ខ្មែរ-អាមេកាំង​នៅ​រដ្ឋ Virginia​ បោះឆ្នោត​ដូរ​មិន​ឈរ​លើ​បក្ស​តែ​មួយ​ទេ

រូបឯកសារ៖ អ្នក​បោះឆ្នោត​កំពុង​គូស​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១២ នៅ​ទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ (VOA Khmer)

ការ​បោះឆ្នោត​បឋម​នៅរដ្ឋ​ Virginia ហាក់​បង្ហាញ​ពី​សំទុះ​ទឹកចិត្ត​នៃ​អ្នក​បោះឆ្នោត​ និង​កំណត់​អ្នក​មាន​ជ័យ​ជម្នះ​កាលពី​៨​ឆ្នាំមុន។

សហគមន៍​ខ្មែរ​នៅក្នុង​រដ្ឋ​ Virginia ​ដែល​ជាប់​នឹង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នេះ​មិន​ជា​ធំ​ប៉ុន្មាន​ទេ​ គឺ​មាន​ពលរដ្ឋ​ចំនួន​រាប់​ពាន់​នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ពួកគេ​សកម្ម​ក្នុង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ហើយ​តែងតែ​មាន​ឥទ្ធិពល​ទៅ​ដល់​ជន​រួមជាតិ​របស់​គេ​នៅ​ឯ​រដ្ឋ​ផ្សេងៗ​ទៀត។

សន្លឹក​ឆ្នោត​របស់​ពួកគេ​មិន​ផ្តល់​ជូន​គណបក្ស​ដដែលៗ​ទេ គឺ​ផ្លាស់​ប្តូរ​ទៅតាម​បញ្ហា​អ្វី​ដែល​ពួកគេ​ចង់​បាន។ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ខាងមុខ ពួកគេ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច ​សុខាភិបាល ​ការ​អប់រំ ​និង​នយោបាយ​ការបរទេស​ជា​អាទិភាព។

លោកស្រី រ៉ានី លូស៊ីនស្គី ​កំពុង​សំឡឹង​រកមើល​បេក្ខជន​ណា​ដែល​មាន​គោលការណ៍​នយោបាយ​ការបរទេស​មិន​គឃ្លើន ​មាន​ផែនការ​សេដ្ឋកិច្ច​ល្អ ​និង​បញ្ចុះ​តម្លៃ​ឈ្នួល​សាលា។

«ព្រោះ​ខ្ញុំ​ឃើញ​ថា​ថ្លៃ​ឈ្នួល​សិក្សា​នៅ ​មហា​វិទ្យាល័យ​នៅក្នុង​សហរដ្ឋ​អាមេរិក​សព្វថ្ងៃនេះ​ គឺថ្លៃ​ខ្ពស់​ណាស់ ​ហើយ​ខ្ញុំ​ជឿ​ថា​ ប្រទេស​មួយ​ដែល​មាន​ការ​ជឿនលឿន​បាន​ ទាល់តែ​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​ និង​មាន​សមត្ថភាព​ខ្ពស់​ គឺ​ភាគច្រើន​ហ្វឹកហាត់​នៅ​សាលា។ ចុះ​បើ​ថ្លៃសាលា​ខ្ពស់​ពេក​ ប្រជាពលរដ្ឋ​អត់​មាន​លុយ​រៀន​នោះ​នឹង​នាំ​ឱ្យ​សមត្ថភាព​ចុះ​អត់​ខ្សោយ​ដែរ‍»។​

រូបថតឯកសារ៖ អ្នក​ស្វែង​រក​ការងារ​ធ្វើ​បាន​មកប្រឹក្សា​យោបល់​ការងារ​នៅឯ​មូលនិធិ​សភា​ពាណិជ្ជកម្ម​អាមេរិក​ស្តីអំពី​ការ​រើស​ការងារ​ក្នុង​ជួរ​កង​ទ័ព នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកស្រី​ធ្លាប់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ​ និង​ក្រោយ​មក​ដូរមក​គណបក្ស​សាធារណរដ្ឋ​វិញ។

«ខ្ញុំ​អត់​ជាប់​តែ​មួយ​ទេ។ ខ្ញុំ​សំឡឹង​មើល​ថា ​តើ​បេក្ខជន​ហ្នឹង​មាន​សមត្ថភាព​ មាន​លក្ខណៈ​ល្អ ខ្ញុំ​នឹង​បោះឆ្នោត​ជូន​បេក្ខជន​នោះ។ ខ្ញុំ​មិន​នៅ​ជាប់​តែ​មួយ​ថា ​ខ្ញុំ​ជា​សមាជិក​របស់​គណបក្ស​សាធារណរដ្ឋ​ ខ្ញុំ​ត្រូវ​តែ​នៅ​បោះឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​រហូត​ទេ ទោះបី​ជា​គណបក្ស​សាធារណរដ្ឋ​ហ្នឹង​ធ្វើ​មិន​ល្អ​ក៏ដោយ​។ ខ្ញុំ​អត់​អីចឹង​ទេ‍»។​

លោក​ តាន់ វិបុល ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត ​តែង​តែ​ផ្លាស់​ប្តូរ​គោល​ជំហរ​ទៅតាម​ស្ថានការណ៍​ចាំ​បាច់​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ។ លោក​ធ្លាប់​បាន​ផ្លាស់ប្តូរ​គោល​ជំហរ​ពី​គណបក្ស​សាធារណរដ្ឋ​មក​គណបក្ស​ប្រជាធិបតេយ្យ។ សម្រាប់​ការ​បោះឆ្នោត​លើក​នេះ ​លោក​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មក​ជា​អ្នក​ឯករាជ្យ​វិញ ​ដោយ​គ្រាន់​តែ​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ។

លោក​បាន​ពន្យល់​ពី​ហេតុផល​នៃ​ការ​ប្តូរចិត្ត​ជា​ញឹកញាប់​ថា៖

«យើង​អត់​ឆ្ពោះតែ​ទៅលើ​គណបក្ស​តែ​មួយ​ទេ។​ យើង​មើល​តែ​អ្វី​ដែល​ជាអាទិភាព​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស។ ​ហើយ​បើសិន​ជា​ភាព​អត់មាន​ការងារ​ធ្វើ​ច្រើន​ តើ​យើង​គួរតែ​ជ្រើ​ស​រើស​អ្នក​ដឹកនាំ​យ៉ាងម៉េច​ ដើម្បី​ធានា​ថា ​បង្កើត​ឱ្យ​មាន​កិច្ចការ​ ហើយ​បើសិន​ជា​ខាង​សុខាភិបាល​មិន​ល្អ​ តើ​គណបក្ស​ណា​មួយ​ដែល​ចំណាយ​ពេល​ចំណាយ​ថវិកា ​ដើម្បី​បង្កើន​ទំនុក​ទុកចិត្ត​នៅក្នុង​វិស័យហ្នឹង‍»។

ដូចគ្នា​នេះ​ដែរ លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ បាន​ផ្តល់​ការ​ពន្យល់​ពីអ្នក​ដែល​សមនឹង​ទទួល​សន្លឹក​ឆ្នោត​របស់​លោក៖​

«ខ្ញុំ​មើល​ចរិត​បេក្ខជន​ហ្នឹងដែរ​ម្ល៉ោះ​ ហើយ​ខ្ញុំ​មិន​ទៅតាម​គណបក្ស​ណា​តែមួយ​ទេ។ ហើយ​មួយ​ទៀត​ ខ្ញុំ​ក៏​មិន​ចង់​ឃើញ​គណបក្ស​មួយ​ណា​ឱ្យ​កាន់​អំណាច​យូរឆ្នាំ​ផងដែរ​ពីព្រោះ​តែ​កាលណា​អំណាច​វា​ចាក់​ឫសទៅ ​ច្រើន​តែ​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​ និង​បក្ស​ពួក​ពុករលួយ​ធ្វើ​អ្វី​ផ្តេសផ្តាស‍»។​

ការ​បោះឆ្នោត​បឋម​នៅរដ្ឋ​ Virginia ហាក់​បង្ហាញ​ពី​សំទុះ​ទឹកចិត្ត​នៃ​អ្នក​បោះឆ្នោត​ និង​កំណត់​អ្នក​មាន​ជ័យ​ជម្នះ​កាលពី​៨​ឆ្នាំមុន។ នៅពេល​នោះ​អ្នក​ដែល​ចេញ​មក​បោះឆ្នោត​បឋម​ខាង​គណបក្ស​សាធារណរដ្ឋ​ មាន​តែ​ជិត​៥០ម៉ឺននាក់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​អ្នក​បោះឆ្នោត​មក​ពីខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​ច្រើន​ជាង​ពីរដង​ គឺ​រហូត​ដល់​ជិត​មួយ​លាន​នាក់។ នេះ​បើ​យោង​តាម​តួលេខ​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋ Virginia។

​ការ​បោះឆ្នោត​បឋម​នោះ​បាន​ផ្តល់​ជ័យជម្នះ​ដល់​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ បារ៉ាក់ អូបាម៉ា​ និង​ក្រោយ​មក​នាំ​ឱ្យ​លោក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ហើយ​បាន​ចូល​កាន់​តំណែង​ក្នុង​សេតវិមាន។

សម្រាប់​ការ​បោះឆ្នោត​បឋម​ឆ្នាំ​នេះ​នៅរដ្ឋ Virginia ដែល​បាន​រៀបចំ​កាលពី​ថ្ងៃ​ទី១ ខែ​មិនា គឺ​មាន​អ្នក​ចេញ​មក​បោះឆ្នោត​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រហូត​ដល់​ចំនួន​ជាង​មួយលាន​នាក់​ រីឯ​អ្នក​ដែល​ចេញ​មក​បោះឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​តែ​ជិត​៨០ម៉ឺន​នាក់​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ-អាមេកាំង​ខ្លះ​ដែល​រស់​នៅ​ក្នុង​រដ្ឋ Virginia ​ក៏​គិតគូ​រហូត​ដល់​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

សម្រាប់​លោក​ ព្រហ្ម​ សៅរ៍ណូរ៉ា ​ប្រធាន​កិត្តិយស​នៃ​សមាគម​មិត្ត​ខ្មែរ​អាមេរិកាំង ​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ជួយ​ដល់​បុព្វហេតុ​នានា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជា​ច្រើនឆ្នាំ​មក​នេះ​ បាន​សម្រេច​ថា​ នឹង​បោះ​ជូន​គណបក្ស​សាធារណរដ្ឋ​ ដោយ​សារ​លោក​យល់​ថា ​ប្រធានាធិបតី​មក​ពី​គណបក្ស​នេះ​តែងតែ​គិតគូ​រដល់​ប្រទេស​កម្ពុជា​ច្រើន​ជាង។

«ផលប្រយោជន៍​ជាតិ​កម្ពុជា​ វា​ធំ​ជាង​ផល​ប្រយោជន៍​ជាតិ​សហរដ្ឋ​អាមេរិក​ ពីព្រោះ​យើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ យើង​មាន​គ្រប់​គ្រាន់​អស់​ហើយ។ សេរីភាព​ក៏យើង​មាន។ យើង​មាន​លុយកាក់​ក៏​មិន​ខ្វះ។ ស្អីក៏​មិន​ខ្វះ​ការ​ថែរក្សា​សុខភាព​ក៏​មិន​មាន​ចំណោទ។ ដូច្នេះ​រឿង​ដែល​សំខាន់​ជាង​គេ​ គឺ​រឿង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​សេរីភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​កម្ពុជា‍»។​

បើ​តាមការ​ស្ទង់មតិ​សាធារណជនថ្មីៗ​បំផុត​ថា​ លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានការគាំទ្រ​ប្រកិតៗគ្នា។

លោក​គាំទ្រ​លោក​ ដូណល់ ត្រាំ​ (Donald Trump) បើ​ទោះបី​ជា​មហាជន​ខ្លះ​មិន​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា និង​គោល​នយោបាយ​មួយ​ចំនួន​របស់​មហាសេដ្ឋី​រូបនេះ​ជាពិសេស​លើ​គោល​នយោបាយ​ជន​អន្តោប្រវេសន៍។​ ប៉ុន្តែ​នេះ​ហាក់​ដូច​ជា​មិន​ជា​បញ្ហា​អ្វី​ទេ​សម្រាប់​លោក​ សៅរ៍​នរ៉ា។

«លោក ដូណល់ ត្រាំ​ គាត់​មាន​របៀប​គាត់​និយាយ​របៀបនេះ​ ដោយសារ​គាត់​ជា​អ្នក​រកស៊ី។ ដូច្នេះ​សម្តី​គាត់​និយាយ​អីចឹង​ឯង។ អ្នក​រកស៊ី​ គេ​និយាយ​សម្រេច​ចិត្ត​ដាច់​ណាត់។ ប៉ុន្តែ​មិន​មែន​ថា​ដូរ​មិនកើត​ទេ។ គេ​មើល​ថា​ចំណេញខាត​យ៉ាង​ម៉េច​គេ​ដូរ​អីចឹង​ហើយ‍»។​

លោក ​យ័ប គឹមទឹង ក៏​បាន​សម្តែងការ​កោត​សរសើ​ចំពោះ​លោក​ ដូណល់ ត្រាំ​ ដែល​បាន​បំបែក​ទម្លាប់​ក្នុង​គណបក្ស ​ដោយ​សារ​តែ​លោក​ហ៊ាន​រិះគន់​គណបក្ស​នេះ​ហើយ​នៅតែ​មាន​លទ្ធភាព​ទាក់​ទាញ​អ្នក​គាំទ្រ​ក្នុង​បក្ស​បាន​ទៀត។

«ដូចអស្ចារ្យ​ម្យ៉ាងដែរ ​ដែល​ថា​នៅស្រុក​នេះ​បេក្ខជន​នីមួយៗ​ គេ​មាន​សេរីភាព​និយាយ​ខ្លាំងៗ ​ទោះបី​ជា​គេ​ប្រឆាំង​គណបក្ស​ក៏​គេ​អត់​មាន​ទោស‍»។

​ក្នុង​រយៈពេល​១៦ឆ្នាំ​ចុងក្រោយ​នេះ​ លទ្ធផល​ឆ្នោត​ដែល​ទទួល​បាន​នៅរដ្ឋ​ Virginia ​នេះ​ហាក់​ដូច​ជា​កំណត់​អ្នក​ដែល​នឹង​មាន​សិទ្ធិ​ទៅកាន់​តំណែង​ក្នុង​សេតវិមាន​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ ​ដូចជា​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៤ លោក​ប្រធានាធិបតី​ ចច ប៊ូស បាន​ឈ្នះ​នៅទីនេះ ​ហើយ​នៅឆ្នាំ​២០០៨ និង​ឆ្នាំ​២០១២ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ក៏​បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ​នេះ​ផងដែរ។

សម្រាប់​លោក​ យុទ្ធ ហ៊ាន ការ​បោះឆ្នោត​នៅសហរដ្ឋ​អាមេរិក​អាច​នឹង​ជះឥទ្ធិពល​មួយ​ផ្នែក​ដល់​តំបន់​អាស៊ី​ ជាពិសេស​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចូល​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​យុទ្ធសាស្រ្ត​នេះ។

លោក ​យុទ្ធ ហ៊ាន​ ដែល​ងាក​មក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​អណត្តិ​នេះ​ យល់​ថា​ប្រធានាធិបតី​ថ្មី​នឹង​អាច​មាន​ការគិត​គូរ​ច្រើន​ជាងមុន​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ ដែល​លោក​មើល​ថា​កាន់តែ​ធ្លាក់​ដុនដាប។

«ឥឡូវនេះ​សិទ្ធិ​មនុស្ស​នៅ​ស្រុកខ្មែរ​កំពុងតែ​ធ្លាក់ចុះ​ធ្ងន់ហើយ​ ដោយ​សារ​ពួកហ្នឹង​ធ្វើ​បុករុក​ដល់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ និង​ការពារ​សិទ្ធិ​មនុស្ស​ដើម្បី​ធ្វើ​ឱ្យ​វឹកវរ​រឿង​បោះឆ្នោត‍»។​

បេក្ខជន​ដែល​គេ​សន្មត់​ថា​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​មហា​សេដ្ឋី​អចលនទ្រព្យ​ ដូណល់ ត្រាំ។ រីឯ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​គឺ​នៅ​មិន​ទាន់​ដាច់​ស្រេច​រវាង​លោកស្រី ​ហ៊ីលឡារី គ្លីនតុន (Hillary Clinton)អតីតរដ្ឋ​មន្ត្រី​ការបរទេស​និង​លោក​ ប៊ឺនី​ សែនឌ័រ (Bernie Sanders) សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Vermont។ ប៉ុន្តែ​លោកស្រី​ គ្លីនតុន ​ទទួល​បាន​ប្រតិភូ​ច្រើន​ជាង​ក្នុងការ​បោះឆ្នោត​បឋម​កន្លង​មក ​ដែល​ធ្វើ​ឱ្យ​អ្នក​វិភាគ​ជាច្រើន​បាន​ផ្តូរផ្គង​ថា​ នៅវគ្គ​ចុងក្រោយ​គឺ​លោកស្រី​នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​លោក ​ដូណល់ ត្រាំ។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ មិនមាន​សិទ្ធិ​ឈរ​ឈ្មោះ​ឡើង​វិញ​ទេ​ ដោយ​សារ​រដ្ឋ​ធម្មនុញ្ញ​បាន​ហាមឃាត់​មិន​ឱ្យ​លោក​ឈរ​ឈ្មោះ​លើស​ពី​ពីរ​អណត្តិ​ឡើយ៕