កូរ៉េ​ខាង​ជើង​សាកល្បង​គ្រាប់​ផ្លោង​បន្ថែម​ទៀត

ពលរដ្ឋមើលការបង្ហោះកាំជ្រួចពីសំណាក់កូរ៉េខាងជើងលើអេក្រង់មួយនៅស្ថានីយរថភ្លើង នៅក្រុងសេអ៊ូល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

គ្រាប់​ផ្លោង​ទាំង​ពីរ​នេះ ដែល​បាន​បាញ់​ចេញ​ពី​តំបន់ Suncheon នៃ​ខេត្ត South Pyongan បាន​ហោះ​បាន​ចម្ងាយ​ប្រហែល ៣៧០ គីឡូម៉ែត្រ និង​ហោះ​បាន​រយៈ​កម្ពស់​ខ្ពស់​បំផុត​ប្រហែល ៩០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់ ដែល​អាច​ជា​គ្រាប់​ផ្លោង​មីស៊ីល សំដៅ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​នៅ​ភាគ​ខាង​កើត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​បាញ់​លើក​នេះ​គឺ​ជា​លើក​ទី ១២ ហើយ​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​នេះ។

ការ​បាញ់​គ្រាប់​ផ្លោង​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​កូរ៉េ​ខាង​ជើង​កំពុង​បង្កើន​ការ​ដាក់​សម្ពាធ​នៅ​មុន​ការ​បរិច្ឆេទ​កំណត់​នៅ​ចុង​ឆ្នាំ​នេះ ដែល​ខ្លួន​បាន​កំណត់​ឲ្យ​សហរដ្ឋ​អាមេរិក​កែប្រែ​វិធីសាស្ត្រ​របស់​ខ្លួន​ចំពោះ​ការ​ចរចា​រឿង​នុយក្លេអ៊ែរ​ដែល​កំពុងតែ​ជាប់​គាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ កាល​ពី​ដើម​សប្ដាហ៍​នេះ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​កាល​បរិច្ឆេទ​នេះ នោះ​វា​គឺ​ជា «កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ‍»។

គ្រាប់​ផ្លោង​ទាំង​ពីរ​នេះ ដែល​បាន​បាញ់​ចេញ​ពី​តំបន់ Suncheon នៃ​ខេត្ត South Pyongan បាន​ហោះ​បាន​ចម្ងាយ​ប្រហែល ៣៧០ គីឡូម៉ែត្រ និង​ហោះ​បាន​រយៈ​កម្ពស់​ខ្ពស់​បំផុត​ប្រហែល ៩០ គីឡូម៉ែត្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

មន្ត្រី​ជប៉ុន​បាន​និយាយ​ថា គ្រាប់​ផ្លោង​ទាំង​ពីរ​នេះ​ប្រហែល​ជា​គ្រាប់​ផ្លោង​មីស៊ីល ហើយ​គ្រាប់​ផ្លោង​នេះ​បាន​ធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេសនៃ​សមុទ្រ​របស់​ជប៉ុន ដែល​លាត​សន្ធឹង​ចម្ងាយ ៣៧០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​របស់​ជប៉ុន។

តាំង​ពី​ដើម​ខែ​ឧសភា​មក ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល ១២ ដង​រួច​មក​ហើយ បន្ទាប់ពី​បាន​ផ្អាក​ឈប់​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ដូច​នេះ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក។ អ្នក​វិភាគ​អះអាង​ថា ការ​បាញ់​សាកល្បង​នេះ​ប្រហែល​ជា​ធ្វើ​ឡើង​យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​គឺ​ដើម្បី​បង្កើន​ឥទ្ធិពល​ចរចា​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ពិភាក្សា​គ្នា ៣ លើក​រួច​មក​ហើយ​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ប៉ុន្តែ​មិន​សម្រេច​បាន​ដំណើរ​វិវឌ្ឍ​ណា​មួយ​អំពី​ការ​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ៕