នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានចាប់ផ្តើមកិច្ចប្រតិបត្តិការជា ធម្មតាឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Yongbyon ដ៏សំខាន់មួយ ហើយបានព្រមានថា ខ្លួនបានប្រុងប្រៀបរួចជាស្រេចដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងស.រ.អានៅពេលណាមួយ។
ការធ្វើអត្ថាធិប្បាយនោះ ដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានកើតមានឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគំរាមប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលត្រូវបានហាមឃាត់ក្នុងគោលដៅបាញ់បង្ហោះផ្កាយរណបពិនិត្យមើលអាកាសធាតុចូលក្នុងគន្លងផែនដី។
ការគំរាមរបស់កូរ៉េខាងជើងនោះបានវិលត្រឡប់ទៅកាន់វោហាសាស្រ្ត ដែលជាធម្មតាប្រើប្រាស់ដោយកូរ៉េខាងជើងនៅក្នុងការខំប្រឹងប្រែងឲ្យបានទទួលសម្បទានខាងនយោបាយពីកូរ៉េខាងត្បូង និងស.រ.អា ដែលជាគូសត្រូវ២ដ៏សំខាន់របស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា «រោងចក្រនុយក្លេអ៊ែរទាំងអស់នៅតំបន់ Yongbyon រួមមានរោងចក្រសម្រិតសម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូម និងម៉ាស៊ីនរ៉េអាក់ទ័ រដែលមានកម្លាំង៥ម៉េហ្គាវ៉ាត់ បានត្រូវរៀបចំឡើងវិញ ហើយរោងចក្រទាំងអស់នោះបានចាប់ផ្តើមកិច្ចប្រតិបត្តិការជាធម្មតា»។
តំបន់ Yongbyon ជាមជ្ឈមណ្ឌលផលិតសម្ភារៈប្រើប្រាស់នៅក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរ៣ដងរបស់កូរ៉េខាងជើង។ រោងចក្រនោះបានបិទនៅឆ្នាំ២០០៧ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយស.រ.អា ក៏ប៉ុន្តែផ្នែកផ្សេងៗទៀតនៃរោងចក្រនោះ បានចាប់ផ្តើមដំណើរការឡើងវិញ៕