ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធបាញ់កាំភ្លើងធំបង្ករឿងមួយដោយកូរ៉េខាងជើងនៅជិតព្រំដែនខ្លួនជាមួយប្រទេសកូរ៉េខាងត្បូងជាការបង្កើនយុទ្ធនាការដើម្បីខិតខំព្យាយាមបង្ខំស.រ.អា.ឱ្យបញ្ឈប់អ្វីដែលប្រទេសនេះឃើញថាជា គោលនយោបាយអរិភាពនៅមុនពេលកំណត់ចុងក្រោយបង្អស់ដែលកូរ៉េខាងជើងបានប្រកាសដោយខ្លួនឯង។
លោក David Maxwell ជាអតីតវរសេនីយ៍ឯកនៃកងកម្លាំងពិសេសស.រ.អា. ហើយនៅពេលសព្វថ្ងៃនេះលោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យ។ លោកបាននិយាយថា មេដឹកនាំកូរ៉េខាងជើង Kim Jong Un «កំពុងធ្វើយុទ្ធនាការគាបសង្កត់ខ្លាំងបំផុតប្រឆាំងនឹងសម្ព័ន្ធភាពរវាងប្រទេសកូរ៉េខាងត្បូងនិងស.រ.អា.ដើម្បីខិតខំព្យាយាមបង្ខិតបង្ខំសម្ព័ន្ធភាពនេះឱ្យផ្តល់សម្បទាននានា ជាពិសេសការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន»។
បើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េជាផ្លូវការថាកាលពីពេលថ្មីៗនេះលោក Kim Jong Un បានទៅសួរសុខទុក្ខកងកម្លាំងកូរ៉េខាងជើងនៅឯកោះ Changrin នៅជិតព្រំដែនសមុទ្ររវាងប្រទេសកូរ៉េទាំងពីរដែលនៅទីនោះលោកបានណែនាំពួកទាហានឱ្យហាត់បាញ់កាំភ្លើងធំហើយប្រុងប្រៀបសម្រាប់«សមយុទ្ធដូចការធ្វើសង្គ្រាមមែនទែនដែលមានកម្លាំងខ្លាំង»។