អ្នក​ជំនាញ​ថា មេដឹកនាំ​កូរ៉េខាងជើងលោកគីម ជុងអ៊ុនបង្ហាញ​សញ្ញា​ថា​ លោក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​វិធីសាស្ត្រ​ថ្មី

រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ូន បង្ហាញវត្តមាននៅកន្លែងសំណង់មួយនៅក្រុង Samjiyon ក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនង​ជា​ឈរ​នៅ​ផ្លូវ​បំបែក​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា​តើ​គួរ​តែ​ធ្វើ​តេស្ត​​កាំជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ចម្ងាយ​ឆ្ងាយ​និង​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បង្ខំ​ឲ្យ​អាមេរិក​លើកលែង​ដល់​ខ្លួន​ឬ​យ៉ាង​ណា។

អ្នកជំនាញ​និយាយ​ថា លោក គីម ជុងអ៊ុន ប្រហែល​ជា​កំពុង​តែ​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​គួរ​បង្ក​រឿង​កាន់​តែ​ខ្លាំង​ជាង​មុន តាមរយៈ​ការ​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ចម្ងាយ​ឆ្ងាយ​និង​អាវុធ​នុយក្លេអ៊ែរ​ឬ​យ៉ាង​ណា។ ប៉ុន្តែ​ការ​បង្កើន​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ​នឹង​ធ្វើ​ឲ្យ​អាមេរិក​ឆ្លើយតបមក​វិញ​ជាមួយនឹង​វិធានការ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនង​ជា​ឈរ​នៅ​ផ្លូវ​បំបែក​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ថា​តើ​គួរ​តែ​ធ្វើ​តេស្តកាំជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ចម្ងាយ​ឆ្ងាយ​និង​អាវុធ​នុយក្លេអ៊ែរ ដើម្បី​បង្ខំ​ឲ្យ​អាមេរិក​លើកលែង​ដល់​ខ្លួន​ឬ​យ៉ាង​ណា។ អ្នក​ជំនាញ​និយាយ​ថា ការ​ធ្វើ​តេស្ត​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​ចាត់​វិធាន​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។

លោក Evans Revere អតីត​មន្ត្រី​នៃ​ក្រសួង​ការបរទេស​អាមេរិក​ដែល​ធ្លាប់​ចរចា​ជាមួយ​នឹង​កូរ៉េខាងជើង​យ៉ាង​ខ្លាំង​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿជាក់​ថា កូរ៉េ​ខាងជើង​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បង្កើន​ការ​ធ្វើ​តេស្ត​បាញ់​កាំជ្រួច​មីស៊ីល​របស់​ខ្លួន ក៏​ដូចជា​ធ្វើ​សកម្មភាព​នានា​ដែល​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ ដើម្បី​សាកល្បង​ថា​តើ​សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ឬ​នៅ​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​ខ្លួន។ យើង​គួរ​តែ​ត្រៀម​ខ្លួន​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង ដែល​អាច​នឹង​ព្យាយាម​ធ្វើ​អ្វី​មួយ​ដែល​កាន់​តែ​មាន​មហិច្ឆតា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​»។

បន្ទាប់​ពី​ការ​ស្វះស្វែង​រក​ការ​លើកលែង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ ចាប់​តាំង​ពី​លោក គីម ចូលរួម​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង ហាណូយ ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ កុម្ភៈ​មិន​ទទួល​បាន​ជោគជ័យ​មក ឥឡូវ​នេះ លោក គីម ប្រហែល​ជា​ពិចារណា​ទៅ​លើ​ជម្រើស​ផ្សេង​ទៀត ដែល​លោក​បាន​ព្រមាន​ក្នុង​អំឡុងពេល​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ចូលឆ្នាំ​ថ្មី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Robert Manning ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​វេទិកា​ Atlantic Council។

លោក Manning បាន​ថ្លែង​ថា៖ «លោក គីម កំពុង​តែ​បង្កើត​ជម្រើស​ផ្សេង​ទៀត នៅ​ពេល​ដែល​លោក​មិន​អាច​ទទួល​បាន​នូវ​អ្វី​ដែល​លោក​ចង់​បាន​ពី​លោក ត្រាំ»។

ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​លោក លោក គីម បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អាមេរិក​នៅ​តែ​ទទូច​ដាក់​ទណ្ឌកម្ម​និង​សម្ពាធ​មក​លើ​ប្រទេស​កូរ៉េខាងជើង ប្រហែល​ជា​យើង​ត្រូវ​ស្វែងរក​វិធីសាស្ត្រ​ថ្មី​ហើយ»។

កាលពី​ខែ​មេសា លោក​គីម​បាន​ទុក​ពេល​ឲ្យ​អាមេរិក​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់លាស់។ ​

ខណៈ​ធ្វើ​តេស្ត​ទៅ​លើ​កាំជ្រួច​មីស៊ីល​បាញ់​ចម្ងាយ​ខ្លី​ជា​បន្ដបន្ទាប់​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ កូរ៉េ​ខាងជើង​និយាយ​ថា ខ្លួន​នឹង​ស្វែងរក​វិធី​ថ្មី​មួយ ប្រសិន​បើ​អាមេរិក​មិន​ព្រម​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន​ទេ​នោះ។

ប្រតិភូ​កូរ៉េខាងជើង​បាន​ដើរ​ចេញ​ពី​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្នុង​ទីក្រុង Stockholm នៃ​ប្រទេស ស៊ុយអែត កាល​ពី​ដើម​ខែ​នេះ និង​បាន​បន្ទោស​សហរដ្ឋអាមេរិក​ខ្លាំងៗ​ចំពោះ​ការ​ពិភាក្សា​ដែល​បាន​បរាជ័យ ដោយសារ​តែ​អាមេរិក​មិន​ព្រម​បោះ​បង់​ចោល​ជំហរ​និង​អាកប្បកិរិយា​ចាស់​របស់​ខ្លួន។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្លូវការ​លើក​ដំបូង​របស់​អាមេរិក ចាប់​តាំង​ពី​កិច្ច​ប្រជុំ​នៅ​ទីក្រុង Stockholm បរាជ័យ​មក លោក Randall Shriver ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្ដិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៥ ខែតុលា ថា សហរដ្ឋអាមេរិក​នឹង​បន្ដ​រក្សា​សម្ពាធ​លើ​ប្រទេស​កូរ៉េខាងជើង ដោយសារ​តែ​សម្ពាធ​នេះ​ចាំបាច់​ក្នុង​ការ​នាំ​ឲ្យ​ប្រទេស​នេះ​មក​ចរចា​ជាមួយ​នឹង​អាមេរិក​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​គំនិត​ថ្មី។ លោក​ក៏​បាន​ជំរុញ​ឲ្យ​ចិន​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​ផង​ដែរ។

កាល​ពី​ថ្ងៃទី​១៦ ខែតុលា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េខាងជើង​បាន​បញ្ចេញ​រូបភាព​របស់​លោក​ គីម ជិះសេះស​មួយ​ក្បាល​នៅ​លើ​ភ្នំ Paekdu។ ភ្នំ​នោះ​គឺ​ជា​កន្លែង​ដែលគេ​ដឹង​ថា លោក គីម បាន​ទៅ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ដ៏​ធំ​ណា​មួយ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​របស់​កូរ៉េ​ ​KCNA ក្រុម​មន្ត្រី​ដែល​អម​ដំណើរ​លោក គីម យល់​ថា លោក គីម ​មាន​ផែនការ​នឹង​ធ្វើ​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ដើម្បី​វាយប្រហារ​ពិភពលោក​ម្ដងទៀត​ជាមួយនឹង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា។

លោក Joshua Pollack អ្នក​ជំនាញ​កូរ៉េខាងជើង​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ Middlebury ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា បាន​ថ្លែង​ថា ការ​ជិះ​សេះ​លើ​ភ្នំ Paeckdu របស់​លោក គីម មាន​ន័យ​ថា កូរ៉េខាងជើង​មិន​រំពឹង​ថា​ នឹង​មាន​ការ​លើកលែង​ទណ្ឌកម្ម​នោះ​ទេ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «កូរ៉េខាងជើង​ប្រហែល​ជា​នឹង​ខិតខំប្រឹងប្រែង​ទ្វេដង​ជា​ថ្មី​ទៀត​ដើម្បី​ចៀសវាង ឬ​កាត់​បន្ថយ​ទណ្ឌកម្ម​អន្តរជាតិ»។

លោក Ken Gause នាយក​កម្មវិធី​វិភាគ​ជម្លោះ​នៃ​អង្គការ CNA បាន​ថ្លែង​ថា៖ «ការ​ពិត​ដែល​ថា លោក គីម ជិះ​លើ​សេះ​ស​នៅ​លើ​ភ្នំ Paekdu មាន​ន័យ​ថា លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ។ ខ្ញុំ​សង្ស័យ​ថា វា​អាច​ជា​ការ​សម្រេច​ចិត្ត​លើ​ក្របខណ្ឌ​ឃោសនា​ឬ​កិច្ចការ​អ្វី​មួយ​ដែល​នឹង​ត្រូវ​ប្រកាស​ថា កូរ៉េខាងជើង​នឹង​ធ្វើ​អ្វី​បន្ដ​ទៀត»។

លោក Pollack រំពឹង​ថា លោក គីម នឹង​ប្រកាស​អំពី​ទិសដៅ​ថ្មី​មួយ​នៅ​ក្នុង​គោលនយោបាយ​របស់​លោក ក្នុង​សុន្ទរកថា​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​ក្រោយ​នេះ។

ទម្រាំ​នឹង​ដល់​ពេល​នោះ លោក គីម ប្រហែល​ជា​នៅ​បើកទ្វារ​ទទួល​យក​ការ​ទាក់ទង​ជាមួយ​នឹង​អាមេរិក ប្រសិន​បើ​លោក ត្រាំ ប្ដូរ​ចិត្ត​ដក​ទណ្ឌកម្ម​ពី​កូរ៉េខាងជើង​វិញ​នោះ។ នេះ​បើយោង​តាម​សម្ដី​របស់​អ្នក​ជំនាញ។

អ្នកជំនាញ​និយាយ​ថា អាទិភាព​ចម្បង​របស់​លោក គីម ក្នុង​ការ​ទាក់ទង​ជាមួយ​នឹង​អាមេរិក​គឺ​ដើម្បី​ឲ្យ​អាមេរិក​ព្រម​ដក​ទណ្ឌកម្ម​ចេញ។

លោក Revere បាន​ថ្លែង​ថា៖ «ខណៈ​ដែល​ទណ្ឌកម្ម​ជាច្រើន​មិន​បាន​គំរាម​កំហែង​ដល់​របប​នេះ បន្ទុក​នៃ​ទណ្ឌកម្ម​នេះ​មាន​កម្រិត​ធ្ងន់​និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​ធ្វើ​ទំនើបភាវូប្បនីយកម្ម។ លោក គីម គួរ​តែ​រក​មធ្យោបាយ​ដក​ទណ្ឌកម្ម​ចេញ។ លោក​អាច​នឹង​បង្កើន​ភាពតានតឹង​ជាមួយនឹង​សហរដ្ឋអាមេរិក»។

លោក គីម បាន​លើកឡើង​កាល​ពី​ថ្ងៃ​ទី១៦ ខែតុលា ខណៈ​ពេល​ដែលលោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ការដ្ឋាន​សំណង់​មួយ​ក្នុង​សង្កាត់ Samjiyon ថា៖ «ស្ថានភាព​ប្រទេស​នេះ​ជួប​ការ​លំបាក​ណាស់ ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​ឥត​ឈប់ឈរ​និង​ការ​ដាក់​សម្ពាធ​ពី​កងកម្លាំង​របស់​សត្រូវ»។ នេះ​បើយោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន KCNA។

លោក Pollack និយាយ​ថា លោក គីម នឹង​មិន​ដក​ទំនាក់ទំនង​ការ​ទូត​ជាមួយនឹង​សហរដ្ឋអាមេរិក​ទេ ដរាបណា​វិធីសាស្ត្រ​បច្ចុប្បន្ន​នេះ​នៅ​តែ​ដំណើរការ។

ប្រសិន​បើ​លោក គីម មិនមាន​សង្ឃឹម​ថា​ការ​ចរចា​ផ្លូវ​ទូត​ជាមួយ​នឹង​សហរដ្ឋអាមេរិក​មិន​ដំណើរការ​ទៅ​មុខ លោក​ប្រហែល​ជា​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នឹង​អាមេរិក។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​អាមេរិក​ពិចារណា​ចាត់​វិធានការ​កាន់​តែ​ធ្ងន់ធ្ងរ​ជាងមុន​លើ​កូរ៉េខាងជើង យោង​តាម​គោលនយោបាយ​ដាក់​សម្ពាធ​អតិបរមា។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​លោក Joseph Bosco អ្នក​ជំនាញ​ខាង​អាស៊ីខាងកើត​នៃ​វិទ្យាស្ថាន​សិក្សា​ពី​ទំនាក់ទំនង​រវាង​កូរ៉េនិង​អាមេរិក ICAS ដែល​ធ្លាប់​បម្រើការ​នៅ​ការិយាល័យ​នៃ ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក។

លោក Bosco ថ្លែង​ថា៖ «ប្រសិន​បើ​លោក​ដក​ខ្លួន​ចេញ​ពី​ការ​ពិភាក្សា​ប្រាកដ​មែន ខ្ញុំ​គិត​ថា វា​គឺ​ជា​កំហុស​មួយ​ ដោយសារ​តែ​ខ្ញុំ​គិត​ថា លោក​នឹង​បង្ខំ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ត្រឡប់​ទៅ​ដាក់​សម្ពាធ​អតិបរមា​ម្ដង​ទៀត ដែល​ខ្លាំងក្លា​ជាង​មួយ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​ទៀត»។

គោលនយោបាយ​ដាក់​សម្ពាធ​អតិបរមា​ពីរ​ទៀត​គឺ​ជា​ការ​ប្រើប្រាស់​កម្លាំង​និង​ការ​គំរាមកំហែង​ទៅ​លើ​ភាព​ស្របច្បាប់​នៃ​របប​របស់​លោក គីម។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​លោក Bosco។

លោក​បាន​ថ្លែង​បន្ដ​ថា៖ «ប្រសិន​បើ​គេ​យល់​ថា​ វា​បង្ក​ជា​គ្រោះថ្នាក់​ដល់​សហរដ្ឋអាមេរិក​ឬ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដោយសារ​តែ​សកម្មភាព​របស់​កូរ៉េខាងជើង​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល ឬ​សកម្មភាព​គ្រោះថ្នាក់​ដទៃទៀត ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​កម្លាំង​អាច​នឹង​ក្លាយ​ជា​ចំណាត់ការ​មួយ​របស់​អាមេរិក​ជាក់​ជា​មិន​ខាន។ មាន​រឿង​ជាច្រើន​ដែល​គេ​អាច​ធ្វើ​ឡើង​ដើម្បី​ចោទជា​សំណួរ​ទៅ​លើ​ភាព​ស្របច្បាប់​នៃ​របប​របស់​លោក គីម»។

លោក David Stilwell ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែតុលា​ ថា សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​ធានា​សារ​ជាថ្មី​ម្ដង​ទៀត​ដល់​ផល​ប្រយោជន៍​ខាង​សន្ដិសុខ​របស់​កូរ៉េខាងជើង ខណៈ​ដែល​អាមេរិក​កំពុង​ព្យាយាម​ចរចា​ឲ្យ​កូរ៉េខាងជើងដក​ចេញ​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា