ការចរចានុយក្លែអ៊ែរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើងបានបរាជ័យម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានដើរចេញប្រកបដោយការខឹងសម្បារ ដោយបានស្តីបន្ទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែការណ៍នេះមិនមែនមានន័យថា ឈប់លែងមានការចរចានោះទៀតទេ។
ទាំងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានដើរចេញពីការចរចានោះម្តងហើយម្តងទៀតកាលពីឆ្នាំមុនក្នុងអំឡុងនៃការចរចាមួយឆ្នាំកន្លះកន្លងមកនេះ ហើយក្រោយមកបានវិលត្រឡប់ទៅកាន់ការចរចាវិញ។
នៅពីខាងក្រៅ ការចរចានេះដូចជាមិនល្អនៅពេលដែលកូរ៉េខាងជើងដើរចេញពីការចរចានុយក្លែអ៊ែលើកដំបូងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកក្នុងប៉ុន្មានខែនេះ។
ក៏ប៉ុន្តែវាមិនមែនជាបញ្ហាថ្មីទេ។ អស់រយៈពេលជាច្រើនខែហើយ ពួកអ្នកចរចាកូរ៉េខាងជើង បានព្យាយាមឲ្យមានប្រៀបដោយការដើរចេញពីការចរចានេះ។
អ្វីដែលថ្មីនៅក្នុងការធ្វើឲ្យស្មើគ្នានេះ គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរចេញពីការចរចាចំនួន២លើកជាមួយកូរ៉េខាងជើង។ លើកទី១ ទើបតែធ្វើឡើងប៉ុន្មានថ្ងៃមុនពេលជំនួបកំពូលមុនដំបូងរបស់លោកជាមួយគីម ជុងអ៊ុន។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា៖ «ខ្ញុំបានសម្រេចបញ្ចប់ជំនួបកំពូលដែលបានគ្រោងធ្វើឡើងនៅក្នុងប្រទេសសិង្ហបូរីកាលពីថ្ងៃទី១២ ខែមិថុនា»។
បីបួនសប្តាហ៍ក្រោយមក លោកប្រធានាធិបតីត្រាំបានជួបជាមួយគីម ជុងអ៊ុន។ ក៏ប៉ុន្តែនៅឯជំនួបកំពូលលើកទី២របស់មេដឹកនាំទាំង ២ក្នុងទីក្រុងហាណូយ លោកប្រធានាធិបតីត្រាំបានដើរចេញមុន គីម ជុងអ៊ុន ដែលបានធ្វើដំណើរតាមរទេះភ្លើងអស់រយៈពេលជិត៣ថ្ងៃ។ វាគឺជាការអាម៉ាសមួយដែលអ្នកវិភាគលោក Bong Young-shik និយាយថា កូរ៉េខាងជើង អាចបានគិតទុកជាមុនពីការលុបចោលនៃការចរចានៅពេលថ្មីៗនេះ។
លោក Bong Young-shik និយាយថា៖ «កូរ៉េខាងជើង មិនចង់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ មានន័យថា យើង នឹងមានអានុភាពជាង។យើង ត្រូវបានទះកំភ្លៀងចំមុខនៅក្នុងទីក្រុងហាណូយ ដូច្នេះ ដើម្បីការពារមុខរបស់មេដឹកនាំកំពូល ឯកអគ្គរដ្ឋទូត Kim Myong Gil ប្រាកដជាត្រូវប្រុងប្រៀបទះកំភ្លៀងអាមេរិកាំងចំកណ្តាលមុខជាការសងសឹកវិញ»។
ថ្វីបើមានគោលជំហរនេះក៏ដោយ ភាគីទាំង២អាចមានហេតុផលដើម្បីបន្តការចរចា។ លោក Ramon Pacheco Pardo ជាអ្នកជំនាញខាងប្រទេសកូរ៉េនៅឯសាកលវិទ្យា ល័យ King’s College London និយាយថា នេះជាផ្នែកមួយ ពីព្រោះតែបញ្ហារបស់លោកប្រធានាធិបតីត្រាំនៅក្នុងប្រទេស។
លោក Ramon Pacheco Pardo បានថ្លែងថា៖ «ចំពោះប្រធានាធិបតីត្រាំ ការណ៍នេះ នឹងក្លាយជាជ័យជម្នះខាងនយោបាយមួយដើម្បីបង្ហាញពីការដោះស្រាយជាមួយកូរ៉េខាងជើង។ហើយ ខ្ញុំ គិតថា ដោយហេតុនេះហើយ បានជាគីម ជុងអ៊ុន ព្យាយាមប្រកាន់ជំហរតឹងរ៉ឹង។ហើយ បើយើងឃើញដំណើរការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងមានការជឿនលឿន។ខ្ញុំ គិតថា កូរ៉េខាងជើង នឹងព្យាយាមឲ្យបានទទួលសម្បទានកាន់តែខ្លាំងឡើង»។
លោកប្រធានាធិបតីត្រាំ បាននិយាយថា លោក ចង់ឲ្យមានជំនួបទី៤ជាមួយគីម ជុង អ៊ុន។ក៏ប៉ុន្តែ ត្រង់ចំណុចនេះ មនុស្សខ្លះភ័យខ្លាចថា គោលបំណងរបស់ប្រធានាធិបតី ត្រាំដើម្បីជួបជាមួយគីម ជុងអ៊ុនកំពុងដាក់ខ្នោះដៃពួកអ្នកចរចារបស់លោកផ្ទាល់។លោកRamon Pacheco Pardo ថ្លែងទៀតថា៖ «ខ្ញុំ គិតថា បញ្ហានេះគឺថា កូរ៉េខាងជើង ចង់ធ្វើការទាក់ទងដោយផ្ទាល់ជាមួយប្រធានាធិបតីដូណាល់ ត្រាំ។កូរ៉េខាងជើង មិនចង់ទាក់ទងនឹងការងារទេ។នេះជាការពិតណាស់»។
សម្រាប់នៅពេលឥឡូវនេះ កូរ៉េខាងជើងនិយាយថា ជំហានបន្ទាប់គឺអាស្រ័យលើលោកប្រធានាធិបតីត្រាំ។ នៅពេលដែលគណៈប្រតិភូកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសវិញ បេសកកជនកំពូលរបស់ខ្លួនបានព្រមាន «ពីចំណាត់ការដ៏គួរឲ្យរន្ធត់» ប្រសិនបើសហរដ្ឋអាមេរិក មិនទទួលយកកិច្ចព្រមព្រៀងនោះទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន