ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រឹកថ្ងៃពុធនេះ បានព្យាយាមបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ក៏ប៉ុន្តែហាក់ដូចជាទទួលបរាជ័យចំពោះការបាញ់សាក ល្បងនោះនៅក្នុងអ្វីដែលអាចជាការបរាជ័យលើកទីមួយនៃការបាញ់សាកល្បងមីស៊ីលកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់កងទ័ពកូរ៉េខាងត្បូង។
កាំជ្រួចមីស៊ីលនេះហាក់ដូចជាបរាជ័យបន្ទាប់ពីការបាញ់បង្ហោះភ្លាមៗដែលបានកើតមានឡើងនៅតំបន់ Sunan ជិតរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា កាំជ្រួចមីស៊ីលនោះហាក់ដូចជាបានផ្ទុះឆេះនៅពាក់កណ្តាលអាកាស ក្រោយពីត្រូវបានបាញ់បង្ហោះបន្តិចមក។
បណ្តាញព័ត៌មាន NK News ដែលមានស្នាក់ការក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូងដែលមានប្រភពជាច្រើននៅកូរ៉េខាងជើង បានផ្សាយថា បំណែកតូចៗនៃកាំជ្រួចមីស៊ីលនោះបានធ្លាក់ ចុះមកក្រោមនៅជិតរដ្ឋធានីរបស់កូរ៉េខាងជើងហើយបណ្តាញព័ត៌មាននេះ បានយោងដល់រូបថតនិងអ្នកឃើញផ្ទាល់នឹងភ្នែកស្តីពីការបរាជ័យនៃការបាញ់សាកល្បងនេះ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនេះជាប្រភេទអាវុធអ្វីដែលកូរ៉េខាងជើងកំពុងព្យាយាមបាញ់សាកល្បងនោះ។ កាលពីពេលមុន ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើង បានបាញ់កាំជ្រួចមីស៊ីលដែលទំនងដូចជាកាំជ្រួចមីស៊ីលបាល់លីស្ទិក ក៏ប៉ុន្តែមិនបានរាយការណ៍លម្អិតនោះឡើយ។
សហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់សាកល្បងរបស់កូរ៉េខាងជើងហើយបានអំពាវ នាវឲ្យរដ្ឋមួយនេះរក្សានូវការអត់ធ្មត់កុំបង្កអស្ថិរភាពបន្តទៀត៕