លោក Krugman និយាយថា អ្វីដែលលោកបារម្ភនោះ គឺមិនមែនកំណើនសេដ្ឋកិច្ចរបស់ចិន និងភាពលុបលើសេដ្ឋកិច្ចក្នុងពិភពលោកនោះទេ។ ផ្ទុយទៅវិញ អ្វីដែលលោកបារម្ភគឺលទ្ធភាពដែលអាចឲ្យសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ និងឥទ្ធិពលដ៏ខ្លាំងក្លានៃការធ្លាក់ចុះនេះទៅលើសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញផ្នែកពាណិជ្ជកម្មអន្តរជាតិ លោក Krugman បានទទួលពានរង្វាន់ណូបែលសម្រាប់សេដ្ឋកិច្ចកាលពី ៨ ឆ្នាំមុន។ លោកបានថ្លែងនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ VOA។
លោកបាននិយាយថា បញ្ហាធំបំផុតនោះគឺថា តើចិននឹងធ្វើអ្វីនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ហើយថាតើនឹងមានបញ្ហាអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល។
សេដ្ឋកិច្ចចិនមិនមែនធំមហិមារហូតដល់ថ្នាក់មិនអាចដូលរលំបាននោះទេ
នៅពេលសួរថា តើសហគមន៍អន្តរជាតិនឹងមកជួយសង្រ្គោះចិនស្រដៀងទៅនឹងការជួយតាមរយៈកម្មវិធីបង់ប្រាក់ជួយសង្គ្រោះដល់ធនាគារដែលរដ្ឋាភិបាលអាមេរិកបានធ្វើឡើងបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៧ និង២០០៨ ឬយ៉ាងណានោះ លោក Krugman បានគ្រវីក្បាលហើយនិយាយថា៖ «អត់ទេ ទោះបីជាប្រទេសខ្លាំងបំផុតនៅក្នុងពិភពលោកក៏ដោយ ក៏ពិបាកនឹងជួយសង្រ្គោះសេដ្ឋកិច្ចចិនណាស់ សេដ្ឋកិច្ចចិនគឺធំហួសប្រមាណ តែមិនមែនមានន័យថាធំរហូតដល់ថ្នាក់អាចជៀសផុតពីគ្រោះថ្នាក់នោះទេ គឺវាធំពេកដែលពិបាកនឹងជួយសង្រ្គោះបាន»។
លោកបានបន្ថែមថា៖ «តើអ្នកណាអាចនឹងធ្វើរឿងនេះទៅ? តើរដ្ឋបាលរបស់លោក ត្រាំ នៅសហរដ្ឋអាមេរិកឬ? តើសហភាពអឺរ៉ុបដែលកំពុងតែរវល់ជាមួយនឹងការបែកបាក់គ្នាឬ? ចម្លើយគឺទេ នឹងមិនមានការជួយសង្រ្គោះពីសាកលលោកនោះទេ»។
ផលវិបាកផ្នែកនយោបាយដែលជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ ក៏ជាក្តីបារម្ភធំមួយផងដែរ។ លោក Krugman បាននិយាយថា៖ «ចិនមានសេដ្ឋកិច្ចខ្លាំងល្មមដែលអាចធ្វើឲ្យមានផលប៉ះពាល់ផ្ទាល់ទៅលើពិភពលោក ប៉ុន្តែ ភាគច្រើនប៉ះពាល់ខ្លាំងបំផុតដល់តំបន់អាស៊ី។ ប៉ុន្តែខ្ញុំបានចាប់ផ្តើមមានការបារម្ភអំពីសេដ្ឋកិច្ចនយោបាយរួចទៅហើយ។ តើនឹងមានអ្វីកើតឡើងចំពោះស្ថិរភាពផ្ទៃក្នុងរបស់ចិន? វាមិនមែនជារឿងល្អនោះទេ»។
អ្នកវិភាគជាច្រើនបានអះអាងរៀងៗខ្លួន ហើយក្រុមអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសង្ឃឹមថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយ និងសង្គមដែលធ្វើឲ្យមានការផ្លាស់ប្តូររបបដឹកនាំ បើទោះបីជាការប្តូររបបនោះត្រូវបានដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន ឬដោយសមាជិករបស់រដ្ឋាភិបាលបច្ចុប្បន្នក៏ដោយ។ លោក Krugman និយាយថា លោកគិតថា លទ្ធផលជាច្រើនអាចនឹងកើតមានឡើង រួមទាំងការបែរទៅរកវិធីសាស្រ្តហិង្សាម្តងទៀតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបង្ក្រាបលើបាតុកម្ម និងអ្នកប្រឆាំងនឹងរដ្ឋាភិបាល។
ប្រទេសចិនគឺដូចទៅនឹងប្រទេសជប៉ុនដែលគ្មានសំណាញ់សុវត្ថិភាព
លោក Krugman បានប្រាប់ VOA ថា៖ «យើងបានឃើញមានការធ្លាក់ចុះសេរីភាពនយោបាយជាច្រើននៅក្នុងប្រទេសចិន។ អ្នកអាចនឹងឃើញមានការធ្លាក់ចុះកាន់តែខ្លាំងជាងនេះទៅទៀត។ តើអ្នកណាអាចដឹងបានទៅ?»។
លោកបានបញ្ចេញនូវគំនិតយ៉ាងទូលំទូលាយទាក់ទងនឹងអ្វីដែលអាច ឬមិនអាចកើតមានឡើងនៅក្នុងប្រទេសចិន ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
លោក Krugman ជាញឹកញាប់តែងប្រៀបធៀបស្ថានភាពប្រទេសចិនទៅនឹងស្ថានភាពដែលប្រទេសជប៉ុនធ្លាប់បានឆ្លងកាត់។ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ខណៈដែលប្រទេសនៅអាស៊ីខាងកើតទាំងពីរនេះនៅតែមានឥទ្ធិពលគួរឲ្យកត់សម្គាល់ក្នុងកិច្ចការអន្តរជាតិ និងមានភាពប្រហាក់ប្រហែលគ្នាផ្នែកសេដ្ឋកិច្ចនោះ ប្រទេសចិនអាចនឹងរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុខ្លាំងជាង។
លោក Krugman និយាយថា ស្ថានភាពប្រទេសចិននាពេលបច្ចុប្បន្ននេះគឺដូចទៅនឹងប្រទេសជប៉ុន «ពាក់ព័ន្ធនឹងការសន្សំហួសកម្រិត ការមិនមានឱកាសវិនិយោគគ្រប់គ្រាន់ និងភាពលេចធ្លោរលើការវិនិយោគក្នុងវិស័យអចលនទ្រព្យមួយ។ បញ្ហាទាំងនេះមើលទៅដូចទៅនឹងប្រទេសជប៉ុនខ្លាំងណាស់ ប៉ុន្តែសំណាញ់សុវត្ថិភាពវិញមានលក្ខណៈទន់ខ្សោយ»។
លោកនិយាយថា ប្រទេសជប៉ុនមានស្ថិរភាពនយោបាយ និង«ពូកែខាងបង្កើតការងារ។ លោកបានបន្ថែមថា រដ្ឋាភិបាលក្រុងតូក្យូ «បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធក្នុងចំនួនមួយដែលគេមានចម្ងល់ ប៉ុន្តែប្រទេសនេះនៅតែរក្សាបាននូវស្ថិរភាពសង្គម»។
សង្គមរួបរួមគ្នាក៏ចូលរួមចំណែកផងដែរ
លោក Krugman បាននិយាយថា «លើសពីនេះទៅទៀត ជប៉ុនជាសង្គមដែលមានការរួបរួមគ្នា» គឺប្រៀបដូចជា«គ្រួសារមួយដ៏ធំអញ្ចឹងដែរ» បើទោះបីជា «ប្រទេសនេះមិនត្រូវបានដឹកនាំយ៉ាងល្អជាប់ជាលំដាប់ក៏ដោយ»។
ការរួមគ្នានេះជាគន្លឹះក្នុងការជួយសង្គមទោះបីជាមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ប៉ុន្តែលោកKrugman អះអាងថា ការរួមគ្នាបែបនេះមិនមានទេនៅក្នុងប្រទេសចិន ជាពិសេសនាពេលបច្ចុប្បន្ននេះ។
នៅពេលសួរអំពីទ្រឹស្តីសេដ្ឋកិច្ចល្បីៗដែលពាក់ព័ន្ធនឹងកម្រិតកើនឡើងនៃចំណូលជាមួយនឹងការផ្ទាស់ប្តូរជាប្រព័ន្ធដើម្បីលើកកម្ពស់អភិបាលកិច្ច លោក Krugman បានប្រាប់ VOA ថា លោកមិនដែលបានគិតពីគំនិតទាំងនោះទេ។ លោកបាននិយាយថា តាមពិតទៅ ការអភិវឌ្ឍជាសាកល «មិនមានអ្វីជាប់ពាក់ព័ន្ធនឹង» ការដឹកនាំទៅរកលទ្ធិប្រជាធិបតេយ្យជាសាកលនោះទេ។ លោកបានបន្ថែមថា ទ្រឹស្តីមួយចំនួនអាចជា «ការកើតឡើងដោយឥតគ្រោងទុកជាប្រវត្តិសាស្រ្ត» ដែលមិនមាន «ការធានា» នោះទេ។
បន្ថែមលើការខិតខំប្រឹងប្រែងដើម្បីសម្រេចការសិក្សារបស់លោក លោក Krugman ក៏ជាអ្នកនិពន្ធសៀវភៅជាច្រើន ជាអ្នកសរសេរប្លក់ ជាអ្នកសរសេរអត្ថបទទស្សនៈសម្រាប់កាសែត The New York Times លើប្រធានបទសេដ្ឋកិច្ច និងនយោបាយផងដែរ។ លោកបញ្ចេញមតិតាមគំនិតរបស់លោកអំពីការពឹងផ្អែកកាន់តែខ្លាំងរបស់សង្គមជាសាកលទៅលើម៉ាស៊ីនស្វ័យប្រវត្តិ ដោយលោកប្រើឃ្លាបែបកំប្លែងមួយថា៖ ១៥ ឆ្នាំពីឥឡូវទៅ «មនុស្សយន្តនឹងសម្លាប់យើងទាំងអស់គ្នាជាមិនខាន»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ