង​ផ្តល់​នូវ​យុត្តិធម៌​និង​ធ្វើឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ស្ងប់ចិត្ត»។​

ដោយ​ឡែក​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ដែល​មាន​២៨​ប្រទេស​ជា​សមាជិក​បានថ្លែង​ថា​ការផ្តន្ទាទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​នួន ជា​ និង​ខៀវ សំផន​ «គឺ​ជា​ជំហាន​វិជ្ជមាន​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ប្រយុទ្ធរួម​ប្រឆាំង​នឹង​និទណ្ឌភាព»។

អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ដដែល​សង្កត់ធ្ងន់​ថា​សាលក្រម​នេះ​បញ្ជាក់​ថា​«មេដឹកនាំ​ណា​ក៏ដោយ​អាច​នឹង​ត្រូវ​នាំមក​កាត់ទោស​ដោយសារ​អំពើ​របស់​ពួកគេ​ បើទោះជា​ពួកគេ​បានប្រព្រឹត្តិ​ជាច្រើន​ទសវត្សរ៍​កន្លង​ទៅ​ហើយ​ក្តី»៕