កូរ៉េខាងជើងបានបាញ់បង្ហោះអ្វីដែលគេសង្ស័យថា ជាកាំជ្រួចមីស៊ីលបាល់លីស្ទិកមួយទៀតនៅថ្ងៃអង្គារនេះ ដែលជាការសាកល្បងអាវុធដ៏សំខាន់លើកទី ២ របស់ខ្លួននៅឆ្នាំនេះ។ នេះបើតាមរដ្ឋាភិបាលកូរ៉េខាងត្បូងនិងជប៉ុន។
យោធារបស់កូរ៉េខាងត្បូង បាននិយាយថា កាំជ្រួចកូរ៉េខាងជើង ទំនងបានបង្ហាញនូវសមត្ថភាពកាន់តែប្រសើរឡើង បើប្រៀបធៀបទៅនឹងការបាញ់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កូរ៉េខាងជើងបានអះអាងពីការសាកល្បងប្រកបដោយជោគជ័យនៃ«កាំជ្រួចមីស៊ីលលឿនជាងសំឡេង៥ដង ដែលទើបអភិវឌ្ឍថ្មី» ថ្វីបើរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា ការអះអាងនេះជាការបំផ្លើសក៏ដោយ។
ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា កាំជ្រួចមីស៊ីលចុងក្រោយនេះ បានហោះចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងកម្ពស់អតិបរមា ៦០ គីឡូម៉ែត្រ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងទៀតថា កាំជ្រួចមីស៊ីលនោះ ត្រូវបានបាញ់បង្ហោះនៅតំបន់ភាគឦសាន្តដដែលដែលជាកន្លែងសាកល្បងកាលពីសប្តាហ៍មុន។
កាំជ្រួចមីស៊ីលនោះ បានធ្លាក់នៅក្នុងសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន ដោយមិនមានសេចក្តីរាយការណ៍ពីការខូចខាត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Kyodo នៃប្រទេសជប៉ុននៅថ្ងៃអង្គារនេះ។
ការសាកល្បងនៅពេលថ្មីៗបំផុតនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានប្រជុំសម្ងាត់មួយដើម្បីពិភាក្សាអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
នៅក្នុងជំនួបនោះ សហរដ្ឋអាមេរិកនិងប្រទេសជាសមាជិក៥ផ្សេងទៀតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសការសាកល្បងនោះដោយនិយាយថា ការសាកល្បងទាំងនោះ «បណ្តាលឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពនៅក្នុងតំបន់»។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះ បានហៅការបាញ់បង្ហោះនោះថា ជា«ការគួរឲ្យសោកស្តាយបំផុត»។ ក្រុមប្រឹក្សាសន្តិសុខរបស់កូរ៉េខាងត្បូង ក៏បានសម្តែងនូវ«ការសោកស្តាយយ៉ាងខ្លាំងដែរ»៕