ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​Yoon ​អ្នក​អភិរក្សនិយម​ ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដ៏​តឹងតែង


រូបឯកសារ៖ លោក Yoon Seok-youl នៃគណបក្សអំណាចប្រជាជន ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ថ្លែងនៅពេលគាត់ត្រូវបានអបអរសាទរដោយសមាជិក និងសមាជិកសភារបស់គណបក្សនៅឯរដ្ឋសភាក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ប្រ័ពន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង បាន​ហៅ​ការ​បោះឆ្នោតប្រធានាធិបតី​អាណត្តិ​នេះ​ថា​ជា​ «ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​មិន​ល្អ»។ ទាំង​លោក​ Yoon Seok-youl ដែល​ជា​អ្នក​អភិរក្សនិយម និង​លោក Lee Jae-Myung ដែល​ជា​អ្នក​សេរីនិយម មាន​អ្នក​មិន​ចូល​ចិត្ត​ ​ច្រើន​ជាង​អ្នក​គាំទ្រ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​មួយ​ចំនួន។

អ្នក​បោះឆ្នោត​ភាគច្រើន​យល់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកទាំង​ពីរ​មិន​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​ ដែល​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រឈម​នោះ​ទេ។

តែ​ផ្ទុយ​ទៅវិញ ​ពួក​គេ​បាន​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង​លើ​បញ្ហា​បុគ្គល​ និង​ការ​ចោទ​ប្រកាន់​គ្នា​ពី​អំពើ​ពុក​រលួយ ​ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ភរិយា​របស់​ដៃគូ​ប្រកួតខ្លួន​ ហើយ​ពួក​គេ​បាន​បង្ខំ​ឲ្យ​គូ​ប្រកួត​របស់​ខ្លួន​ ​សុំ​ទោស​ជា​ច្រើន​លើក​ច្រើន​សារ​ ទៅ​លើ​រឿង​អាស្រូវ​ទាំង​នោះ។

បើ​ទោះ​បី​ជា​បេក្ខជន​ទាំង ​២ ​មិន​មានប្រជាប្រិយភាព​ក៏​ដោយ ក៏​រឿង​បែប​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំនួន​ពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​ដែរ។ មានអ្នក​បោះ​ឆ្នោត​លើក​ដំបូង​ដ៏ច្រើន​លើស​លប់​បាន​ចេញ​ទៅ​បោះ​ឆ្នោត ហើយ​ចំនួន​អ្នក​បោះ​ឆ្នោត​ក៏​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​បោះឆ្នោត​ផង​ដែរ។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ៧៧ ភាគរយ​ បាន​ចេញ​ទៅ​បោះ​ឆ្នោត បើ​ទោះបី​ជាភាគ​ច្រើន បាន​ទទួល​ស្គាល់​ថា ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​ជម្រើស​ដែល​ពួក​គេ​ត្រូវ​ជ្រើស​រើស​ក៏​ដោយ។

អ្នកស្រី Shin So-yeon ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់​នៅ​ទីក្រុង​សេអ៊ូល បាន​ថ្លែង​ថា៖ «ប្រទេស​កូរ៉េ​មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​បន្ទាន់​នោះ​គឺ​សេដ្ឋកិច្ច។ មនុស្ស​សាមញ្ញ​កំពុង​ជួប​ការ​លំបាក ​តស៊ូជម្នះនឹង​ការ​លំបាក​ទាំង​នេះ ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩»។

អ្នកស្រី Kang ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់​ទៀត​ នៅ​ទីក្រុង​សេអ៊ូល ក៏​បាន​ថ្លែង​ដែរ​ថា៖ «ខ្ញុំ​មិន​ចូល​ចិត្ត​បេក្ខជន​ថ្នាក់​ទាំង​ពីរ​រូប​នេះ​ទេ។ បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​អាន​ និង​តាម​ទូរទស្សន៍ ខ្ញុំ​បាន​ដឹង​ថា មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​មាន​អារម្មណ៍​ដូច្នេះ​នោះ»។

លោក Yoon ដែល​ជា​អ្នកឈ្នះ​ការ​បោះ​ឆ្នោត​នេះ ​បាន​សន្យា​ថា លោក​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ជាង​មុន​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ លោក​ក៏​បានរិះ​គន់​ខ្លាំងៗ​ទៅលើ​ប្រទេស​ចិន​ផង​ដែរ។

បើ​និយាយ​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ វិញ លោក Yoon គាំទ្រ​ឲ្យ​មាន​ការ​ផ្ដល់​ការ​គាំពារ​ផ្នែក​សេដ្ឋកិច្ច ​ដែល​មាន​គោលដៅ​ច្បាស់​លាស់ ដើម្បី​ជួយ​ដល់​ធុរកិច្ច និង​មនុស្ស​ដទៃ​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​ការ​ចាំបាច់។

ប៉ុន្តែ លោក​នឹង​ប្រឈម​នឹង​ការ​រារាំង​របស់​គណបក្សប្រជាធិបតេយ្យ ដែល​ជា​គូ​ប្រជែង​ដែល​បច្ចុប្បន្ន​ គណបក្ស​នេះ​កំពុង​គ្រប់​គ្រង​ស្ថាប័ន​នីតិបញ្ញត្តិ។

លោក Kim Min-ha ដែល​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ​កូរ៉េខាង​ត្បូង បាន​ថ្លែង​ដូច្នេះ​ថា៖ «សមាជិក​សភា​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។ មាន​រយៈពេល​តែ​ ២ ឆ្នាំ​ទៀតប៉ុណ្ណោះ​មុន​ពេលការ​បោះ​ឆ្នោត​សាកល​បន្ទាប់​មក​ដល់។ ដូច្នេះ លោក​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ»។

បញ្ហាប្រឈម​ធំ​ជាង​គេ​ដែល​លោក Yoon អាច​នឹង​ជួប​នោះ​គឺ ការ​ប្រឹង​ប្រែង​បង្រួប​បង្រួម​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឡើង​វិញ នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​មិន​ជា​ទី​គាប់​ចិត្ត​មួយ​នេះ៕

XS
SM
MD
LG