ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់នៅព្រឹកថ្ងៃចន្ទនេះ ដោយខ្លួនបានបញ្ជាក់ភ្លាមៗយ៉ាងច្បាស់ថាជាការសងសឹកចំពោះការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។ សមយុទ្ធរបស់សហរដ្ឋអាមេរិកជាមួយនឹងកូរ៉េខាងត្បូងនោះមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ពីរគ្រឿង និងយន្តហោះចម្បាំងបំបាំងកាយ F-35។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ដោយមិនបង្អែរបង្អង់យូរថា ការធ្វើសមយុទ្ធបាញ់រ៉ុក្កែតជាច្រើនគ្រាប់ពីតំបន់ជួរមុខនៅភាគខាងលិចនេះមានបំណងបាញ់រ៉ុក្កែតដែលមានអង្កត់ផ្ចិត ៦០០ មីលីម៉ែត្រចំនួនពីរគ្រាប់សំដៅគោលដៅដែលមានចម្ងាយ៣៩៥ គីឡូ ម៉ែត្រនិង ៣៣៧ គីឡូម៉ែត្រនៅភាគខាងកើត។
ទីភ្នាក់ងារព័ត៌មាននេះបានបន្ថែមថា គ្រាន់តែរ៉ុក្កែតនេះតែ៤គ្រាប់ប៉ុណ្ណោះ គឺអាចបំផ្លាញវាលយន្តហោះមួយបាន ដោយសាររ៉ុក្កែតនេះអាចបន្តុបអាវុធនុយក្លេអ៊ែរកលយុទ្ធបាន។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានចាប់សញ្ញាគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ដែលបាញ់នៅចន្លោះម៉ោង៧ព្រឹកទៅម៉ោង៧ និង ១១ នាទីព្រឹកចេញពីតំបន់ Sukchon នៅភាគខាងជើងរដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។
លោកស្រី Kim Yo Jong ដែលជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េរបស់ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃចន្ទនេះថា៖ «យើងដឹងយ៉ាងច្បាស់អំពីសកម្មភាពរបស់មធ្យោបាយវាយប្រហារបែបយុទ្ធសាស្ត្រនៃកងកម្លាំងសហរដ្ឋអាមេរិកដែលធ្វើឡើងកាលពីពេលថ្មីៗនេះនៅជុំវិញឧបទ្វីបកូរ៉េ»។
លោកស្រីបានបន្ថែមថា៖ «ភាពញឹកញាប់នៃការប្រើតំបន់ប៉ាស៊ីហ្វិកជារង្វង់នៃការបាញ់របស់យើងគឺអាស្រ័យលើសកម្មភាពរបស់កងកម្លាំងសហរដ្ឋអាមេរិក»៕