យោធាកូរ៉េខាងត្បូងសម្តែងការសោកស្តាយថា ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍ណាមួយក្នុងចំណោមយន្តហោះដ្រូនគ្មានមនុស្សបើកស៊ើបការណ៍ទាំង ៥ របស់កូរ៉េខាងជើង ដែលបានហោះបំពានចូលក្នុងដែនអាកាសរបស់ខ្លួន ហើយក្រុមមន្ត្រីកូរ៉េខាងត្បូងសន្យាកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងមិនបណ្តោយឱ្យរឿងនេះកើតឡើងជាថ្មីទៀតនោះឡើយ ក្នុងពេលអនាគត។
យន្តហោះដ្រូនមួយក្នុងចំណោមដ្រូនទាំង ៥ គ្រឿងរបស់កូរ៉េខាងជើង បានហោះមកគៀកនឹងតំបន់ប្រជុំជនភាគខាងជើងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង កាលពីរសៀលថ្ងៃចន្ទកន្លងទៅ ហើយស្ថិតក្នុងតំបន់នោះប្រមាណជា ៣ ម៉ោង មុនហោះត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។ ប៉ុន្តែយោធាកូរ៉េខាងត្បូងថា ខ្លួនបានបាត់សញ្ញានៃយន្តហោះដ្រូន ៤ គ្រឿងផ្សេងទៀត ហើយរកមិនឃើញនោះឡើយ។ នេះបើតាមការលើកឡើងរបស់ក្រុមមន្ត្រីកូរ៉េខាងត្បូង។
នៅក្នុងការសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញ អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូងបានទទួលស្គាល់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន មានឧបករណ៍ល្អក្នុងការចាប់ស្ទាក់និងធ្វើការវាយប្រហារទៅលើប្រភេទយន្តហោះដ្រូនដែលបំពាក់អាវុធរបស់កូរ៉េខាងជើង ដែលមានទំហំធំជាងនិងបង្កការគំរាមកំហែងធំជាងដ្រូនស៊ើបការណ៍។ យន្តហោះដ្រូនរបស់កូរ៉េខាងជើងដែលត្រូវបានបញ្ជូនមកស៊ើបការណ៍លើប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទកន្លងទៅនេះ មានប្រវែងខ្លីជាង ៣ ម៉ែត្រតែប៉ុណ្ណោះ។
ហេតុការណ៍នេះបានបង្ហាញពីការលំបាកក្នុងការការពារជាតិពីដ្រូនតូចៗ ដែលគ្មានមនុស្សបើកឬហៅថា UAV ដែលបានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់វា នៅក្នុងសង្គ្រាមសម័យទំនើបនេះ។
ជាការឆ្លើយតបទៅនឹងការរំលោភបំពានរបស់កូរ៉េខាងជើងនោះ យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងជំរុញឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការការពារដែនអាកាសរបស់ខ្លួន ដែលក្នុងនោះក៏រួមមានផងដែរ ការបង្កើតអង្គភាពយន្តហោះដ្រូនពិសេសមួយ និងការបង្កើតនូវសមត្ថភាពដើម្បីបាញ់ទម្លាក់យន្តហោះដ្រូនរបស់សត្រូវ ដោយប្រើប្រព័ន្ធរលកអាកាសវិទ្យុ និងកាំរស្មីឡាហ្ស៊ែរផងដែរ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើអ្វីទៅជាបំណងពិតប្រាកដរបស់កូរ៉េខាងជើង ដែលបានបញ្ជូនយន្តហោះដ្រូនមកឈ្លបការណ៍ក្នុងប្រទេសកូរ៉េខាងត្បូងនោះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ពីសកម្មភាពរបស់ខ្លួននោះឡើយ ដែលនេះជាលើកទី១ហើយ ដែលយន្តហោះដ្រូនរបស់កូរ៉េខាងជើង បានហោះបំពានដែនអាកាសរបស់កូរ៉េខាងត្បូងក្នុងរយៈពេលជាង៥ឆ្នាំកន្លងទៅ៕