ការ​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​នៅ​អាស៊ី

បុរស​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​មាន​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ថា​តើ​ត្រូវ​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បងកាំជ្រួច​មីស៊ីល​បង្ក​ហេតុ​ដ៏​ខ្លាំង​របស់​ប្រទេស​កូរ៉េខាង​ជើង​យ៉ាង​ដូចម្តេច ​ខណៈ​ដែល​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ​បន្ត​ប្រឈម​ការ​ជំទាស់​ប្រឆាំង​តវ៉ានៅឯ​ក្នុង​ប្រទេស​ និង​បរទេស​ចំពោះ​គោល​នយោបាយខាង​យោធា​ដ៏​គគ្លើន​កាន់​តែ​ខ្លាំង​ឡើង។

កាល​ពី​ថ្ងៃ​ពុធ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រទេស​១៥​ជា​សមាជិក ​បាន​ជួប​គ្នា​ទៅ​តាម​សំណើ​របស់​ជប៉ុន​និង​សហរដ្ឋ​អាមេរិកបន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ីល២​ដើម​នៅ​ព្រឹក​ថ្ងៃ​នោះ​ដែល​បាន​ធ្លាក់​នៅ​ជិត​ផ្ទៃ​ទឹក​ដែលត្រួតត្រាដោយ​ប្រទេស​ជប៉ុន។

លោក Koro Bessho ឯក​អគ្គ​រាជ​ទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «ការសាកល្បង​កាំជ្រួច​នេះ ​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​សម្រាប់​សន្តិសុខ​ និង​សុវត្ថិភាពរបស់​តំបន់​យើង»។

លោក Stephane Dujarric អ្នក​នាំ​ពាក្យ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជា ជាតិ ​បាន ​គីមួន​ បាន​ហៅ​ការ​លុកលុយ​នៅ​ក្នុង​ដែន​ទឹក​របស់​ជប៉ុន​នេះ ថា​ជា​ការ​រំខាន​ដ៏​ខ្លាំង​មួយ។

អ្នក​នាំ​ពាក្យ​រូប​នោះ ​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​គិត​ថា ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​នឹង​និយាយ​ឡើង​វិញ​ ហើយ​និង​បន្ត​អំពាវនាវ​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ឲ្យ​បញ្ឈប់​សកម្មភាពណា​មួយ​ដែល​មិន​បាន​កាត់​បន្ថយ​ការ​តាន​តឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ‍»។

កាលពី​ខែ​មីនា ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​អន្តរជាតិ​ថ្មី​ខ្លាំង​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ចំពោះ​ការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ​ទី៤​ហើយ​នឹង​ការ​បាញ់​កាំជ្រួច​ប្រតិបត្តិ​ការ​ចម្ងាយ​ឆ្ងាយ​ដែល​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិដែល​ហាម​ឃាត់​កូរ៉េខាង​ជើង​មិន​ឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល៕