យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សម្លាប់ រួចដុតភា្លមៗនូវសពរបស់មន្ត្រីរដ្ឋការកូរ៉េខាងត្បូងមួយរូប ដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទ នៅជិតព្រំដែនសមុទ្រខាងលិចដែលមានជម្លោះរវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ ក្នុងថ្ងៃព្រហស្បតិ៍នេះថា បុរសកូរ៉េខាងត្បូងនោះ ដំបូងឡើយត្រូវបានសាកសួរនៅក្នុងដែនទឹកកូរ៉េខាងជើង មុនពេលលោកត្រូវគេបាញ់សម្លាប់ ជ្រមុជក្នុងប្រេង រួចដុតភ្លើងដោយទាហានពាក់ម៉ាស់លាក់មុខ ដែលទំនងជាទទួលបញ្ជាពីថ្នាក់លើ។ មន្ត្រីកូរ៉េខាងត្បូងមិនបានបញ្ជាក់ថា ខ្លួនទទួលបានព័ត៌មានលម្អិតនេះពីប្រភពណានោះទេ។
មន្ត្រីយោធាកូរ៉េខាងត្បូងបាន «ថ្កោលទោសខ្លាំងក្លា» និងជំរុញកូរ៉េខាងជើងឲ្យ «ដាក់ទោសអ្នកដែលទទួលខុសត្រូវ» ចំពោះរឿងនេះ។ មន្ត្រីរដ្ឋការកូរ៉េខាងត្បូងដែលត្រូវបានសម្លាប់នេះ គឺជាបុរសអាយុ ៤៧ ឆ្នាំម្នាក់ ដែលបម្រើការនៅក្រសួងសមុទ្រនិងនេសាទកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងជឿថា បុរសនោះប្រហែលជាព្យាយាមរត់គេចទៅកូរ៉េខាងជើង ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។
មកទល់នឹងពេលនេះ យោធាកូរ៉េខាងជើងមិនទាន់បានឆ្លើយតបនឹងសំណើសុំព័ត៌មានបន្ថែមពីកូរ៉េខាងត្បូងនៅឡើយទេ។ នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូង។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏មិនអត្ថាធិប្បាយអ្វីជាសាធារណៈអំពីឧប្បទ្ទវហេតុនេះដែរ៕