មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានគំរាមប្រើអាវុធនុយក្លេអ៊ែរនិងកម្ទេចកូរ៉េខាងត្បូងជាស្ថាពរបើខ្លួនរងការបង្កហេតុណាមួយ។ ការគំរាមនេះធ្វើឡើង ក្រោយពីមេដឹកនាំកូរ៉េខាងត្បូងបានព្រមានថារបបដឹកនាំរបស់លោក Kim នឹងដួលរលំ បើលោក Kim ប៉ុនប៉ងប្រើអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃសុក្រ។
ក្នុងពេលចុះត្រួតពលនៅអង្គភាពកម្លាំងប្រតិបត្តិពិសេសកាលពីថ្ងៃពុធ លោក Kim ថាយោធារបស់លោក «នឹងប្រើដោយឥតស្ទាក់ស្ទើរនូវកម្លាំងវាយលុកទាំងអស់ដែលខ្លួនមានរួមទាំងអាវុធនុយក្លេអ៊ែរផងដែរ» បើកូរ៉េខាងត្បូងប៉ុនប៉ងប្រើកម្លាំងប្រដាប់អាវុធរំលោភបំពានលើអធិបតេយ្យកូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង។
លោក Kim ថា៖ «បើស្ថានការណ៍បែបនេះមកដល់ នោះនឹងលែងមានទីក្រុងសេអ៊ូលនិងសាធារណរដ្ឋកូរ៉េជារៀងរហូត»។
ការថ្លែងរបស់លោក Kim នេះគឺជាការឆ្លើយតបចំពោះសុន្ទរកថារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងទិវារំឭកស្នាដៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។
ដោយបង្ហាញមីស៊ីលផ្លោង Hyunmoo-5 ដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូងនិងអាវុធផ្សេងៗទៀតដែលអាចដៅលើកូរ៉េខាងជើងបាន លោក Yoon បាននិយាយថាថ្ងៃណាដែលកូរ៉េខាងជើងព្យាយាមប្រើអាវុធនុយក្លេអ៊ែរ ថ្ងៃនោះនឹងជាទីអវសាននៃរដ្ឋាភិបាលរបស់លោក Kim ពីព្រោះលោក Kim នឹងប្រឈមនឹង «ការតបតដ៏មហិមានិងដាច់ខាត» ពីសម្ព័ន្ធភាពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក៕