កូរ៉េ​ខាង​ជើង​គំរាម​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ

ប្រជាជន​​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម ជុងអ៊ុន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ដូណាល់ ត្រាំ នៅ​ស្ថានីយ៍រថភ្លើង​ក្រោម​ដី​ក្នុង​រដ្ឋធានី​សេអ៊ូល​កាលពី​ថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ​២០១៨។

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​អាច​នឹង​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​របស់​ខ្លួន។

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​អាច​នឹង​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ប្រទេស​របស់​ខ្លួន​អាច​នឹង​អនុវត្ត​ឡើង​វិញ​នូវ​គោលនយោបាយ «ព្យុងជីន‍» ដែល​ធ្វើ​ឲ្យ​កម្លាំង​នុយក្លេអ៊ែរ​និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​ជឿនលឿន​ជាង​មុន​ក្នុង​ពេល​ព្រមៗ​គ្នា ប្រសិន​បើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

កូរ៉េ​ខាង​ជើង​គំរាម​បោះបង់​ចោល​កិច្ច​ចរចា​ដែល​កំពុង​ធ្វើ​ឡើង​ជាមួយ​នឹង​អាមេរិក ហើយ​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ប្រសើរ​ឡើង​និង​ការ​ដាក់​ទណ្ឌកម្ម​មិនស៊ី​គ្នា​នោះ​ទេ។​

កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ងាក​ចេញ​ពី​ការ​ប្តេជ្ញា​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន​ ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែ​មិថុនា។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស៍​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​លោក Sean Hannity នៅ​ទូរទស្សន៍​ Fox News ថា លោក «បាន​ជួប​ជាមួយ​នឹង​លោក​ប្រធាន​ គីម កាលពី​ខែ​តុលា‍» ហើយ​នៅ​ក្នុង​កិច្ច​សន្ទនា​របស់​ពួក​គេ​នោះ លោក​ គីម «បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ចេតនា​របស់​លោក​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ‍»។

ប៉ុន្តែ លោក Pompeo បាន​បន្ថែម​ថា​ ការ​ផ្ទៀង​ផ្ទាត់ពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដ៏​ពិត​ប្រាកដ​គឺ​ជា​ចំណុច​សំខាន់​បំផុត។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​ធ្វើ​វា​ឲ្យ​បាន​ត្រឹមត្រូវ។ យើង​មិន​អាច​គ្រាន់​តែ​ទទួល​យក​ពាក្យ​សម្តី​នរណា​ម្នាក់​បាន​ទេ។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ជឿជាក់​ថា យើង​នឹង​រក្សា​ការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​សិន រហូត​ទាល់​តែ​លោក​ប្រធាន គីម បាន​ធ្វើ​ទៅ​តាម​អ្វី​ដែល​លោក​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ដូច​ដែល​លោក​បាន​ប្រាប់​ទៅ​កាន់​លោក​ប្រធានាធិបតី ​ត្រាំ កាលពី​ខែ​មិថុនា នៅ​ក្នុង​ប្រទេស​សិង្ហបុរី‍»។

លោក Pompeo ថ្លែង​ថា លោក​នឹង​ជួប​ជាមួយ​សមភាគីកូរ៉េ​ខាង​ជើង​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ឬ​ទីតាំង​នៃ​កិច្ច​ប្រជុំ​នោះ​ទេ៕