មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានទៅដល់ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលគេរំពឹងថា នឹងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ក្នុងការប្រឆាំងទប់ទល់ជាមួយប្រទេសលោកខាងលិច។ នេះបើយោងលើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
មេដឹកនាំកូរ៉េខាងជើងរូបនេះ មានបំណងស្វែងរកជំនួយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាយោធាពីប្រទេសរុស្ស៊ី ហើយជាថ្នូរត្រឡប់វិញ គឺផ្តល់ឱ្យរុស្ស៊ីនូវគ្រាប់រំសេវ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ក្រោយពេលជាច្រើនទសវត្សរ៍នៃទំនាក់ទំនង ដែលមានទាំងល្អនិងអាក្រក់ផងនោះ ប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង បានងាករកគ្នាកាន់តែជិតស្និទ្ធថែមទៀត ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២មក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈកាន់តែប្រសើរ ដោយលោក Putin ត្រូវការជំនួយផ្គត់ផ្គង់សម្រាប់ការធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយលោក Kim កំពុងខ្នះខ្នែងក្នុងការជំរុញភាពជាដៃគូរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងមូស្គូនិងក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ស្របពេលដែលលោកកំពុងព្យាយាមងាកចេញពីភាពឯកោនៃទំនាក់ទំនងការទូត។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង បានផ្សព្វផ្សាយថា លោក Kim បានជិះរថភ្លើងផ្ទាល់ខ្លួនរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ ដោយមានការអម ដំណើរពីក្រុមសមាជិកនៃគណបក្សកាន់អំណាច មន្ត្រីរដ្ឋាភិបាល និងក្រុមមន្ត្រីយោធាកូរ៉េខាងជើងផងដែរ។
ទោះបីជាយ៉ាងនេះក្តី គេមិនបានដឹងពីកន្លែងជាក់លាក់ណាមួយ ដែលលោក Kim នឹងមកដល់ក្នុងប្រទេសរុស្ស៊ីនោះឡើយ។ ប៉ុន្តែមានមនុស្សជាច្រើនបានសន្និដ្ឋានថា លោកKim និងលោក Putin អាចនឹងជួបប្រជុំគ្នាក្នុងទីក្រុង Vladisvostok របស់រុស្ស៊ី ដែលស្ថិតនៅជិតព្រំដែនជាមួយកូរ៉េខាងជើង ដែលជាទីតាំងដែលមេដឹកនាំទាំងពីរធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០១៩នោះ ហើយក៏ជាទីក្រុងដែលលោក Putin ត្រូវទៅធ្វើទស្សនកិច្ចនៅសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចមួយផងដែរ៕
ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —