យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់នៅថ្ងៃសុក្រនេះ ដែលជាចំណាត់ការថ្មីបំផុតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីបង្កើតឱ្យមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក។
កូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លីចំនួន២គ្រាប់ទៅសមុទ្រភាគខាងកើតរបស់ខ្លួន រវាងពាក់កណ្តាលថ្ងៃត្រង់នៅថ្ងៃសុក្រនេះ។ នេះបើតាមការជូនដំណឹងមួយរបស់អគ្គសេនាធិការ កងទ័ពកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយថា គ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញពីខេត្ត Gangwon របស់កូរេខាងជើង ដែលមានព្រំប្រទល់ជាប់នឹងកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍នេះ មិនបាននិយាយលម្អិតពីការបាញ់នោះឡើយ។
ចំណែកទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកនៃយោធាសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះ មិនបាននាំឱ្យមានការគំរាមកំហែងបន្ទាន់ណាមួយ ដល់បុគ្គលិកយោធា បូរណភាពទឹកដី ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែបានគូសបញ្ជាក់ពីផលប៉ះពាល់នៃអស្ថិរភាពនៃកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកចំនួន៤៦គ្រាប់រួចហើយនៅក្នុងឆ្នាំ២០២២នេះ ដែលជាចំនួនច្រើនជាងពេលមុនៗទាំងអស់។ ការបាញ់សាកល្បងនេះ បានបំពានទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាមទៅលើសកម្មភាពបាញ់សាកល្បងគ្រាប់មីស៊ីលបាល្លីស្ទិករបស់កូរ៉េខាងជើងនោះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវគេរំពឹងថា នឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងជាការសាកល្បងលើកទី១របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក។
ប្រធានទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់សាកល្បងនុយក្លេអ៊ែរជាថ្មីម្តងទៀតរបស់កូរ៉េខាងជើងនោះ នឹងគឺជាការបញ្ជាក់ចុងក្រោយ ដែលថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ «កំពុងមានសកម្មភាពពេញលេញ ដែលជាការព្រួយបារម្ភដ៏ខ្លាំងមួយ»។
យើងសង្ឃឹមថា ការសាកល្បងនោះនឹងមិនកើតមានឡើងនោះឡើយ ប៉ុន្តែគួរឱ្យសោកស្តាយណាស់ដែលមានសញ្ញាបង្ហាញថា ការសាកល្បងកើតឡើង»។ នេះបើតាមការលើកឡើងរបស់លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)៕
ក្រុង Seoul ប្រទេសកូរ៉េខាងត្បូង —