ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងទំនងជាកាំជ្រួចមីស៊ីលបាល់លីស្ទិក។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃពុធនេះ។ ការសាកល្បងនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសុន្ទរកថាបញ្ចប់ឆ្នាំដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានថ្លែងដោយផ្តោតទៅលើការទាក់ទាញខាងសេដ្ឋកិច្ចក្នុងស្រុកជាជាងការជឿនលឿនផ្នែកយោធា។
កូរ៉េខាងជើង បានបាញ់អ្វីដែលទំនងជាកាំជ្រួចមីស៊ីលបាល់លីស្ទិកមួយគ្រាប់ចេញពីកោះមួយឆ្ពោះទៅកាន់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ នេះបើតាមនាយអគ្គសេនាធិការរបស់កូរ៉េខាងត្បូង។ ឆ្មាំការពារដែនសមុទ្ររបស់ជប៉ុន ក៏បាននិយាយផងដែរថា ការបាញ់បង្ហោះនេះ អាចមានទាក់ទិននឹងកាំជ្រួចបាល់លីស្ទិក។
មិនមានសេចក្តីរាយការណ៍លម្អិតណាមួយជុំវិញការបាញ់បង្ហោះនេះទេ ដោយរួមទាំងប្រ ភេទកាំជ្រួចមីស៊ីលដែលត្រូវបានបាញ់ផងដែរថាតើកាំជ្រួចមីស៊ីលនោះ បានបាញ់ក្នុងចម្ងាយប៉ុន្មានឬក៏វាធ្លាក់នៅទីកន្លែងណានោះទេ។
វាជាការបាញ់បង្ហោះលើកទី១របស់កូរ៉េខាងជើងចាប់តាំងពីខែតុលា ឆ្នាំ២០២១មក នៅពេលដែលខ្លួនបានសាកល្បងកាំជ្រួចបាល់លីស្ទិកដោយបាញ់ចេញពីនាវាមុជទឹក។
កូរ៉េខាងជើងជារឿយៗ បានសាកល្បងកាំជ្រួចបាល់លីស្ទិកវង់ប្រតិបត្តិការខ្លីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក ភ្លាមៗបន្ទាប់ពីការចរចានុយក្លែអ៊ែរវាងលោក Kim និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលបរាជ័យមក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ការបាញ់បង្ហោះនេះជា«ការគួរឲ្យសោកស្តាយបំផុត»។
ការសាកល្បងនៅពេលថ្មីៗនេះ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Kim បានធ្វើសន្ទរក ថាបញ្ចប់ឆ្នាំដែលបានបង្ហើបតិចតួចអំពីទិសដៅនៃគោលនយោបាយការបរទេសរបស់កូរ៉េខាងជើងសម្រាប់ឆ្នាំថ្មីនេះ។
ថ្វីបើ លោក Kim បានសន្យាបន្តការលើកស្ទួយវិស័យការពារជាតិដើម្បីដោះស្រាយ «អស្ថិរ ភាព»នៃស្ថានភាពអន្តរជាតិក៏ដោយ លោកបានផ្តោតភាគច្រើនលើការចាប់ផ្តើមសេដ្ឋកិច្ចប្រទេសរបស់លោក ដែលត្រូវបានញាំញីដោយការដាក់ទណ្ឌកម្មអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិនិងការរាតត្បាតនៃវីរូសកូរ៉ូណា។
កូរ៉េខាងជើង បានមិនអើពើម្តងហើយម្តងទៀតអំពីការស្នើឲ្យចាប់ផ្តើមការចរចាឡើងវិញដោយសហរដ្ឋអាមេរិក ដោយនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវតែទម្លាក់ចោល «គោលនយោបាយអរិភាព»របស់ខ្លួនជាមុនសិន៕