ទាហានកូរ៉េខាងជើងជាង ១.០០០ នាក់បានស្លាប់ឬរបួសក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តួលេខថ្មីនេះត្រូវបានបង្ហាញឡើងក្រោយពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍មួយកាលពីសប្តាហ៍មុនដែលបានបញ្ជាក់ថាទាហានកូរ៉េខាងជើងយ៉ាងតិច ១០០ នាក់ ត្រូវបានសម្លាប់តាំងពីចូលក្នុងសមរភូមិប្រយុទ្ធកាលពីប៉ុន្មានសប្ដាហ៍កន្លងមក។
កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅជួយយោធារុស្ស៊ី ដែលក្នុងនោះរួមទាំងនៅតំបន់ Kursk ជាប់ព្រំដែនអ៊ុយក្រែនផងដែរ ដែលនៅទីនោះកងកម្លាំងអ៊ុយក្រែនបានដណ្តើមបានដែនដីនោះកាលពីដើមឆ្នាំនេះ។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមរយៈប្រភពព័ត៌មានផ្សេងៗនិងការស៊ើបការណ៍សម្ងាត់ យើងវាយតម្លៃថាកងទ័ពកូរ៉េខាងជើងដែលបានចូលប្រឡូកក្នុងការប្រយុទ្ធកាលពីពេលថ្មីៗនេះជាមួយនឹងកងកម្លាំងអ៊ុយក្រែន បានស្លាប់ឬរបួសប្រមាណ ១.១០០ នាក់»។
សេចក្តីថ្លែងការណ៍នេះបានបន្តថា «យើងចាប់អារម្មណ៍ជាពិសេសលើលទ្ធភាពនៃការបញ្ជូនបន្ថែម» នូវទាហានកូរ៉េខាងជើងទៅជួយរុស្ស៊ីក្នុងការធ្វើសង្គ្រាម។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ចារកម្មបានបង្ហាញថាកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ «កំពុងផលិតនិងផ្តល់ដ្រូនដែលកម្ទេចដោយខ្លួនឯង» ដល់រុស្ស៊ីដើម្បីជួយរុស្ស៊ីបន្ថែមទៀតក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕