ក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការពិភាក្សាជាមួយលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ជាការគួរឲ្យសោកស្តាយហើយក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីការប៉ុនប៉ងបង្ខំកូរ៉េខាងជើងជាឯកតោភាគីដើម្បីឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យដែលមិនប្រាប់ឈ្មោះរបស់ក្រសួងការបរទេសកូរ៉េខាងជើងបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ចប់ការពិភាក្សាដែលមានរយៈពេល២ថ្ងៃជាមួយ Kim Yong Chol មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងហើយនិងមន្ត្រីដទៃទៀត។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា លទ្ធផលនៃការពិភាក្សាមានការព្រួយកង្វល់យ៉ាងខ្លាំង ពីព្រោះវាបានផ្តួចផ្តើមនូវដំណាក់ការប្រកបដោយគ្រោះថ្នាក់ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ឆន្ទៈរបស់យើងសម្រាប់ការគ្មានអាវុធនុយក្លេអ៊ែរដែលបានប្រកាន់យក។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើងបានពណ៌នាការពិភាក្សានោះថា ជាការរំខានយ៉ាងខ្លាំង ហើយបានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសរបស់កូរ៉េខាងជើងដែលមិនប្រាប់ឈ្មោះមកចុះផ្សាយថា «មធ្យោបាយដ៏រហ័សបំផុតដើម្បីធ្វើឲ្យសម្រេចនូវឧបទ្វីបកូរ៉េគ្មានគ្មានអាវុធនុយក្លេអ៊ែរតាមរយៈវិធីធ្វើឲ្យលែងមានជាបណ្តើរៗនិងទ្វេភាគី។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានសម្តែងនូវទស្សនៈវិជ្ជមានបន្ទាប់ពីការពិភាក្សានោះ ដោយនិយាយថា ភាគីទាំង២បានធ្វើការសន្ទនាប្រកបដោយផ្លែផ្កាអស់រយៈពេលជាច្រើនម៉ោងហើយមានការជឿនលឿនស្ទើរគ្រប់បញ្ហាសំខាន់ៗ៕