មន្ត្រីស.រ.អ.បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបនៅថ្ងៃព្រហស្បតិ៍នេះ នាំឱ្យមានការប្រកាសឱ្យប្រុងប្រយ័ត្នគ្រាមានអាសន្ននិងការជម្លៀសមនុស្សនៅលើកោះធំមួយនាប៉ែកខាងជើងបំផុតនៃប្រទេសជប៉ុន។
បើតាមបណ្តាញផ្សាយព័ត៌មានជប៉ុនថាក្រុមអ្នកស្រុកនៅកោះ Hokkaido ត្រូវបានប្រាប់ឱ្យជ្រកនៅក្នុងជាន់ក្រោមដីផ្ទះពួកគេ ហើយប្រព័ន្ធដឹកជញ្ជូនសាធារណៈខ្លះក្នុងតំបន់នោះបានបញ្ឈប់បណ្តោះអាសន្ន។
តែយ៉ាងណាក៏ដោយក៏ប្រមាណ២០នាទីក្រោយការប្រកាសឱ្យប្រុងប្រយ័ត្ននេះមក មន្ត្រីជប៉ុនបានលុបចោលការឱ្យប្រុងប្រយ័ត្ននេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បាននិយាយនៅពេលបន្ទាប់មកថាមីស៊ីលនោះបានធ្លាក់ខាងក្រៅដែនដីជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបានថ្កោលទោសខ្លាំងដល់ការធ្វើតេស្តនេះ ដែលខ្លួនបាននិយាយថាមានទាក់ទិននឹងមីស៊ីលបាញ់បានឆ្ងាយ។
ក្រុមនាយអគ្គសេនាធិការកងយោធពលកូរ៉េខាងត្បូងបានថ្លែងថាមីស៊ីលនេះមានវង់ប្រតិបត្តិការមធ្យមឬវែងជាងនេះ ហើយថាវាត្រូវបានបាញ់បង្ហោះពីតំបន់ជិតទីក្រុងព្យុងយ៉ាង។ ក្រុមនាយអគ្គសេនាធិការនេះបានបន្ថែមថាមីស៊ីលនេះហោះបាន១០០០គ.ម.មុនធ្លាក់ក្នុងសមុទ្រនៅចន្លោះប្រទេសកូរ៉េនិងប្រទេសជប៉ុន។
មន្ត្រីម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយប្រាប់វីអូអេនៅពេលបន្ទាប់មកថាមីស៊ីលនេះទំនងជាប្រើឥន្ធនៈរឹងហើយហាក់ដូចជាអាវុធប្រភេទថ្មីមួយដែលកូរ៉េខាងជើងមិនដែលបានបាញ់បង្ហោះពីពេលមុនទេ៕