កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​២គ្រាប់​​ទៀត​ពេល​​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ធ្វើ​សមយុទ្ធ​

ពលរដ្ឋ​ទស្សនា​ការ​ផ្សាយ​ព័ត៌មាន​​តាម​ទូរទស្សន៍​អំពី​ការ​បាញ់​បង្ហោះ​មីស៊ីល​​របស់​កូរ៉េខាងជើង នៅ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣។

នាវា​ផ្ទុក​យន្តហោះ​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​និង​ក្រុម​នាវា​ចម្បាំង​អមបាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធជាមួយ​នាវា​ចម្បាំង​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​បាល់លីស្ទិក​វង់​ប្រតិបត្តិការ​ចំនួន​ខ្លី២គ្រាប់​ដែលទំនង​ជា​ការ​តវ៉ា​ប្រឆាំង​កា​រធ្វើ​សមយុទ្ធ​ដ៏​ធំ​របស់​សម្ព័ន្ធមិត្ត។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

ការ​សាកល្បង​កាំជ្រួច​មីស៊ីល​លើក​ទី៧នៅ​ខែ​នេះ​បាន​សង្កត់​ពី​ការ​តានតឹង​នៅ​ក្នុង​តំបន់​នៅ​ពេល​ដែល​ការសាកល្បង​អាវុធ​របស់​កូរ៉េ​ខាង​ជើង​និង​សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​រីក​កាន់តែ​ធំឡើង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅវិញ​ទៅមក។

ការ​បាញ់​កាំជ្រួច​នេះ​ធ្វើឡើង​ចំ​ពេល​នៃ​ការ​មកដល់​នៃ​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក USS Nimitz​ និង​ក្រុម​នាវា​ចម្បាំង​អម​ រួម​ទាំង​នាវា​បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​និង​នាវា​ពិឃាត​២​គ្រឿង​ដែល​ចូលរួម​សមយុទ្ធ​ការពារ​ដែន​អាកាស​និង​សមយុទ្ធ​ផ្សេង​ទៀត​ជាមួយ​នាវា​ចម្បាំង​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ផ្ទៃ​ទឹក​ជិត​កោះ Jeju។

លោក Jang Do Young ​អ្នក​នាំពាក្យ​កង​នាវា​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​សមយុទ្ធ​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​កិច្ចប្រតិបត្តិការ​រួម​គ្នា​និង​បង្ហាញ​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដោយ​ប្រើ​គ្រប់​ជម្រើស​ទាំង​អស់ រួម​ទាំង​នុយក្លេអ៊ែរ​នៅ​ក្នុង​ការ​ប្រឈម​ការ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ។ ក្រុម​នាវា​ចម្បាំង Nimitz ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​ចត​នៅ​កំពង់ផែ ​Busan ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

នាយ​អគ្គសេនាធិការ​របស់​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​២​គ្រាប់​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ដីគោក​ភាគ​ខាង​លិច​នៃ​ផ្នែក​ខាង​ត្បូង​រដ្ឋធានី​ព្យុងយ៉ាង​ប្រហែល​ពី​ម៉ោង​៧:៤៧ ​ព្រឹក​ទៅ​ម៉ោង​៨ព្រឹក​ហើយ​បាន​ហោះចម្ងាយ​ប្រហែល​៣៧០​គីឡូម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​ក្នុង​សមុទ្រ។ យោធា​ជប៉ុន​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​ដែល​បាន​ធ្លាក់​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ជប៉ុន​បាន​ហោះ​ក្នុង​រយៈកម្ពស់​៥០​គីឡូម៉ែត្រ៕