កូរ៉េខាង​ជើង​រិះគន់​ការ​ចោទ​ប្រកាន់​ថ្មីៗ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​អំពី​កំណត់​ត្រា​សិទ្ធិ​មនុស្ស​

រូបឯកសារ៖ បាតុករ​កូរ៉េ​ខាង​ត្បូង​ និង​ជន​កូរ៉េ​ខាង​ជើង​ដែល​រត់​គេច​ខ្លួន​ កាន់​រូប​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ដោយ​ជំរុញ​​ឲ្យ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ជជែក​គ្នា​ពិ​បញ្ហា​សិទ្ធិ​មនុស្ស កាល​ពី​ខែ​កុម្ភៈ ២០១៩។

កាល​ពី​ថ្ងៃសៅរ៍​ប្រទេស​កូរ៉េខាង​ជើង​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មីៗ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​អំពី​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ​ ដោយ​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ត្រូវ​ខាត​បង់​ច្រើន​ចំពោះ​អ្វី​ដែល​ប្រទេស​កម្មុយនិស្ត​នេះហៅថា​ ​«សម្តី​ផ្តេសផ្តាស»។

ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​បាន​លើក​ឡើង​យ៉ាង​ពិសេស​អំពី​បទ​សម្ភាសន៍​របស់​វីអូអេ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​មន្រ្តី​ក្រសួង​ការ​បរទេស​ជាន់​ខ្ពស់​មួយ​រូប​ដែល​បាន​និយាយ​ថា​ សហ​រដ្ឋអាមេរិក​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង។

ការ​អត្ថាធិប្បាយ​បាន​កើត​ឡើង​នៅ​ពេល​មាន​ភាពដ៏តាន​តឹង។​ កូរ៉េខាង​ជើង​ដែល​បាន​សន្យា​ជូន​អំណោយ​ប្រផ្នូល​មិន​ល្អ​ដល់​អាមេរិក​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ បាន​គំរាម​ដើរ​ចេញ​ពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​និង​បន្ត​បង្ក​ហេតុធំៗ​ ដូចជា​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ ឬ​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ។​ សហ​រដ្ឋ​អាមេរិក​ក៏​កំពុង​បង្កើន​សម្ពាធ​បន្តិច​ម្តងៗ​ទៅ​លើ​កូរ៉េខាង​ជើង។ ​

ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ចំណាត់​ថ្នាក់​ជាថ្មី​ថា​ កូរ៉េ​ខាង​ជើង​ជា​ប្រទេស​រំលោភ​សេរីភាព​សាសនា។ ​នៅ​ថ្ងៃ​ដដែល​នោះ​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែរ។​

កូរ៉េខាង​ជើង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​វិធាន​ការ​ចុង​ក្រោយ​ទាំង​នេះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ ប្រទេស​នេះបាន​ជំទាស់​នឹង​បទ​សម្ភាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​លោក ​Nike Ching ​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​នៅ​ក្រសួង​ការ​បរទេស​ បាន​សម្ភាស​លោក​ Robert Destro ​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ​សិទ្ធិ​មនុស្ស​និង​ការងារ៕