មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​ដំណើរ​ដល់​ប្រទេស​សិង្ហបុរី

មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong Un ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Changi កាលពី​ថ្ងៃទី​១០ មិថុនា​ ឆ្នាំ ២០១៨។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​មុន​ជំនួប​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អំពី​ការ​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ចូល​មក​ដល់។

នៅ​ពេល​ដែល​លោក Trump និង​លោក Kim Jong Un ជួប​ប្រជុំ​គ្នា​នៅ​លើ​កោះ Sentosa ដែល​ជា​កោះ​រមណីយដ្ឋាន​កម្សាន្ត​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក​នេះ ពួកគេ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ។

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​ជា​សត្រូវ​នឹង​គ្នា​តាំង​ពី​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣ មក​ម្ល៉េះ ហើយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​មិន​ដែល​ជួប​ប្រជុំ​គ្នា ឬ​ក៏​និយាយ​ជាមួយ​គ្នា​តាម​ទូរសព្ទ​ពី​មុន​មក​ទេ។

លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ដល់​ប្រលាន​យន្តហោះ Changi នៃ​ប្រទេស​សិង្ហបុរី និង​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan ដែល​លោក​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ Twitter ដែល​បង្ហាញ​ពី​រូប​លោក​ចាប់​ដៃ​ជាមួយ​នឹង​លោក Kim Jong Un និង​មាន​សារ​សរសេរ​ថា៖ «ស្វាគមន៍​លោក​ប្រធាន Kim Jong Un ដែល​ទើបតែ​មក​ដល់​ប្រទេស​សិង្ហបុរី»។

ចំណែក​ឯ​ក្រុម​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​វិញ ដែល​កំពុងតែ​ធ្វើ​ដំណើរ​ចេញ​ពី​កិច្ច​ប្រជុំ G7 នៅ​ក្នុង​ប្រទេស​កាណាដា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​លោក Trump គ្រោង​នឹង​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​ជិះ​នៅ​លើ​យន្តហោះ Air Force One មាន​ដូចជា​រដ្ឋមន្ត្រី​ការបរទេស​លោក Mike Pompeo ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton ប្រធាន​នាយខុទ្ទកាល័យ​សេតវិមាន​លោក John Kelly និង​អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders៕