កូរ៉េខាងជើងបានបាញ់កាំជ្រួចចម្ងាយជិតមួយចំនួន កាលពីថ្ងៃព្រហស្សតិ៍នេះ ដែលមើលទៅហាក់ដូចជាការប្រឆាំងនឹងការដាក់ទណ្ឌកម្មបន្ថែមដែលក្រុមប្រឹក្សាសន្តិសុខអសប បានអនុម័តជាឯកច្ឆ័ននោះ។
ក្រសួងការពារប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតឧប្បត្តិហេតុនោះហើយ។
គេនៅមិនទាន់ដឹងច្បាស់ថាតើកូរ៉េខាងជើងបានបាញ់កាំជ្រួចប៉ុន្មានគ្រាប់ ឬក៏ថាតើកាំជ្រួចទាំងនោះជាកាំជ្រួចបាញ់ចម្ងាយជិតឬទេ ប៉ុន្តែក្រសួងនេះបាននិយាយថាកាំជ្រួចទាំងនោះបានហោះចម្ងាយពី ១០០ ទៅ ១៥០ គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុននោះ។
មន្ត្រីសរអាម្នាក់បានថ្លែងថា សរអានឹងឃ្លាំមើលស្ថានការយ៉ាងដិតដល់ជាបន្ត។
ការបង្ករឿងហេតុបែបនេះ ជាការដែលធ្លាប់បានកើតឡើងពីមុនមក ហើយមិនមែនជាការភ្ញាក់ផ្អើលទេ។ កូរ៉េខាងជើងមានប្រវត្តិ សម្តែងការជំទាស់ជាមួយនឹងការដាក់ទណ្ឌកម្មរបស់អន្តរជាតិ តាមរយៈការបង្ហាញកម្លាំងបាយ ជាជាងការប្រើប្រាស់ផ្លូវការទូតធម្មតា៕