ផ្កាយរណបវិទ្យាសាស្ត្ររបស់កូរ៉េខាងជើងមួយគ្រឿង ដែលបាញ់បង្ហោះនៅថ្ងៃពុធនេះ បានខូចហើយធ្វើឱ្យម៉ាស៊ីន និងឧបករណ៍ក្នុងយាននោះធ្លាក់ចូលក្នុងសមុទ្រ។ នេះបើតាមការផ្សាយរបស់បណ្តាញសារព័ត៌មានរដ្ឋ ហើយយោធាកូរ៉េខាងត្បូង បាននិយាយថាខ្លួនបានរកឃើញបំណែកនៃយាននោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបវិទ្យាសាស្ត្រថ្មី ឈ្មោះ «Chollima-1» បានខូចពីព្រោះមិនមានលំនឹងនៅក្នុងម៉ាស៊ីននិងក្នុងប្រព័ន្ធផ្ទុកប្រេងឥន្ទនៈ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើង។
ការបង្ហោះនេះជាកិច្ចប្រឹងប្រែងបង្ហោះផ្កាយរណបវិទ្យាសាស្រ្តលើកទី៦របស់កូរ៉េខាងជើង ហើយជាការបង្ហោះលើកទី១ តាំងពីឆ្នាំ២០១៦។
ការធ្លាក់នេះនាំឱ្យមានសញ្ញាព្រមានគ្រាអាសន្ន និង ព្រមានជម្លៀសខ្លួនមួយរយៈខ្លី នៅផ្នែកខ្លះនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ការព្រមានទាំងនោះក្រោយមកត្រូវបានលុបចោលវិញ ដោយពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ ឬការខូចខាតអ្វីទេ។
នាយអគ្គសេនាធិការចម្រុះនៃប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា យោធាកំពុងធ្វើបេសកកម្មរុករកអ្វីដែលគេជឿថាជាបំណែកនៃយានបង្ហោះផ្កាយរណបនោះ។
យោធាកូរ៉េខាងត្បូងបានចេញផ្សាយរូបភាពនៃបំណែកដែលត្រូវស្រង់ពីទឹក ដែលមានរួមទាំងវត្ថុរាងដូចបំពង់យ៉ាងធំមួយ ភ្ជាប់ជាមួយពោងបណ្តែតទឹកមួយ៕