គណៈ​កម្មការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នៅ​អាច​កើត​មាន

Wasu sojoji masu gabatar da kara ke zaune a layin gaba, yayin da wasau sojojin da ake tuhuma da laifin kai hari kan kwamandansu suka bayyana gaban wata kotun soja a Abuja, 17 ga Satumba, 2014.

ភ្នំពេញ៖ ប្រធាន​ក្រុម​ចរចា​ស្តី​ពី​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​លោក ​ជាម ​យៀប​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នៅ​មាន​លទ្ធភាព​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ឡើយ​ បើ​ទោះ​ជា​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​រួច​ហើយ​ក្តី។​

ដំណាល​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការ​ប្រកាស​លទ្ធផល​បណ្តោះ​បោះឆ្នោត​អាសន្នក្នុង​ខេត្ត​ក្រុង​ចំនួន​១៥។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរិហារ​ថា​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ក្នុង​ការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​ហើយ​កត្តា​នេះ​ដែល​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​អាសនៈ​តំណាង​រាស្ដ្រ។​

គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​មុន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។​ យ៉ាងណា​ក៏ដោយ ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​លទ្ធផល​ឆ្នោត​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ជាម ​យៀប​យល់​ឃើញ​ថា​ លទ្ធភាព​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​បាន​លើក​ឡើង​នោះ​ អាច​នឹង​កើត​ទៅ​បាន​នៅ​មុន​ពេល​ដែល​គ.ជ.ប. ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដែល​គ្រោង​ធ្វើ​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​ទី​៨​ខែ​កញ្ញា​ខាង​មុខ​នេះ។​

លោក​និយាយថា៖​ ​«មិន​ទាន់​អស់​ពេល​ទេ។ ​វា​នៅ​មាន​ចន្លោះ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​ទៅ​ការ​ប្រកាស​ជា​ផ្លូវការ។​ មិន​ទាន់​ដឹង​ថ្ងៃ​ណា​ទេ​ ប៉ុន្តែ​យ៉ាង​យូរ​ថ្ងៃ​ទី​៨​ខែ​កញ្ញា។ ​ផ្លូវ​មួយ​ទៀត​ បើ​ គ.ជ.ប.​ ដោះស្រាយ​ ហើយ​មិន​ទាន់​អស់ចិត្ត​ យើង​អាច​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថែម​ទៀត»។​

សេចក្តី​អះអាង​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មន្ត្រី​ផ្លូវការ​គ.ជ.ប.​ អះអាង​ថា ​គណៈ​កម្មការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​បង្កើត​បាន​តទៅ​ទៀត​ទេ​ដោយសារ​តែ​គណបក្ស​ជាប់​ឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិមិន​ចុះ​សម្រុង​គ្នា​លើ​គោល​ការណ៍។​

គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ខាង​អង្គការ​ជាតិ​និង​អន្តរជាតិ​ ព្រមទាំង​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍។ ​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​ ពុំមាន​គោល​ការណ៍​ច្បាប់​សម្រាប់​ធ្វើ​បែប​នេះ​ទេ។​

លោក​ជាម​ យៀប​បញ្ជាក់​ថា​ គេ​ត្រូវ​ទុក​ឲ្យ​គ.ជ.ប. ​ជា​អ្នក​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នេះ​ដោយបើក​កិច្ច​ប្រជុំ​ត្រី​ភាគី​គ.ជ.ប. ​និង​គណបក្ស​នយោបាយ​ទាំង​ពីរ។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ដដែល​បន្ថែម​ថា​ ជំនួប​នោះ​ក៏​អាច​ជា​បច្ច័យ​ល្អ​សម្រាប់​ដោះ​ស្រាយ​ភាព​តានតឹង​រវាង​គណបក្ស​ទាំង​ពីរ​ដែរ។​

លោក​និយាយ​ថា៖​ «យើង​អាច​និយាយ​គ្នា។ ​មិន​មែន​និយាយ​តែ​ភាព​មិន​ប្រក្រតី​មួយ​ទេ ​អ្វីៗ​ផ្សេង​ទៀត ​ដែល​ជា​ជំហានដំបូង​នៃ​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ»។​
លោក​គួយ ​ប៊ុនរឿន ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​ បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ល្ងាច​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​គ.ជ.ប.​ក្នុង​បរិវេណ​ក្រសួង​មហា​ផ្ទៃ​ថា​ គណបក្ស​ជំទាស់​ស្វាគមន៍​សុឆន្ទៈ​ដែល​លើក​ឡើង​ដោយ​គណបក្ស​កាន់អំ​ណាច។​

ប៉ុន្តែ​គណបក្ស​ជំទាស់​ចង់​កម្រិត​គ.ជ.ប.​ឲ្យ​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​បាន​រក​ឃើញ។​

លោក​និយាយថា៖​ «យើង​អាច​គាំ​ទ្រ​ឲ្យ​មាន​ការកោះ​ប្រជុំ​គណបក្ស​ទាំង​ពីរ​ប៉ុន្តែ​យើង​ស្នើ​សុំ​ឲ្យ​គ.ជ.ប.​នៅ​ដោយឡែក​ពី​គណៈ​កម្មការ​នេះ។ ​ហើយ​យើង​ស្នើ​សុំ​ឲ្យ​គ.ជ.ប.​មាន​ភារកិច្ច​សម្រប​សម្រួល​ នៅ​ពេល​ដែល​គណៈ​កម្មការ​ឯករាជ្យ​មួយ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ ​ហើយ​ពេល​ត្រូវ​ការ​ឆែក​នូវ​ព័ត៌មាន​ណាមួយ​ គ.ជ.ប.​ត្រូវ​តែ​ផ្តល់​ឱកាស​ឲ្យ​គណៈ​កម្មការ​ឯករាជ្យ​នេះ​ពិនិត្យ​មើល»។​

ផ្ទុយទៅវិញ ​លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​គ.ជ.ប. ​នៅ​តែ​អះអាង​យ៉ាង​រឹងមាំ​ថា ​គណៈ​កម្មការ​នោះ​មិន​អាច​បង្កើត​បាន​ទេ។​ ហើយ​គ.ជ.ប.​ក៏​បាន​ប្រាប់​ដំណឹង​នេះ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ​ដែរ​ កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក​ទេព ​នីថា ​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​មិន​អាច​កោះ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចូល​ប្រជុំ​ទៀត​ទេ​ ដោយ​សារ​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​ត្រូវ​បាន​ប្រកាស​រួច​ទៅ​ហើយ​ ​ហើយ​គណបក្ស​ដែល​មិន​សុខចិត្ត​មាន​តែ​ប្តឹង​ជំទាស់​តែ​ប៉ុណ្ណោះ។​

ភាពតានតឹង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​បាន​កើត​ឡើង​ដោយសារ​ ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ និង​លោក​កឹម ​សុខា​ សុទ្ធ​តែ​អះអាងពី​ជ័យជំនះ​រៀងៗ​ខ្លួន៕​