អាមេរិក​និង​សម្ព័ន្ធមិត្ត​ថា​ការ​ប្រឡូក​របស់​កូរ៉េ​ខាង​ជើង​នៅ​អ៊ុយក្រែន​ជា «ការ​ពង្រីក​ដ៏​គ្រោះថ្នាក់» នៃ​សង្គ្រាម

រូបឯកសារ៖ អេក្រង់ទូរទស្សន៍បង្ហាញរូបភាពទាហានកូរ៉េខាងជើងអំឡុងពេលកម្មវិធីព័ត៌មាននៅស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ប្រទេស​ចំនួន ១០ និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ​ការ​ប្រឡូក​កាន់តែ​ខ្លាំងឡើង​របស់​កូរ៉េ​ខាងជើង​នៅក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ថា​ជា «ការ​ពង្រីក​ដ៏​គ្រោះថ្នាក់» នៃ​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សហរដ្ឋ​អាមេរិក។

កូរ៉េ​ខាងជើង​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​ជួយ​រុស្ស៊ី​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​ទាំង​ការ​បញ្ជូន​ទាហាន​ទៅកាន់​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ជាប់​ព្រំដែន​អ៊ុយក្រែន​ផងដែរ ដែល​នៅ​ទីនោះ​អ៊ុយក្រែន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​យុទ្ធជន​អ៊ុយក្រែន​បាន​សម្លាប់​ឬ​ក៏​ធ្វើ​ឲ្យ​របួស​ទាហាន​កូរ៉េ​ខាងជើង​យ៉ាងតិច ៣០ នាក់។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​បញ្ជាក់​ថា៖ «ការ​គាំទ្រ​ដោយ​ផ្ទាល់​របស់​កូរ៉េ​ខាងជើង​ចំពោះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​គឺជា​ការ​ពង្រីក​ដ៏​គ្រោះថ្នាក់​នៃ​សង្គ្រាម​នេះ ដោយ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ទ្វីប​អឺរ៉ុប​និង​សន្តិសុខ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ​ខាងត្បូង នូវែលសេឡង់ ចក្រភព​អង់គ្លេស ​សហរដ្ឋ​អាមេរិក និង​អ្នក​តំណាង​ជាន់ខ្ពស់​មកពី​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​នេះ។

ពួកគេ​ក៏​បាន​លើកឡើង​ផងដែរ​ថា ពួកគេ​មាន «ក្ដី​បារម្ភ​ជ្រាលជ្រៅ​អំពី​ការ​គាំទ្រ​ណាមួយ​ផ្នែក​នយោបាយ យោធា ឬ​ក៏​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​អាច​ផ្ដល់​ដល់​កម្មវិធី​អាវុធ​ខុស​ច្បាប់​របស់​កូរ៉េ​ខាងជើង ដែល​ក្នុង​នោះ​រួម​ទាំង​អាវុធ​ប្រល័យ​លោក​ផងដែរ»។

ភាគី​ហត្ថលេខី​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា ពួកគេ «ថ្កោលទោស​ខ្លាំងក្លា​បំផុត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា​កើនឡើង [រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង]» ដែល​ក្នុង​នោះ​រួម​ទាំង «ការ​ដាក់​ពង្រាយ​ទាហាន​កូរ៉េ​ខាងជើង​នៅ​រុស្ស៊ី​ដើម្បី​ប្រើ​នៅ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​នឹង​អ៊ុយក្រែន​ផងដែរ»។

ភាគី​ហត្ថលេខី​ទាំងនោះ​បាន​បន្ថែម​ថា៖ «យើង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ជំនួយ​ទាំងអស់​សម្រាប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន ដែល​រួម​មាន​ទាំង​ការ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ផងដែរ»៕